You are currently viewing អាជ្ញាធរខេត្ត​បន្ទាយមានជ័យ បានចុះ​ចែក​ស្បៀងអាហារ​ជូន​ប្រជាពលរដ្ឋដែលមានជីវភាព​ខ្វះខាត ចំនួន២៦៥គ្រួសារ ក្នុង​ក្រុង​សិរីសោភ័ណ

អាជ្ញាធរខេត្ត​បន្ទាយមានជ័យ បានចុះ​ចែក​ស្បៀងអាហារ​ជូន​ប្រជាពលរដ្ឋដែលមានជីវភាព​ខ្វះខាត ចំនួន២៦៥គ្រួសារ ក្នុង​ក្រុង​សិរីសោភ័ណ

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និង ឯកឧត្តម ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត នា​រសៀល​ថ្ងៃ​ពុធ​ទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បាន​បន្ត​អញ្ជើញ​ចុះ​ចែក​ស្បៀងអាហារ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង អំណោយ​ឧបត្ថម្ភ​បន្ថែម​ពី ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្ត និង លោកជំទាវ​ឧកញ៉ា ម៉ៅ ម៉ា​ល័យ ជូន​ដល់​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ​ខ្វះខាត​ជួប​ការលំបាក​ចំនួន ២៦៥គ្រួសារ លើ៧សង្កាត់ ក្នុង​ក្រុង​សិរីសោភ័ណ លើ៣ទីតាំង រៀបចំ​ដោយ​គោរព​តាម​វិធាន​សុខាភិបាល ពាក់​ម៉ាស់ រក្សា​គម្លាត និង​បាញ់​អាល់កុល ។

អំណោយ​រួមមាន អង្ករ ២៥គីឡូក្រាម, មី១កេស,ទឹក​ស៊ី​អុ​ី​វ ១យួរ ទឹកត្រី១យួរ និង​ត្រីខ១យួរ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​មានប្រសាសន៍​ពាំនាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដោយ​ក្តី​នឹករលឹក ជានិច្ចកាល​សម្តេច​តែងតែ​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​លំបាក​ប្រជាពលរដ្ឋ ។

ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត មានប្រសាសន៍ថា ក្នុងនាម​អាជ្ញាធរខេត្ត គឺ​រក្សា និង​ធានា​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ ឲ្យ​បានល្អ ដោយមាន​ការទទួលខុសត្រូវ​គ្រប់បែបយ៉ាង រួមទាំង​ស្បៀងអាហារ​ជាដើម យើង​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​មាន​បញ្ហា ដោយ​ការ​ដាច់​ស្បៀង​ហូបចុក​នោះឡើយ ។

ជាមួយគ្នា​នោះ ឯកឧត្តម សូម​ពុក​ម៉ែ​បងប្អូន​ទាំងអស់​ចូលរួម​ធ្វើ​អនាម័យ​ឲ្យ​បានគ្រប់ៗគ្នា ត្រូវ​ចូលរួម​អនុវត្ត​ឲ្យ​បាន៣ការពារ និង៣កុំ តាម​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងនោះ​មាន ៖ ៣ការពារ ៣កុំ គឺ​ត្រូវ​ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ អាល់កុល ឬ​ជែ​ល កុំទៅ​ចូលក្នុង​ចំណោម​ច្រើន​កកកុញ កុំ​ចាប់ដៃគ្នា ឬ​ឱបថើប​គ្នា កុំ​ចូល​ទីកន្លែង​បិទ គ្មាន​ខ្យល់​ចេញចូល និង​មិនត្រូវ​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក៕

ប្រភព៖ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ

#អរគុណសន្តិភាព

Leave a Reply