បរទេស៖ ហ្គេម ព្រីមៀរ លីគ អង់គ្លេស ការប្រកួតនៅសល់រវាង មែន-យូ នឹងលីវើរភូល ដែលនឹងត្រូវចូលធ្វើការប្រកួតនៅយប់ថ្ងៃទី១៣ ឧសភា (យប់មិញ) ដែលបានពន្យារពេលប្រកួតមកពីថ្ងៃទី២ ឧសភានោះ នៅតែជួបបញ្ហាឥតឈប់ឈរដដែល ដោយសារតែការចេញមកធ្វើការប្រមូលផ្ដុំគ្នាតវ៉ារបស់អ្នកគាំទ្រ “បិសាចក្រហម” ដើម្បីបណ្ដេញត្រកូល ហ្គ្លេហ្ស៊ើរ” ចេញពីក្លិប។

ចុងក្រោយបំផុតនេះ កាលពីថ្ងៃទី១៣ ឧសភា ម្សិលមិញ ភាពច្របូលច្របល់នៅក្នុងការប្រកួត “ក្រហមប៉ះក្រហម” រវាងក្រុម មែនឆេស្ទើរ យូណៃធិត ជួប លីវើរភូល នៅតែកើតមានជាបន្តបន្ទាប់ ក្រោយពីកាលពេលមុននេះ អ្នកគាំទ្រ “បិសាចក្រហម” បានយករថយន្តផ្ទាល់ខ្លួនរបស់ពួកគេ ទៅចតឃាំងផ្លូវ មិនឱ្យរថយន្ត Bus របស់កីឡាករ “ហង្សក្រហម” ធ្វើដំណើរទៅកាន់ទីលាន អូល ថ្រេសហ្វហ្វ៉ត បានឡើយ។

ទោះបីជាអាជ្ញាធរ និងភ្នាក់ងារប៉ូលិស បានចូលមកសម្រួលស្ថានការណ៍ ឱ្យរថយន្ត Bus កីឡាករលីវើរភូល បានធ្វើដំណើរទៅកាន់ អូល ថ្រាសហ្វហ្វ៉ត បានក្ដី តែចុងក្រោយនេះ អ្នកគាំទ្ររបស់ក្រុម “បិសាចក្រហម” នៅតែធ្វើដំណើរមកប្រមូលផ្ដុំគ្នានៅខាងមុខទីតាំងរបស់ក្រុមដែលពួកគេស្រឡាញ់ ដើម្បីធ្វើការប្រឆាំងតវ៉ាបណ្ដេញ “ត្រកូលហ្គ្លេហ្ស៊ើរ” ឱ្យចេញផុតពីក្លិប តាមគោលបំណងដើមរបស់ពួកគេដដែល។

អ្នកគ្រប់គ្រងក្លិប មែន-យូណៃធិត បានព្យាយាមទប់ទល់ស្ថានការណ៍ការប្រឆាំងតវ៉ារបស់ហ្វូងអ្នកគាំទ្រ ដោយមានការបន្ថែមកម្លាំងប៉ូលិស លើកកម្ពស់ការគ្រប់គ្រងសុវត្ថិភាព មិនឱ្យក្រុមអ្នកតវ៉ាចូលទៅបង្កការរំខាននៅក្នុងទីលានបានឡើយ ដោយប្រើផ្ទាំងរបាំងជាច្រើនមកដាក់ឃាំងពីមុខផ្លូវចូល បរិវេណខាងមុខទីលាន អូល ថ្រាហ្វហ្វ៉ត។

ទាំងអស់នេះ បណ្ដាកីឡាកររបស់មែន-យូណៃធិត បានធ្វើដំណើរទៅដល់អូល ថ្រាហ្វហ្វ៉ត មុនពេលហ្គេមនឹងចាប់ផ្ដើម ៦ម៉ោងពេញ ដើម្បីរង់ចាំធ្វើការប្រកួតក្នុងការជួបគ្នាមួយនេះ ហើយចុងក្រោយបំផុត កីឡាកររបស់លីវើរភូល ក៏ធ្វើដំណើរទៅដល់ទីលានរួចហើយដូចគ្នាដែរ ទោះជាមានឧបសគ្គបន្តិចបន្តួចក្នុងអំឡុងពេលធ្វើដំណើរក្ដី៕


សូមទស្សនា រូបភាព និងឃ្លីបវីដេអូ
ប្រភ៖ សារព័ត៌មានបរទេស
ប្រែ និងសម្រួលដោយ ទិទីតំតាតូ
#អរគុណសន្តិភាព