You are currently viewing អាជ្ញាធរ​ខេត្តកណ្ដាល បើក​កិច្ចប្រជុំ​សម្រេច កំណត់ តំបន់​លឿងទុំ និង​តំបន់​លឿង នៅ​ផ្នែក​ខ្លះ នៃ​ភូមិ​ព្រែកក្ដី ស្រុក​ពញាឮ ក្រោយពី​មានការ​ផ្ទុះឡើង នៃ​ជំងឺ​កូ​វីដ

អាជ្ញាធរ​ខេត្តកណ្ដាល បើក​កិច្ចប្រជុំ​សម្រេច កំណត់ តំបន់​លឿងទុំ និង​តំបន់​លឿង នៅ​ផ្នែក​ខ្លះ នៃ​ភូមិ​ព្រែកក្ដី ស្រុក​ពញាឮ ក្រោយពី​មានការ​ផ្ទុះឡើង នៃ​ជំងឺ​កូ​វីដ

ខេត្តកណ្តាល៖ ក្នុងឱកាស​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ ពិភាក្សា ស្រាវជ្រាវ   និង​វាយតម្លៃ​សភាពការណ៍ ក្នុងការ​កំណត់​តំបន់​លឿងទុំ និង​តំបន់​លឿង នៅ​ផ្នែក​ខ្លះ នៃ​ភូមិ​ព្រែកក្ដី ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ក្រោយពី​មានការ​ផ្ទុះឡើង នៃ​ជំងឺ​កូ​វីដ-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភ: កាលពី​ល្ងាច​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២១នេះ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បានសម្រេច កំណត់”តំបន់​លឿងទុំ” និង”តំបន់​លឿង” នៅ​ផ្នែក​ខ្លះ នៃ​ភូមិ​ព្រែកក្ដី ឃុំ​ព្រែ​តា​ទែន ស្រុក​ពញាឮ ដោយ​លទ្ធផល​នៃ​ការយក​សំណាក​ពី​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ​មាន​អ្នក​វិជ្ជមាន​កូ​វីដ-១៩ រហូត​ទៅដល់ ៣២នាក់ គិត​ត្រឹម​ថ្ងៃទី១៣ ខែឧសភា​នេះ។

ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ បាន​ជម្រុញ​ឱ្យ​រដ្ឋបាល​ស្រុក ត្រូវ​បន្ត​ស្រាវជ្រាវ​ស្វែងរក​អ្នក​ដែលមាន​ការពាក់ព័ន្ធ​ដោយផ្ទាល់ និង​ប្រដាល់​ប្រយោល ជាមួយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ-១៩ ដើម្បី​ពិនិត្យ​យក​សំណាក ដោយ​ប្រើ​ឧបករណ៍ Rapid Test ដែល​អាច​ដឹង​លទ្ធផល​ត្រឹមតែ ១៥ ទៅ ២០នាទី​តែប៉ុណ្ណោះ ហើយ​ត្រូវដាក់​ពួកគាត់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក ឱ្យបាន​ត្រឹមត្រូវ និង​គ្រប់​កាលកំណត់​តាម​វិធាន​របស់​ក្រសួងសុខាភិបាល។

ឯកឧត្តម​អភិបាលខេត្ត បានស្នើ​ដល់​អជ្ញាធរ​ស្រុក​ពញាឮ ត្រូវ​បន្ត​ផ្សព្វផ្សាយ​ឱ្យបាន​ផុលផុស ជូន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចេះ​ការពារ​ខ្លួន និង​ក្រុមគ្រួសារ​កុំអោយ​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ ដោយ​ត្រូវ​នាំគ្នា​អនុវត្តតាម​អនុសាសន៍​របស់​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី គឺ ៣ការពារ ៣កុំ និង​វិធាន​សុខាភិបាល ត្រូវ​រស់នៅ​ប្រកបដោយ​អនាម័យ​ខ្ពស់ បើ​មិនមាន​ការចាំបាច់​សូមកុំ​ចេញពីផ្ទះ និង​កុំទៅ​កន្លែង​ដែលមាន​មនុស្ស​អ៊ូអរ​ច្រើន ត្រូវ​ពាក់​ម៉ាស​ជាប្រចាំ និង​លាងដៃ​ជាមួយ​អាកុល សាប៊ូ​ឱ្យបាន​ញឹកញាប់។

ឯកឧត្ដម​អភិបាល ក៏បាន​ធ្វើការ​ណែនាំ​ដល់​ក្រុមគ្រូពេទ្យ​ជំនាញ ត្រូវ​ត្រួតពិនិត្យ​តាមដាន​អ្នកជំងឺ​ជាប់​ជាប្រចាំ និង​តាមដាន​អ្នកជំងឺ​ដែល​បានជា​សះស្បើយ​ផងដែរ ជាពិសេស​ត្រូវ​ពន្យល់​ណែនាំ​ប្រជាពលរដ្ឋ​ឱ្យមក​ចាក់​វ៉ាក់សាំង​ឱ្យបានគ្រប់ៗគ្នា ដើម្បី​ជៀសផុត​ពី​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ចូលក្នុង​សហគមន៍។

លោក ថន សុ​វណ្ណា អភិបាលស្រុក​ពញាឮ​បានឱ្យដឹងថា ទូទាំង​ស្រុក​មាន​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​សរុប​ចំនួន ៣៥៥៤ នាក់ ក្នុងនោះ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ចំនួន ៥១៩នាក់។ អ្នក​បញ្ចប់​ច​ត្តា​ឡី​ស័ក​សរុប​ចំនួន ២៣៨៧នាក់  ក្នុងនោះ​អ្នក​បញ្ចប់​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ចំនួន ៥៦៥នាក់។ មាន​អ្នក​វិជ្ជមាន​កូ​វីដ១៩ ចំនួន ៨៨នាក់ អ្នកជា​សះស្បើយ​ចំនួន ២៣នាក់៕

ប្រភព៖ រដ្ឋបាល​ខេត្តកណ្តាល

#អរគុណសន្តិភាព

Leave a Reply