សៀមរា៖ លោក Liu Zhijie ប្រធានអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប បាននាំអំណោយជាម៉ាស់ចំនួន ២ម៉ឺនម៉ាស់ និង ម៉ាស៊ីនបាញ់កម្តៅចំនួន ២០គ្រឿង ក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសរដ្ឋបាលខេត្តសៀមរាប ដើម្បីយកទៅផ្តល់ជូនពលរដ្ឋធ្វើចត្តាឡីស័ក និងពលរដ្ឋខ្វះខាត់នៅក្នុងអំឡុងពេលធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងខេត្តសៀមរាប ក្រោមវត្តមានរបស់លោក ពិន ប្រាកដ អភិបាលរងខេត្ត និងលោក សុខ ថុល នាយករដ្ឋបាលខេត្ត នៅរដ្ឋបាលខេត្តសៀមរាប ។

លោក ពិន ប្រាកដ បានបញ្ជាក់ថា បញ្ហាការប្រយុទ្ធប្រឆាំង និងការបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ គឺជាបញ្ហារួមរបស់យើងទាំងអស់គ្នា មិនមែនជាបញ្ហារបស់បុគ្គលណាម្នាក់ឡើយ ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋទូទៅ ត្រូវតែចូលរួមបង្ការទប់ស្កាត់ជម្ងឺឆ្លងដ៏កាចសាហាវនេះ ព្រោះបច្ចុប្បន្ននេះជម្ងឺនេះបាននឹងកំពុងបន្តតាមយាយីដល់សុខភាពរបស់មនុស្សនៅទូទាំងពិភពលោកនៅឡើយ ដូច្នេះត្រូវគោរពប្រតិបត្តិឲ្យខាងតែបាននូវវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល ។

លោក បានបង្ហាញទៀតថា បច្ចុប្បន្នរដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងយកចិត្តទុកដាក់អនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ- ១៩ ចូលដល់សហគមន៍ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃបានយ៉ាងល្អប្រសើរ ។ ជាក់ស្តែងក្រៅពីការរៀបចំមណ្ឌលចត្តាឡីស័កនៅតាមបណ្តាក្រុង ស្រុក អាជ្ញាធរខេត្ត ក៏បានធ្វើការរឹតបណ្តឹង នៅតាមបណ្តាច្រកព្រំប្រទល់រវាងខេត្តសៀមរាប និង កំពង់ធំ និង បន្ទាយមានជ័យ ក្នុងការត្រួតពិនិត្យតាមដានសុខភាពបឋម របស់ក្រុមការងារស្រាវជ្រាវតាមដានបុគ្គលសង្ស័យមានជម្ងឺកូវីដ-១៩ មុនចូលមកដល់ក្រុងសៀមរាប។

ជាមួយគ្នានេះ លោក អភិបាលរងខេត្តក៏បានថ្លែងអំណរគុណចំពោះលោក ប្រធានអគ្គកុងស៊ុលដែលតែងតែជួយនិងផ្តល់សម្ភារៈដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ដែលកំពុងតែឆ្លងក្នុងសហគមន៍នៃព្រឹត្តិការណ៍ ២០ កុម្ភៈនេះ៕

#អរគុណសន្តិភាព