You are currently viewing មន្ត្រី​ជំនាញ​បាន​រកឃើញ​អាល់កុល​ក្លែងក្លាយ ឬ​មេ​តា​ណុល​ជិត ១២តោន បាន​នាំយកទៅ​បំផ្លាញចោល ក្រោយ​បង្ក្រាបបាន​នៅ​ទីផ្សារ

មន្ត្រី​ជំនាញ​បាន​រកឃើញ​អាល់កុល​ក្លែងក្លាយ ឬ​មេ​តា​ណុល​ជិត ១២តោន បាន​នាំយកទៅ​បំផ្លាញចោល ក្រោយ​បង្ក្រាបបាន​នៅ​ទីផ្សារ

ភ្នំ​ពេញ៖ឯកឧត្តម ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «ក.ប.ប.» បាន​ណែនាំ​ឱ្យ​មន្ត្រីក្រោមឱវាទ​ទាំងអស់ បង្កើន​សកម្មភាព​ត្រួតពិនិត្យ​គុណភាព​អាល់កុល ដែល​កំពុង​ចរាចរ​ដាក់លក់ និង​ចែកចាយ​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស។

ជាក់ស្តែង នៅ​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ មន្ត្រី​អគ្គនាយកដ្ឋាន ក.ប.ប. បាន​នាំយក​អាល់កុល​ក្លែងក្លាយ ឬ​មេ​តា​ណុល​ប្រមាណ​ជិត ១២តោន ទៅ​បំផ្លាញចោល​នៅ​ទីលាន​ចាក់សំរាម ដែល​ស្ថិតនៅក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

ពិធី​បំផ្លាញចោល​នេះ ត្រូវបាន​រៀបចំឡើង​ដោយមាន​ការឯកភាព​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​មន្ត្រីរដ្ឋបាល​ខណ្ឌដង្កោ​ផងដែរ។

សារធាតុ​មេ​តា​ណុល​ទាំងនេះ ត្រូវបាន​មន្ត្រី នៃ​អគ្គនាយកដ្ឋាន ក.ប.ប. ត្រួត​ពិនិត្យឃើញ និង​រឹបអូស​ពី​តាម​បណ្តា​ឃ្លាំង​ស្តុក មធ្យោបាយ​ដឹកជញ្ជូន និង​បណ្តា​ឱសថស្ថាន​នានា​ក្នុង​រាជធានី​ភ្នំពេញ។

អាល់កុល ឬ​អេតាណុល គឺជា​សារធាតុ​ដែល​គេ​យកមកប្រើ​សម្រាប់​សម្លាប់​មេរោគ ពិសេស​ក្នុងដំណាក់កាល​ដែល​ដែល​ជំងឺ​កូ​វីដ-១៩ កំពុង​រីក​រាលដាល​ខ្លាំង ធ្វើឱ្យ​តម្រូវការ​អាល់កុល​មានការ​កើនឡើង​ខ្ពស់ ជាហេតុ​នាំឱ្យមាន​បុគ្គល​ឆ្លៀតឱកាស​មួយចំនួន បាន​បន្លំ​យក​សារធាតុ​មេ​តា​ណុល (Methanol) មក​លក់​ជូន​ប្រជាពលរដ្ឋ​ដើម្បី​យកទៅ​សម្លាប់​មេរោគ ឬ​ធ្វើជា​សារធាតុ​ផ្សំ​សម្រាប់​ផលិត​ជែ​ល​សម្លាប់​មេរោគ​ជាដើម។

សារធាតុ​គីមី​មេ​តា​ណុល​គឺជា​សារធាតុពុល ដែល​គេ​ច្រើន​ប្រើ​ធ្វើជា​សារធាតុ​សម្រាប់​រំលាយ។ ការប្រើប្រាស់​មេ​តា​ណុល​ធ្វើជា​សារធាតុ​សម្លាប់​មេរោគ មិន​ត្រឹមតែ​មិនមាន​ប្រសិទ្ធភាព​ក្នុងការ​សម្លាប់​មេរោគ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បណ្តាលឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ប្រើ ដូចជា​បណ្តាលឱ្យ​រលាក​ស្បែក រលាក​ភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយដេក បាត់បង់​ស្មារតី ក្អួតចង្អោរ រំខាន​ដល់​ការរំលាយ​អាហារ ឬ​អាច​បណ្តាល​ឱ្យស្លាប់​បាន​ប្រសិនបើ​យកទៅ​លាយ​ជាមួយ​ស្រា ហើយ​បរិភោគ​លើស​កម្រិត៕

#អរគុណសន្តិភាព

Leave a Reply