You are currently viewing អាជ្ញាធរខេត្ត​មណ្ឌលគិរី បន្ត​នាំយក​អំណោយ​សង្គ្រោះបន្ទាន់ ចែកជូន​ពលរដ្ឋ​ខ្វះខាត​ចំនួន ៨០គ្រួសារ ដែល​កំពុង​ជួប​ការលំបាក​នៅ​ស្រុក​កែវ​សីមា

អាជ្ញាធរខេត្ត​មណ្ឌលគិរី បន្ត​នាំយក​អំណោយ​សង្គ្រោះបន្ទាន់ ចែកជូន​ពលរដ្ឋ​ខ្វះខាត​ចំនួន ៨០គ្រួសារ ដែល​កំពុង​ជួប​ការលំបាក​នៅ​ស្រុក​កែវ​សីមា

មណ្ឌលគិរី៖ ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៨០គ្រួសារ នៅ​ឃុំ​ចំនួន ២ ក្នុងស្រុក​កែវ​សីមា បានមក​ទទួល​អំណោយ​ជា​គ្រឿងឧបភោគ-បរិភោគ​មួយចំនួន សម្រាប់​ប្រើប្រាស់ និង​ហូបចុក​ប្រចាំថ្ងៃ ដែលជា​ការយកចិត្តទុកដាក់​ពី​សំណាក់​ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ចំពោះ​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ១៩ ពិធី​នេះ​ប្រព្រឹត្តទៅ​នៅ​សាលាស្រុក​កែវ​សីមា នា​ព្រឹក​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។

ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​និច្ចកាល​សម្តេច តែងតែ​គិតគូរ​យកចិត្តទុកដាក់​ដល់​ការលំបាក​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ជាពិសេស ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត កុមារកំព្រា ស្ត្រី​មេម៉ាយ ជនពិការ និង​ជន​ចាស់ជរា​គ្មាន​ទីពឹង ជាក់ស្តែង ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​នាពេលនេះ ទទួលបាន​អំណោយ​សង្គ្រោះបន្ទាន់​ពី​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​មន្ទីរ​សង្គម​កិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត ក្នុង​ការជួយ​ដោះស្រាយ​ដល់​ជីវភាព​រស់នៅ​បាន​មួយ​រយៈពេល​ផងដែរ។ ឯកឧត្តម បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវខិតខំ​ចិញ្ចឹមសត្វ និង​ដាំ​ដុះ​ដំណាំ​រួមផ្សំផ្សេងៗបន្ថែមទៀត ដើម្បី​ធ្វើយ៉ាងណា ឲ្យ​ជីវភាព​រស់នៅ​មាន​លក្ខ​ណៈ​សមរម្យ បន្ថែម​លើស​នេះ ឯកឧត្តម បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ជ​ប់​ខ្ជួន​លើ​វិធានការ ៣ការពារ និង ៣កុំ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា ក្រសួងសុខាភិបាល ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ។

តាម​ការបញ្ជាក់​របស់​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត បាន​ឲ្យ​ដឹងថា មិនមែន​មានតែ​ពលរដ្ឋ​ចំនួន ៨០គ្រួសារ​នេះ​ទេ ដែល​ទទួលបាន​អំណោយ​មនុស្សធម៌​ពី​រដ្ឋបាល​ខេត្តមណ្ឌលគិរី តាម​តាមរយៈ​មន្ទីរ​សង្គមកិច្ច ក្នុងនោះ​ផងដែរ​មន្ត្រី​ជំនាញ បាន​អនុវត្ត​ការងារ​នេះ​ជាប្រចាំ តួយ៉ាង​គិត​ចាប់ពី​ឆ្នាំ២០២០ ស្ត្រី​មាន​ផ្ទៃពោះ​និង​កុមារ​ក្រោម​អាយុ២ឆ្នាំ មាន​ជីវភាព​លំបាក​បានទទួល​ការ​ឧបត្ថម​រៀងរាល់ខែ សរុប​ថវិកា​ប្រមាណ​ជាង៣០០លាន​រៀល​ហើយ​គិត​ត្រឹម​ពេលនេះ ចំណែក​គ្រួសារ​ក្រីក្រ​ជាង៥ពាន់​គ្រួសារ ដែល​ទទួលបាន​ប័​ណ្ឌ​សមធម៌​ក៏​ទទួលបាន​ថវិកា​ជាប្រចាំ​ផងដែរ សរុប​ថវិកា​ប្រមាណ​ជាង៩ពាន់​លាន​រៀល​គិត​ត្រឹម​បច្ចុប្បន្ន៕

#អរគុណសន្តិភាព

Leave a Reply