ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានសន្យាថានឹងរៀបចំផែនការ ស្តីពីវិធានការគ្រប់គ្រងការរីករាលដាលជំងឺកូទីដ-១៩ នៅតាមបណ្តារោងចក្រ-សហគ្រាសក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដើម្បីធានាឱ្យបាននូវសុខុមាលភាព សុវត្ថិភាព និងជីវភាពរបស់បុគ្គលិក កម្មករ និយោជិត ព្រមទាំងនិរន្តរភាពផលិតកម្មរបស់រោងចក្រ-សហគ្រាស ។
ផ្អែកតាមបទពិសោធន៍នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានរោងចក្រមួយនៅរាជធានីភ្នំពេញ ដែលមានការឆ្លងបន្តរាយប៉ាយ ទៅក្នុងរោងចក្រ-សហគ្រាសមួយចំនួនទៀត គឺបណ្តាលមកពីមូលហេតុចម្បងៗ រួមមាន៖
(១) ការស្នាក់នៅរបស់ បុគ្គលិក និងកម្មករ-និយោជិតច្រើនរោងចក្រ-សហគ្រាស ប្រមូលផ្តុំក្នុងផ្ទះជួល ឬ អគារជួលរួមគា្ន។
(២) ការធ្វើដំណើរដោយមធ្យោបាយរួមរបស់បុគ្គលិក និងកម្មករ និយោជិត ដែលមិនមែនបម្រើការងារក្នុងរោងចក្រ-សហគ្រាសតែមួយ។
(៣) ការទិញម្ហូបអាហារ ពីកន្លែងលក់ដូរមិនរៀបរយ ។
(៤) ការមិនអនុវត្ត ឬអនុវត្តន៍មិនបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាដើម។

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញមានរោងចក្រចំនួន ៧៤៦មូលដ្ឋាន និងឧស្សាហកម្មខ្នាតតូច-សិប្បកម្មមានចំនួន ៤.៩៨៥មូលដ្ឋាន បានបង្កើតការងារដោយផ្ទាល់ចំនូន ៤៧៦.៣៥៩នាក់ និងដោយប្រយោលជាច្រើនសែននាក់ផ្សេងទៀត ហើយអនុគណៈកម្មាធិការវិនិយោគរាជធានីភ្នំពេញ បានចុះបញ្ជីស្ថាពរជូនរោងចក្រវិនិយោគចំនួន ៣៤មូលដ្ឋាន បន្ថែមទៀត។
ឈរលើមូលដ្ឋានខាងលើនេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីភាពចាំបាច់ និង សារៈសំខាន់ដែលត្រូវយកចិត្តទុកដាក់ចំពោះវិស័យនេះ។ ជាពិសេសស្ថិតក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ ដើម្បីបន្តអនុវត្តន៍ប្រកបដោយថាមភាពនូវគោលនយោបាយ “ចំណង២ និងចុងខ្សែ៤ របស់សម្តេចអគ្គមហារសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បុគ្គលិក និងកម្មករ និយោជិតទាំងអស់ ក្នុងរាជធានីភ្នំពេញ៕

#អរគុណសន្តិភាព