ប្រទេសចិន៖ ចាប់ផ្ដើមរំកិលខ្លួន ឆ្ពោះទៅរកដំណាក់កាលប្រក្រតីឡើងវិញ ក្នុងការធ្វើដំណើរឆ្លងប្រទេស ដោយបានកែសម្រួល បន្ថយដំណាក់កាលក្នុងការសុំទិដ្ឋាការ ឬ Visa ចូលប្រទេសចិន សម្រាប់ជនបរទេសណាដែលចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដែលអភិវឌ្ឍដោយក្រុមហ៊ុនចិន។
កាលពីពេលរសៀល ថ្ងៃទី១៥ មីនា លោក ចាវ លីចៀន អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងព័ត៌មាន ពាក់ព័ន្ធនឹងការកាត់បន្ថយដំណាក់កាល ក្នុងការធ្វើដំណើរចូលមកប្រទេសចិន ដែលស្មុគស្មាញកាលពីពេលមុន ដោយសារតែវិធានការគ្រប់គ្រងជំងឺរាតត្បាត តែសម្រាប់អ្នកដែលបានទទួលការចាក់វ៉ាក់សាំងរបស់ចិនរួចហើយ គ្រាន់តែបង្ហាញលទ្ធផល ការពិនិត្យរកមេរោគកូវីដ-១៩ ដែលអវិជ្ជមានតែប៉ុណ្ណោះ។
អ្នកនាំពាក្យចិន រូបនេះ មិនបានផ្ដល់សេចក្ដីលម្អិត ទាក់ទងនឹងការកែសម្រួលដំណាក់កាល ឱ្យងាយស្រួលឡើង សម្រាប់អ្នកធ្វើដំណើរចូលប្រទេសចិន ដែលចាក់វ៉ាក់សាំងរួចហើយនេះទេ ដោយគ្រាន់តែថ្លែងថា “អ្នកដំណើរ នឹងត្រូវប្រតិបត្តិតាមច្បាប់បង្ខាំងនៅដោយឡែក និងតាមដានអាការ បន្ទាប់ពីធ្វើដំណើរមកដល់ចិនហើយ”

ចំណែកមន្ត្រីប្រចាំស្ថានទូតចិន ក្នុងប្រទេសហ្វ៊ីលីពីន បានឱ្យដឹងក្នុងថ្ងៃជាមួយគ្នានោះ(ទី១៥មីនា)ថា ប្រទេសចិនកំពុងវិលត្រឡប់ ទៅរកដំណាក់កាលការសុំទិដ្ឋាការ ចូលប្រទេសបែបប្រក្រតី ដូចកាលពីពេលមុនកើតជំងឺរាតត្បាតកូវីដ-១៩ សម្រាប់អ្នកដែលបានទទួលវ៉ាក់សាំងគ្រប់ដូសរួចហើយ។
កាលពីពេលមុនហ្នឹង(ថ្ងៃសៅរ៍ ទី១៣មីនា) ប្រទេសចិន បានប្រកាសកែសម្រួលដំណាក់កាល ដែលកាន់តែងាយស្រួលឡើងក្នុងការសុំទិដ្ឋាការ សម្រាប់ជនបរទេសណាដែលបានទទួលការចាក់វ៉ាក់សាំងរួចហើយ និងត្រូវការធ្វើដំណើរចូលទីក្រុងហុងកុង។
ខណៈនេះ ប្រទេសចិន កំពុងនាំចេញវ៉ាក់សាំងទៅកាន់ប្រទេសផ្សេងៗ ដោយស្ទើរតែទាំងអស់ គឺជាក្រុមប្រទេសសេដ្ឋកិច្ចកើតថ្មី ឬកំពុងអភិវឌ្ឍន៍។ សកម្មភាពនេះ បានធ្វើឱ្យសហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន និងអ្នកផលិតវ៉ាក់សាំងចម្បងគេរបស់ពិភពលោក គឺប្រទេសឥណ្ឌា បានប្រកាសផែនការចែកចាយជួយសង្គ្រោះផ្នែកវ៉ាក់សាំង ឱ្យទៅក្រុមប្រទេសនៅក្នុងទ្វីបអាស៊ី ក្រោមចរន្តការប្រកួតប្រជែងដណ្ដើមប្រជាប្រិយភាព ដែលគេនាំគ្នាហៅថា “ការទូតវ៉ាក់សាំង។
សម្រាប់ស្ថានការណ៍ឆ្លងរាលដាលមេរោគកូវីដ-១៩ នៅក្នុងប្រទេសចិនវិញ តាមរយៈការថ្លែងព័ត៌មានលើកចុងក្រោយបំផុតរបស់ស្ថាប័នគ្រប់គ្រងជំងឺ និងរោគរាតត្បាតនៃប្រទេសចិន បានបញ្ជាក់ថា រកឃើញអ្នកឆ្លងមេរោគថ្មី ត្រឹមតែ ៥នាក់ប៉ុណ្ណោះកាលពីថ្ងៃអាទិត្យ(ទី១៤មីនា) ដោយអ្នកឆ្លងទាំងអស់នោះ ជាអ្នកដំណើរមកពីក្រៅប្រទេស ឬករណីឆ្លងមេរោគនាំចូល៕
ប្រភព៖ សាព័ត៌មានបរទេស
ប្រែ និងសម្រួលដោយ តាវ៉ែនតា
#អរគុណសន្តិភាព