បរទេស៖ កាលពីថ្ងៃទី១០ ឧសភា សារព័ត៌មាន Daily Mail បានរាយការណ៍ពីប្រធានបទជជែកតវ៉ាគ្នាយ៉ាងទូលំទូលាយ ក្រោយពីវេបសាយ news.com ប្រព័ន្ធផ្សព្វផ្សាយរបស់អូស្ត្រាលី បានបង្ហាញឯកសារដែលសរសេរដោយក្រុមអ្នកវិទ្យាសាស្ត្រ និងមន្ត្រីសុខភាពសាធារណៈ កាលពីឆ្នាំ2015 ដែលមានការកត់សម្គាល់ថា វីរុសកូរ៉ូណាប្រភេទក្រុម ដែលបង្កអាការខាងផ្លូវដង្ហើមបន្ទាន់ធ្ងន់ធ្ងរ (SARS Corona Virus) គឺជា “អាវុធពូជមេរោគនាយុគសម័យថ្មី” ដែលអាចកែច្នៃ ឱ្យក្លាយទៅជាជំងឺឧប្បត្តិថ្មី១ របស់មនុស្ស ហើយបន្ទាប់ពីនោះ នឹងធ្វើឱ្យក្លាយជាអាវុធ និងបញ្ចេញសាយភាយទៅក្នុងពិភពលោក។
ឯកសារក្នុងឈ្មោះដើមកំណើត ដែលខុសពីធម្មជាតិរបស់ជំងឺសារស៍ និងវីរុសប្រភេទថ្មី ដែលមនុស្សបង្កើតឡើង ក្នុងរូបបែបជាអាវុធជីវសាស្ត្រខាងពូជមេរោគ បានបញ្ជាក់ថា សង្គ្រាមលោកលើកទី៣ នឹងប្រយុទ្ធតតាំងគ្នាដោយអាវុធជីវសាស្ត្រ ខុសពីសង្គ្រាមលោកលើកទី១ និងទី២ និងថែមទាំងបានរៀបរាប់ទៀតថា ក្រុមអ្នកវិទ្យាសាស្ត្រខាងកិច្ចការយោធារបស់ប្រទេសចិន បានពិភាក្សាគ្នាពាក់ព័ន្ធនឹងការបំពាក់អាវុធដោយមេរោគសារស៍ វីរុសកូរ៉ូណា តាំងពី ៥ឆ្នាំមុននឹងមានការរាតត្បាតរបស់ជំងឺកូវីដ-19 ទៅទៀត។

លោក ពីទ័រ ចេននីងស៍ អគ្គនាយកស្ថាប័ននយោបាយយុទ្ធសាស្ត្រនៃប្រទេសអូស្ត្រាលី (ASPI) បានផ្ដល់បទសម្ភាសជាមួយ នីវស៍ ដត់ ខំ ថា ឯកសារនេះ គឺជាភ័ស្តុតាងដែលបញ្ជាក់ច្បាស់បំផុតតាមដែលយើងធ្លាប់មានកន្លងមក។
លោកចេននីងស៍ បានចង្អុលបង្ហាញថា «ខ្ញុំគិតថា នេះជារឿងសំខាន់ណាស់ ព្រោះវាបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា អ្នកវិទ្យាសាស្ត្រចិន មានគំនិតក្នុងការច្នៃប្រឌិត ប្រើប្រភេទពូជផ្សេងៗរបស់វីរុសកូរ៉ូណា ក្នុងវិស័យយោធា ហើយគិតថា នឹងនាំយកមកប្រើការយ៉ាងដូចម្ដេច? វាចាប់ផ្ដើមមើលឃើញកាន់តែច្បាស់ឡើង អំពីភាពអាចទៅរួចថា អ្វីដែលយើងកំពុងប្រឈមនេះ អាចជាការបញ្ចេញមេរោគដោយមិនបានតាំងចិត្ត (មិនមានចេតនា) ដើម្បីប្រើប្រាស់ក្នុងកិច្ចការយោធា»
ហើយថា មិនទាន់អាចអធិប្បាយបាននៅឡើយថា ហេតុអីទើបចិនមិនពេញចិត្ត ឬស្ម័គ្រចិត្តឱ្យអង្គភាពពីខាងក្រៅ ចូលទៅស៊ើបអង្កេតស្វែងរកដើមកំណើតរបស់ជំងឺកូវីដ-19 ព្រោះបើសិនជាករណីឆ្លងរាលដាលចេញពីផ្សារលក់អាហារស្រស់មែននោះ ចិនគួរតែផ្ដល់ការសហការតាមសម្រួលយ៉ាងល្អ។

ចំណែកលោក រ៉ូប៊ើត ផត់ទើរ អ្នកជំនាញការផ្នែកសុវត្ថិភាពខាងសៃប៊ើរ អ្នកវិភាគឯកសារដែលបែកធ្លាយរបស់រដ្ឋបាលចិន បានត្រួតពិនិត្យឯកសារ និងនិយាយថា ជាឯកសារពិត «យើងបានចំណុចសរុប ដែលប្រាកដច្បាស់ក្នុងចិត្តបំផុតថា វាជាឯកសារពិត មិនមែនជារបស់ក្លែងក្លាយទេ ឯកសារនេះ បានបង្ហាញខ្លួនឡើងនៅក្នុងអំឡុង ៥ឆ្នាំកន្លងទៅ ហើយពួកគេ (ចិន) បានព្យាយាមក្នុងការលុបវាចោល តែពេលនេះ វាត្រូវបានរកឃើញហើយ» លោកផត់ទើរ បានថ្លែងបែបនេះនៅចុងបញ្ចប់៕
ប្រភព៖ សាព័ត៌មានបរទេស
ប្រែ និងសម្រួលដោយ តាវ៉ែនតា
#អរគុណសន្តិភាព