ភ្នំពេញ៖ ក្រុមការងារប្រតិបត្តិចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្រសួងការពារជាតិនឹងចុះទៅផ្តល់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ កម្មករ និយោជិត ក្នុងតំបន់ប្រឈមហានិភ័យខ្ពស់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សហគមន៍ ក្នុងភូមិសាស្ត្រតំបន់មួយចំនួនរបស់ខេត្តចំនួន ៥ ។
បើតាមកិច្ចប្រជុំពិភាក្សាដែលដឹកនាំដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ នឹងជាប្រធានប្រតិបត្តិចាក់វ៉ាក់ សាំងការពារជំងឺកូវីដ១៩ ក្រសួងការពារជាតិនៅថ្ងៃទី ១៨ ខែមិថុនា បញ្ជាក់ថា ខេត្តចំនួន ៥ រួមមានខេតព្រះសីហនុ កំពង់ស្ពឺតាកែវ កំពង់ចាមនិងខេត្តស្វាយរៀង ទៅតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។

កិច្ចប្រជុំនេះ បានផ្តោតសំខាន់ពាក់ព័ន្ធទៅដល់ការ រៀបចំទីតាំង ក្រុមការងារ ក្រុមគ្រូពេទ្យបម្រើឲ្យបេសកកម្មនៃយុទ្ធនាការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្មករ និយោជិត ក្នុងតំបន់ភូមិសាស្ត្រខេត្តប្រឈមខ្លាំងទាំង៥ និងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានឃុំ ស្រុក ខេត្ត ទាំងនោះដើម្បីដំណើការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋយើងប្រកប ដោយភាពរលូន និងទទួលជោគជ័យ ។

ប្រធានក្រុមការងារប្រតិបត្តិចាក់វ៉ាក់សាំង ក្រសួងការពារជាតិ បានសំណូមពរយ៉ាងទទូចដល់សមាជិកក្រុមក្រាងារប្រតិបត្តិ ទាំងអស់ ក្នុងពេលបំពេញបេសកកម្មផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ តាមបណ្តាខេត្តទាំង៥ ដែលប្រឈមការឆ្លងរាលដាលខ្លាំងជំងឺកូវីដ១៩ ពេលបំពេញការងារត្រូវប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួនលើវិធានការការពារខ្លួនរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ៣កុំ ៣ការពារ ពិសេសសមាជិកក្រុមការងារនឹងក្រុមគ្រូពេទ្យដែលចុះទៅបំពេញការងារទាំងអស់ ក៏ត្រូវតែពិនិត្យ និងយកសំណាករកមេរោគកូវីដឲ្យបានគ្រប់ៗគ្នា មុនចេញទៅបំពេញ ការងារ ដើម្បីសុខភាពយើងផ្ទាល់ផង និងសុខភាពអ្នកដទៃ ហើយក៏ជាការកាត់ផ្តាច់ការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ក្នុងសហគមន៍ យើងផងដែរ ៕

#អរគុណសន្តិភាព