You are currently viewing សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ដឹកនាំ​កិច្ចប្រជុំ​ស្ដីពី​លទ្ធផល​កិច្ចប្រតិបត្តិការ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្រោម​ទឹក និង​ស្រង់​នាវា នៅ​ការដ្ឋាន​ទី១ ខេត្តកំពង់ចាម

សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ដឹកនាំ​កិច្ចប្រជុំ​ស្ដីពី​លទ្ធផល​កិច្ចប្រតិបត្តិការ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្រោម​ទឹក និង​ស្រង់​នាវា នៅ​ការដ្ឋាន​ទី១ ខេត្តកំពង់ចាម

ភ្នំពេញ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ដឹកនាំ​កិច្ចប្រជុំ​ស្ដីពី​លទ្ធផល​កិច្ចប្រតិបត្តិការ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្រោម​ទឹក និង​ស្រង់​នាវា​នៅ​ការដ្ឋាន​ទី១ ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម, កិច្ចដំណើរកា​រដ្ឋា​នទី២ ឃុំ​បឹង​គ្រុំ ស្រុក​ល្វាឯម ខេត្តកណ្ដាល និង​ទី៣ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្តាល។ កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី ឯកឧត្តម រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គនាយក​ម​ជ្ឃ​មណ្ឌល​ជាតិ​សម្រាប់​កងកម្លាំង​រក្សា​សន្ដិភាព​បោសសំអាត​មីន និង​កាកសំណល់​សង្គ្រាម ឯកឧត្តម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​ស្វយ័ត​កំពង់ផែ​ភ្នំពេញ ព្រមទាំង​ឯកឧត្តម​ដែលជា​សមាជិក​នៃ​ក្រុមការងារ​អន្តរក្រសួង​នេះ ។

ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​ក្រឡាហោម ស ខេង បាន​លើកឡើងថា ដោយ​យោងតាម​ការចង្អុល​បង្ហាញ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ត្រូវ​ប្រមូល​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​ស្រង់​នាវា ទាំងអស់​ចេញពី​បាតទន្លេ​មេ​ង្គ ដើម្បី​ធានា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ អ្នកនេសាទ និង​អ្នក​ប្រកប​អាជីវកម្មផ្សេងៗតាម​ដង​ទន្លេ​មេ​ង្គ។

នាឱកាស​នោះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង ដើម្បី​ចុះ​សិក្សា និង​ដោះស្រាយ​ករណី​រកឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​នាវា​ដែល​លិច​ក្នុង​ទន្លេ បានធ្វើ​សេចក្តីរាយការណ៍​សង្ខេប​ស្ដីពី​លទ្ធផល​បិទ​បញ្ចប់​ការដ្ឋាន​ទី១ ដោយបាន​លើកឡើងថា កិច្ចសហប្រតិបត្តិការ​បោសសម្អាត​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន ទាន់​ផ្ទុះ​ក្រោម​ទឹក និង​ស្រង់​នាវាចម្បាំង ក្នុង​ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម បានចាប់ផ្ដើម​ពីថ្ងៃ​ទី៣ ខែតុលា ឆ្នាំ២០២០ រហូតដល់​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ហើយ​ត្រូវបាន​បិទ​បញ្ចប់​ប្រកបដោយ​ជោគជ័យ និង​ទទួលលទ្ធផល​ល្អប្រសើរ ប្រកបដោយ​កិច្ចសហការ​ល្អ និង​មាន​សុវត្ថិភាព​ខ្ពស់បំផុត។ ប្រតិបត្តិការ​នេះ​បាន​ស្រង់​គ្រាប់​ដែល​មិនទាន់​ផ្ទុះ​ជាង ១៦តោន និង​សម្ភារ​សឹក​មួយចំនួនទៀត។

ចំពោះ​ប្រតិបត្តិការ នៅ​ការដ្ឋាន​ទី២-៣ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត បាន​បន្តថា ការងារ​អនុវត្ត​នៅ​ការដ្ឋាន​ទី២-៣ បាន​អនុវត្តតាម​ស្មារតី​តាម​ផែនការ​គ្រោងទុក ដោយ​ពង្រាយ​កម្លាំង​ប្រតិបត្តិការ បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្រោម​ទឹក និង​ប្រតិបត្តិការ​ស្រង់​នាវា។

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ បន្ថែមថា រហូតមកដល់​ពេលនេះ ចំពោះ​កិច្ចប្រតិបត្តិការ នៅ​ការដ្ឋាន​ទី២ ក្នុង​ឃុំ​បឹង​គ្រុំ ស្រុក​ល្វាឯម ខេត្តកណ្ដាល កំពុង​អនុវត្ត​យ៉ាងសកម្ម​បំផុត និង​ប្រព្រឹត្ត​តាម​ការគ្រោងទុក ទោះបី​មានការ​យឺតយ៉ាវខ្លះៗក៏ដោយ ប៉ុន្ដែ​ក្រុមការងារ ក៏បាន​បន្ដ​ប្រតិបត្តិការ​របស់ខ្លួន ប្រកបដោយ​រលូន​ផងដែរ។

ចំពោះ​ការដ្ឋាន​ទី៣ ក្នុង​ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្តាល វិញ ប្រតិបត្តិការ​ចាប់ផ្ដើម​ពីថ្ងៃ​ទី២៦ ខែមេសា ឆ្នាំ២០២១ ដោយ​ក្រុមការងារ​មាន​កិច្ចសហការ​ល្អជា​មួយ​កំពង់ផែ​ស្វយ័ត ដើម្បី​សម្រួល​កិច្ចសហប្រតិបត្តិការ​រុករក​ស្រាវជ្រាវ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្រោម​ទឹក និង​ស្រង់​នាវា ក៏បាន​ដំណើការ​រលូន មាន​សុវត្ថិភាព។

ក្រោយ​ស្ដាប់​របាយការណ៍​សង្ខេប​រួច សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​ថ្លែង​ការកោតសរសើរ ចំពោះ​ក្រុមការងារ​ទាំងអស់ បានធ្វើការ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​ស្រង់​នាវា​ក្រោម​បាតទន្លេ​មេ​ង្គ។ សម្ដេច​ក្រឡាហោម មានប្រសាសន៍​បន្ថែមថា រហូតមកដល់​ពេលនេះ ការងារ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្រោម និង​ស្រង់​នាវា​ពី​បាតទន្លេ​មេ​ង្គ ទោះបី​មិនបាន​បញ្ចប់​ក៏ដោយ ប៉ុន្ដែ​ទទួលបាន​ជោគជ័យ និង​លទ្ធផល​ល្អ ហើយ​សម្ដេច​សង្ឃឹមថា នឹង​ទទួលបាន​ជោគជ័យ​ទាំងស្រុង នាពេល​ខាងមុខនេះ​ផងដែរ៕

#អរគុណសន្តិភាព

Leave a Reply