រតនគិរី៖ រដ្ឋបាលខេត្តរតនគិរីបានបើកកិច្ចប្រជុំស្តីពី បទបង្ហាញ និងពិភាក្សាអំពីទិន្នន័យបច្ចុប្បន្ន ភាពប្លង់គោលក្រុងបានលុង។កិច្ចប្រជុំប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្ដម ថង សាវុន អផិបាលខេត្តនិង ឯកឧត្ដម ប៉េងសុជាតិ ខេមរ៉ូ អគ្គនាយក លំនៅដ្ឋាននៃក្រសួងរៀបចំដែនដីនគររូបនីកម្មសំណង់សុរិយោដី។

មានប្រសាសន៍ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះឯកឧត្ដម ថង សាវុន អភិបាលខេត្តរតនគិរីនៅព្រឹកថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២១បានបញ្ជាក់ថា កន្លងមកនេះការអភិវឌ្ឍន៍នានាក្នុងក្រុងបានលុងពុំសូវបានគិតគូរអោយស៊ីជម្រៅ និង មានប្រសិទ្ធភាពទៅលើវិស័យដែលពាក់ព័ន្ធនិងការអភិវឌ្ឍន៍នោះទេ។ ចង់ឫ មិនចង់វាបានធ្វើអោយមានឥទ្ធិពលមិនល្អដល់ការគ្រប់គ្រងជាទូទៅ និងតម្រូវការរស់នៅរយៈពេលវែងរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម បន្តថា ដូច្នេះការរៀបចំប្លង់គោលប្រើប្រាស់ដីក្រុងបានលុង ដែលត្រូវរៀបចំជាសេណារីយោនៃការអភិវឌ្ឍន៍ដោយគិតទាំងកំណើនប្រជាពលរដ្ឋចាប់ពីពេលបច្ចុប្បន្ននិងការប៉ាន់ប្រមាណពីតម្រូវការប្រើប្រាស់ដីលំដ្ឋាននៅពេលអនាគត ការវិភាគពីទំនោរនៃការអភិវឌ្ឍន៍ជាដើម។

ឯកឧត្ដមបន្ថែមទៀតថា សំខាន់ក្រុងត្រូវយកចិត្តទុកដាក់ព្យាយាមរៀបចំគម្រោងបណ្ដាញផ្លូវថ្នល់ ទឹក ធារាសាស្ត្រ និងទីតាំងគ្រប់គ្រងសំរាមចំណតរថយន្ត ទីតាំងកីឡាដ្ឋាន និងទីតាំងលំហែកាយដើម្បីឆ្លើយតបទៅនិងជីវភាពរស់នៅរបស់ប្រជាជន។

ឯកឧត្ដម ប៉េងសុជាតិ ខេមរ៉ូ បានគូសបញ្ជាក់ថា ការកសាងប្លង់គោលប្រើប្រាស់ដីក្រុងបានលុង បានអនុវត្តតាមគោលការណ៍នៃការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីធានានូវការឯកភាពគ្នាទៅអនាគត។

ឯកឧត្ដមបានសំណូមពរអោយក្រុមការងារស្នូលកសាងប្លង់គោលក្រុងបានលុងត្រូវបន្តខិតខំប្រឹងប្រែងកសាងផែនការនេះអោយបានសម្រេចដូចការគ្រោងទុក តាមខ្លឹមសារនៃការកសាងផែនការប្លង់គោលអោយបានត្រឹមត្រូវ និងទាន់ពេលកំណត់ដើម្បីជាជំនួយដល់តម្រូវការនៃគ្រប់វិស័យទាំងអស់៕

#អរគុណសន្តិភាព