ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី ០៧ខែឧសភានេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំអាជ្ញាធរខណ្ឌ និង សង្កាត់ ចុះទៅធ្វើការសម្របសម្រួលជាមួយបងប្អូនកម្មករ ដោយបានបញ្ចប់ភ្លាមៗតែម្តង ពាក់ព័ន្ធនឹងករណីឡើងថ្លៃឈ្នួលបន្ទប់។

ការចុះទៅដោះស្រាយភ្លាមៗនេះក្រោយទទួលបានព័ត៌មាន ពីបងប្អូនកម្មករកម្មការិនី ដែលរស់នៅក្នុងផ្ទះជួលតាមបណ្តោយផ្លូវ វេងស្រេង ស្ថិតនៅក្នុងភូមិ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលមានការខ្វះខាតស្បៀងអាហារនិងមានបញ្ហាពាក់ព័ន្ធនឹងតម្លៃផ្ទះជួលផងដែរ។
តាមប្រភពព័ត៌មានដែលបានបង្ហាញតាមរយៈបណ្ដាញសង្គម ជុំវិញបងប្អូនកម្មករកម្មការិនីដែលរស់នៅទីនោះ បានបញ្ជាក់ថា កម្មករ កម្មការិនី បានជួលបន្ទប់ជួលនៅទីតាំងខាងលើចំនួន៤៧០បន្ទប់ ហើយក្រោយពីមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ម្ចាស់ផ្ទះជួល បានបញ្ចុះតម្លៃជួល២០ដុល្លារក្នុងមួយបន្ទប់ ជូនបងប្អូនកម្មករ ដើម្បីរំលែកការលំបាករបស់បងប្អូន ខណៈដែលរោងចក្រត្រូវបាន បិទទ្វាដែរនោះ ។ តែក្នុងរយៈពេលចុងក្រោយនេះ ពោលគឺក្រោយពីរាជរដ្ឋាភិបាលបានបើកឲ្យមានការធ្វើចរាចរណ៍ឡើងវិញ ម្ចាស់ផ្ទះជួល បានឡើងថ្លៃដូចដើមវិញ ដែលធ្វើឲ្យបងប្អូនកម្មករ កម្មការិនីដែលរស់នៅតំបន់ក្រហម និងមិនទាន់មានការងារធ្វើវិញផងនោះ កើតទុក្ខមិនសុខចិត្តចំពោះការឡើងថ្លៃនេះ ។ ក្រោយពីមានការសម្របសម្រួលពីអាជ្ញាធររាជធានីភ្នំពេញ ម្ចាស់ផ្ទះជួល បានយល់ព្រម ជាមួយអាជ្ញាធរ ដោយបញ្ចុះតម្លៃ២០ដុល្លារនេះដូចដើមវិញ ។

ជាមួយគ្នានោះដែរ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីក៏បានជួយឧបត្ថម្ភ បងប្អូនកម្មករកម្មការិនីទាំង ៤៧០បន្ទប់នោះ ដោយក្នុងមួយបន្ទប់ ទទួលបានអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នូវអង្ករមួយបាវទម្ងន់២៥គីឡូក្រាម មីមួយកេស ត្រីខ១០កំប៉ុងនិងទឹកត្រី១យួរ ហើយអំណោយទាំងនេះ នឹងយកទៅចែកជូនទៅដល់មុខ បន្ទប់ជួលរបស់បងប្អូនកម្មករតែម្ដង ។ បន្ថែមពីលើនេះទៀត ចំពោះតម្លៃភ្លើងអគ្គិសនី អភិបាលរាជធានីភ្នំពេញ បានសម្របសម្រួល ឲ្យបងប្អូនកម្មករ ជំពាក់ជាបំណុលសិន ចាំពេលក្រោយយើងនឹងមានការដោះស្រាយបំណុលនេះវិញ៕
#អរគុណសន្តិភាព