បរទេស៖ សារព័ត៌មាន ស៊ីនហួ និង Reuters បានរាយការណ៍នៅថ្ងៃនេះ (ទី១៥ ឧសភា) អំពីស្ថានការណ៍ខ្យល់ព្យុះ ថូណាដូ នៅក្នុងប្រទេសចិន ដោយព្យុះលើកទី១ បានបោកបក់វាយលុកលើតំបន់ ខៃតៀន ក្នុងទីក្រុងវូហាន មណ្ឌលហ៊ូពេយ ភាគកណ្ដាល កាលពីវេលាម៉ោង ២០.៣៩នាទី នៃថ្ងៃសុក្រ ទី១៤ ឧសភា តាមម៉ោងក្នុងស្រុក។

របាយការណ៍បឋម អាជ្ញាធរ រកឃើញអ្នកស្លាប់រួចហើយយ៉ាងតិច ៦នាក់ និងរងរបួសច្រើនដល់ទៅ ២១៨នាក់ អគារផ្ទះសំបែង ២៧ខ្នងខូចខាតបាក់រាបដល់ដី ១៣០ខ្នងខូចខាតមធ្យម និងច្រើនជាង ២៦ ០០០ខ្នង ជួបបញ្ហាដាច់ចរន្តអគ្គិសនី។ ក្រៅពីនេះ នៅមានរបាយការណ៍ថា ថាវវើរ ខ្រេន ឬខ្រេនសម្រាប់ធ្វើសំណង់ និងអគារស្នាក់នៅក្នុងផ្ទៃដី ៨ ០០០ម៉ែត្រការ៉េ ក៏រងការខូចខាតយ៉ាងដំណំដូចគ្នា។

ចំណែកព្យុះថូណាដូ ១ទៀត បានវាយបោកបក់លើតំបន់ ឈឹងសា ក្រុងស៊ូចូ មណ្ឌលចៀងស៊ូ ភាគខាងកើត បណ្ដាលឱ្យមានអ្នកស្លាប់យ៉ាងតិច ១នាក់ និង ២១នាក់ទៀតរងរបួស មិនតែប៉ុណ្ណោះនៅមានខ្យល់ព្យុះបោកបក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលអង្គភាពឧតុនិយម ត្រូវប្រកាសអាសន្ន និងសុំឱ្យប្រជាជនចៀសវាងពីការចេញពីទីស្នាក់នៅ។






ប្រភព៖ សារព័ត៌មានបរទេស
ប្រែ និងសម្រួលដោយ តាវ៉ែនតា
#អរគុណសន្តិភាព