កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសមាជិកក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់យោធភូមិភាគទី៤ បានប្រគល់ថវិការបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងការពារជាតិឧបត្ថម្ភជូនដល់ក្រុមការងារដឹកនាំនិងក្រុមគ្រូពេទ្យចំនួន ៥៧នាក់នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២។

ក្រុមគ្រូពេទ្យបានអនុវត្តភារកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនយោធិន និងគ្រួសារយោធិនចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងស្នាក់ការការិយាល័យទី២ កងទ័ពជើងគោកប្រចាំខេត្តកំពង់ធំ ព្រមទាំងកងរាជអាវុធហត្ថខេត្ តនិងក្រុមគ្រួសារចំនួ ន៤លើកកន្លងមក ដែលមានបរិមាណជិត ២ពាន់នាក់។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានយកចិត្តទុកដាក់ផ្គត់ផ្គង់វ៉ាក់សាំងចាក់ជូនកងទ័ព និងគ្រួសារកងទ័ពបានគ្រប់ៗគ្នាកន្លងមកពិសេសថ្ងៃនេះបានឧបត្ថម្ភនូវថវិកាលើកទឹកចិត្តដល់ក្រុមការងារ និងក្រុមគ្រូពេទ្យដែលបានបំពេញភារកិច្ចមិនខ្លាចនឿយហត់ដើម្បីបម្រើយោធិន និងគ្រួសារយោធិនការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរនឹងថ្លែងអំណរគុណដល់ក្រុមការងារ និងក្រុមគ្រូពេទ្យទាំងអស់ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំដែលបានយកអស់កម្លាំងកាយចិត្តក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ប្រកបដោយជោគជ័យនិងមានសុវត្ថិភាពល្អ។

ក្រុមការងារ និងក្រុមគ្រូពេទ្យទាំងអស់ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគទី៤ បានប្ដេជ្ញាចិត្តបន្តបម្រើការចាក់វ៉ាក់សាំងជូនប្រជាជននៅខេត្តកំពង់ធំនៅពេលខាងមុខក្នុងករណីមានបទបញ្ជាពីថ្នាក់ដឹកនាំនៃកងយុទ្ធពលខេមរភូមិន្ទតាមឋានានុក្រម៕
#អរគុណសន្តិភាព