You are currently viewing អភិបាលខេត្ត​ពោធិ៍សាត់ អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ អគារ​ទីទួល​សុវត្ថិភាព​ចំនួន២កន្លែង

អភិបាលខេត្ត​ពោធិ៍សាត់ អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ អគារ​ទីទួល​សុវត្ថិភាព​ចំនួន២កន្លែង

ពោធិ៍សាត់៖ ឯកឧត្តម ឡាំ ហេង​ហួត អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាង​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន​ទី១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ បាន​លើកឡើងថា អគារ​ទីទួល​សុវត្ថិភាព​ថ្មី​នេះ មិន​ត្រឹម​ជា​កន្លែង​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដែល​ប្រឈម​គ្រោះទឹកជំនន់ ដែល​អាចធ្វើ​ការជម្លៀស​ពី​លំនៅឋាន​រងគ្រោះ មក​ស្នាក់នៅ​បណ្តោះអាសន្ន​រហូតដល់​ទឹកជំនន់​ស្រក​ទៅវិញ​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​កន្លែង​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក និង​អាចជា​កន្លែង​ប្រារព្ធ​ពិធីផ្សេងៗផងដែរ ជាក់ស្តែង​ពិធីមង្គលការ, បុណ្យ…។ល។

ឯកឧត្តម​បានលើកឡើង​បែបនេះ ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ អគារ​ទីទួល​សុវត្ថិភាព​ចំនួន២កន្លែង ដោយបាន​ការអញ្ជើញ​ចូលរួម​ជា​គណៈអធិបតី ពី​សំណាក់​ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​លោកស្រី Emma Conlan តំណាង​អង្គការ​ស្បៀងអាហារ​ពិភពលោក ប្រចាំ​ប្រទេស​កម្ពុជា។

គួរ​បញ្ជាក់ថា អគារ​ទីទួល​សុវត្ថិភាព​ទី១ ស្ថិតក្នុង​ភូមិ​ឫស្សី​តា​ម៉ាន់ ឃុំ​បឹង​បត់​កណ្តោល ស្រុក​បាកាន មាន​ទំហំ​អគារ ៨៦៤ម៉ែត្រការ៉េ សង់​លើដី​សាធារណៈ​របស់​រដ្ឋ និង​ទី២ ស្ថិតក្នុង​ភូមិ​ក្តី​ឈ្វិ​ត ឃុំ​ស្រែ​ស្តុក ស្រុក​កណ្តៀង នៅក្រោយ​វត្ត​ក្តី​ឧ​ត្ត​ម មាន​ទំហំ​អគារ ១៦៨៥.០៦ម៉ែត្រការ៉េ សង់​លើដី ជាការ​បរិច្ចាគ​របស់​ព្រះចៅអធិការ​វត្ត។ អគារ​ទីទួល​សុវត្ថិភាព​ទាំងពីរ ជាការ​បង្កើតឡើង​ក្រោម​កិច្ចសហការ​រវាង​អង្គការ​ស្បៀងអាហារ​ពិភពលោក និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​ត្រូវបាន​សាងសង់ឡើង​ដោយ​ផ្អែកលើ​ស្ដង់ដារ​អន្តរជាតិ និង​បំពាក់​ទៅដោយ​សម្ភារៈ កន្លែងសំខាន់ៗ ដូចជា​ផ្ទះបាយ កន្លែង​បោកគក់ បន្ទប់​ស្តុក​អីវ៉ាន់ បន្ទប់ទឹក កន្លែង​លាងដៃ កន្លែង​សត្វ ប្រព័ន្ធ​ទឹក អគ្គិសនី និង​ប្រព័ន្ធ​ការពារ​ន្ទះ។

ឯកឧត្តម ម៉ៅ ធនិន បាន​ថ្លែងថា ខេត្តពោធិ៍សាត់ គឺជា​ខេត្ត​ជាប់​បឹង​ទន្លេសាប និង​ជាប់ស្ទឹងធំៗ មាន​បណ្តាញទឹក​ធ្លាក់​ពី​តាម​ជួរ​ភ្នំ រយៈពេល​កន្លងមក​តែងតែ​ជួប​គ្រោះ​ជំនន់​ទឹកភ្លៀង​ស្ទើរ​រៀងរាល់ឆ្នាំ។ ជាក់ស្តែង​កាលពី​ឆ្នាំ២០២០កន្លងទៅ ខេត្តពោធិ៍សាត់​បាន​រង​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​យ៉ាងធ្ងន់ធ្ងរ។ ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ឃុំ​មួយចំនួន​ក្នុងស្រុក​បាកាន និង​ស្រុក​កណ្តៀង តែងតែ​រងគ្រោះ​ទឹកជំនន់ និង​ជួប​ការលំបាក​ខ្លាំង ខ្វះ​ទីទួល​សុវត្ថិភាព នៅពេល​មានការ​ជម្លៀស​ចេញពី​ភូមិឋាន ពេល​ទឹកជំនន់ម្ដង។ ឯកឧត្តម បាន​ថ្លែងអំណរគុណ​គ្រប់ភាគី​ពាក់ព័ន្ធ ដែល​បាន​សហការ​សាងសង់​ទីទួល​សុវត្ថិភាព​នេះ​ឡើង ដើម្បី​ជា​ប្រយោជន៍​ឱ្យ​ប្រជាពលរដ្ឋ​ស្នាក់អាស្រ័យ នៅពេល​ជួប​គ្រោះទឹកជំនន់​ម្ន​ង​ម្កាល។

លោកស្រី Emma Conlan តំណាង​អង្គការ​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា លោក ឡាំ ហេង​ហួត អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ (គ.ជ.គ.ម.) បាន​ថ្លែង​កោតសរសើរ ការខិតខំ​ប្រឹងប្រែងរ​បស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ រាជធានី ខេត្ត លើ​ការឆ្លើយតប​គ្រោះមហន្តរាយ​កន្លងមក។ ជាក់ស្តែង​ប្រទេស​កម្ពុជា គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស ដែល​ងាយ​ទទួលរង​ផលប៉ះពាល់​ពី​ការប្រែប្រួល​ធាតុអាកាស ដូចជា​ទឹកជំនន់ និង​គ្រោះរាំងស្ងួត។ ការស្ថាបនា​មជ្ឈមណ្ឌល​ទាំងនេះ គឺជា​ផ្នែក​មួយ​នៃ​ភាពជា​ដៃគូ​យូរអង្វែង រវាង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដើម្បី​កាត់បន្ថយ​ហានិភ័យ គ្រោះមហន្តរាយ និង​ពង្រឹង​ការត្រៀម​បង្ការ និង​ការឆ្លើយតប​ជាបន្ទាន់​នៅក្នុង​ប្រទេស។

លោក និង​លោកស្រី បាន​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក ឃុំ ពាក់ព័ន្ធ ជាពិសេស​គណៈកម្មការ​គ្រប់គ្រង​អគារ​ទួល​សុវត្ថិភាព​ទាំងពីរ ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​គ្រប់គ្រង​ថែរក្សា ការពារ​នូវ​អគារ​ទួល​សុវត្ថិភាព ដែលជា​សមិទ្ធផល​ថ្មី សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​របស់ខ្លួន​ឱ្យបាន​ល្អ។ ជាពិសេស​អនុវត្ត​នូវ​តួនាទី​ភារកិច្ច​របស់ខ្លួន​ឱ្យបាន​ខ្ជាប់ខ្ជួន៕

#អរគុណសន្តិភាព

Leave a Reply