ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងគោក នៅព្រឹកថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញចែកប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងដូសទី២ ស្ថិតនៅទីតាំងវត្តអរុណវត្តី ស្ថិតក្នុងសង្កាត់តាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ថ្ងៃទី២៦ ខែឧសភានេះ មានរយ:ពេល២៦ថ្ងៃហើយដែលក្រុមការងារ ចាក់វ៉ាក់សាំងកូវីដ-១៩ ក្រុមគ្រូពេទ្យជើងគោក បានដំណើរការបើកប្រតិបត្តិការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ទាំង២ដូស ជូនប្រជាពលរដ្ឋ ដោយអនុវត្តតាមបទបញ្ជាប្រធានអនុគណៈកម្មការចំពោះកិច្ចក្រសួងការពារជាតិ និងបទបញ្ជាមេបញ្ជាការកងទ័ពជើងគោក បានប្រគល់ភារកិច្ចឱ្យក្រុមពេទ្យជើងគោក ទទួលខុសត្រូវក្នុងភូមិសាស្ត្រ សង្កាត់តាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ការចាក់ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២នាពេលនេះ ក៏បាននឹងកំពុងតែប្រព្រឹត្តទៅប្រកបដោយ ការទទួលខុសត្រូវខ្ពស់ រហូតដល់បងប្អូនទទួល វ៉ាក់សាំងកូវីដ-១៩នេះគ្រប់ៗគ្នារួចរាល់ មិនថាជាជនជាតិខ្មែរ ឬ ជនជាតិបរទេសនោះឡើយ ។
ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន បានគូសបញ្ជាក់ថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ គឺបានធ្វើឡើងបន្ទាប់ពីសម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញ បទបញ្ជាឲ្យបើកយុទ្ធនាការ ថ្នាក់ជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ ដោយផ្តើមចេញពីតំបន់ក្រហម ។

ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន បានបន្តទៀតថា កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ មានចំនួន ០៧អង្គភាព ចូលរួមទទួលភារកិច្ចចាក់វ៉ាក់សាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលរួមមាន០៦ខណ្ឌ គឺខណ្ឌពោធិ៍សែនជ័យ , ខណ្ឌមានជ័យ, ខណ្ឌដង្កោ ,ខណ្ឌកំបូល , ខណ្ឌទួលគោក និងខណ្ឌឬស្សីកែវ ។
ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជាប្រមុខដឹកនាំដ៏ឈ្លាសវៃ នៅក្នុងកាលៈទេសៈដ៏លំបាកនេះសម្ដេចបានស្វះស្វែងរកជំនួយវ៉ាក់សាំង និងទិញវ៉ាក់សាំងមកចាក់ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ដោយឥតគិតថ្លៃ និងបានថ្លែងកោតសរសើរ វាយតំលៃខ្ពស់ចំពោះក្រុមការងារគ្រូពេទ្យជើងគោក បានខិតខំបំពេញភារកិច្ចដោយការទទួលខុសត្រូវដែលថ្នាក់លើប្រគល់ជូនបានល្អប្រសើរតាមផែនការ និងអរគុណដល់ប្រជាពលរដ្ឋទាំងអស់មកចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើង និងសង្គមជាតិយើង ។
ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន បានសំណូមពរដល់ប្រជាពលរដ្ជត្រូវគោរពសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និងអនុវត្តវិធានការ ៣ ការពារ ៣ កុំ ព្រមទាំងវិធានការនានារបស់ក្រសួងសុខាភិបាល អោយបានជាជាប់ប្រចាំ ទោះបីជាបាន ទទួលការចាក់វ៉ាក់សាំងទាំងពីរដូស រួចហើយក៏ដោយ ៕

#អរគុណសន្តិភាព