ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការរៀបចំព្រឹត្តិការណ៍ជាតិ-អន្ដរជាតិធំៗ ដូចជា កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប នាឆ្នាំ២០២២ ខាងមុខនេះ ដោយមិនមានអ្វីប្រែប្រួលនោះឡើយ។
ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា «ជាការពិតបណ្ដាព្រឹត្តិការណ៍ជាតិធំៗ ក៏ដូចជា ព្រឹត្តិការណ៍អន្តរជាតិធំៗ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ព្រមទាំងប្រារព្ធធ្វើជាបន្តបន្ទាប់នោះ កម្ពុជាបានត្រៀមថានឹងប្រព្រឹត្តទៅតាមកាលវិភាគ ឬកម្មវិធីដែលបានគ្រោងទុក ដោយមិនមានអ្វីប្រែប្រួលនោះឡើយ»។

នាឱកាសនោះ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន លើកឡើងថា នៅក្នុងឆ្នាំ២០២១ និងឆ្នាំបន្តបន្ទាប់ទៀត កម្ពុជានឹងត្រូវប្រារព្ធធ្វើនៅព្រឹត្តិការណ៍ជាតិ និងអន្តរជាតិធំៗជាច្រើន ដូចជា កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប និងប្រធានអាស៊ានឆ្នាំ២០២២ និងព្រឹត្តិការណ៍ជាតិ ដូចជា ការបោះឆ្នោត ជាបន្ទាប់។

ឯកឧត្តម ក៏បានលើកឡើងពីការត្រៀមខ្លួនរបស់ភាគីជប៉ុន សម្រាប់ការបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងមហាផ្ទៃ ក្នុងការរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍ជាតិ និងព្រឹត្តិការណ៍អន្តរជាតិធំៗទាំងនោះ មានដំណើរការទៅប្រកបដោយជោគជ័យ។
ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណដល់បំណងដ៏ល្អរបស់ភាគីជប៉ុន ដែលត្រៀមផ្ដល់កិច្ចសហការគាំទ្រដល់ការប្រារព្ធបណ្ដាព្រឹត្តិការណ៍ធំៗទាំងនោះឱ្យទទួលបានជោគជ័យ។ ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្ដេច ក៏ត្រៀមខ្លួនក្នុងការបន្តនូវកិច្ចសហប្រតិបត្តិការ ក៏ដូចជា ពិភាក្សាលើបញ្ហានានា ក្នុងគោលដៅពង្រឹងពង្រីកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ជប៉ុន ឱ្យកាន់តែរីកចំរើនខ្លាំងក្លាថែមទៀត៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា
#អរគុណសន្តិភាព