សៀមរាប៖ ខ្លោងទ្វារតាកាវជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង៥ នៃក្រុងអង្គរធំដែលស្ថិតនៅទិសខាងលិចនៃប្រាសាទបាយ័ន្ត។ ខ្លោងទ្វារនេះសង់អំពីថ្មភក់ និងថ្មបាយក្រៀម ដែលមានកំពូលរូបព្រះមុខបួនចំនួន៣ នៅពីលើកំពូលកណ្តាល មានកម្ពស់រហូតដល់ ២៣ម៉ែត្រ។ រីឯតាមចំណុចកែងនៃខ្លោងទ្វារ មានរូបព្រះឥន្ទគង់លើដំរីក្បាលបី ហើយនៅខាងលិចមានស្ពានហាល ដែលមានលម្អដោយរូបទេវតា និងយក្សទាញព្រ័ត ។
ដោយសារកត្តាអាយុកាល អាកាសធាតុ និងសង្គ្រាម បានធ្វើឱ្យដើមឈើដុះលើ និងក្បែរ បានបណ្តាលឱ្យរូបចម្លាក់បង្កាន់ដៃយក្ស និងទេវតា ដួលរលំស្ទើរអស់គ្មានសល់ ហើយបានធ្វើឱ្យរចនាសម្ព័ន្ធរបស់ខ្លោងទ្វារមួយភាគធំ បានរងនូវការខូចខាតជាខ្លាំងដោយរូបចម្លាក់ព្រះឥន្ទគង់លើដំរីក្បាលបី បានរលុះធ្លាក់ដី ដំបូលរលុះ និងផ្នែកនៅសល់បានហែកញែករកកលនឹងរលុះធ្លាក់មកដី។

កញ្ញា ហាន សុច្ចរី ស្ថាបត្យករ និងជាអ្នកទទួលបន្ទុកលើការងារជួសជុលបង្កាន់ដៃរូបទេវតា និងអសុរា បានឱ្យដឹងកាlពីរសៀលថ្ងៃ១៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ថា ដំណើរការជួសជុលនេះ គឺមានកិច្ចការងារចម្បងៗចំនួនបី ដែលត្រូវធ្វើជាចាំបាច់ គឺ៖ ១) ការងាររៀបរន្ទាទល់ទ្រពង្រឹងរចនាសម្ព័ ន្ធ ប្រាង្គខ្លោងទ្វារទាំងមូល ដើម្បីការពារសុវត្ថិភាពក្នុងកំឡុងពេលធ្វើការ និងផ្តល់លទ្ធភាពសម្រាប់អ្នកបច្ចេកទេសសិក្សាបច្ចេកទេសរួមក្នុងការជួសជុល ។ ២) ការងារជួសជុលពង្រឹងជើងខឿនជ្រុងពាយព្យហើយនិងដំរីអាទិទេព ។ ៣) ការងារជួសជុលស្ពានប្រវែង ១០ម៉ែត្រ។ ចំពោះការងារជួសជុលខាងលើនឹងត្រូវអនុវត្តន៍ទន្ទឹមគ្នា គ្រោងនឹងដំណើរការដំណាលគ្នា។
ចំពោះបញ្ហាដែលក្រុមការងារជួបប្រទះ មានដូចជា ស្ថានភាពរូបចម្លាក់អមសងខាងស្ពានមានភាពទ្រុឌទ្រោមស្ទើរតែរាបដល់ដី ថ្មចម្លាក់មាននៅលាយឡំគ្នា និងខ្លះទៀតបានបាត់បង់ធ្វើឱ្យក្រុមការងារពិបាកក្នុងការស្វែងរកថ្មមករៀបចំផ្គុំឡើងវិញ និងការសិក្សាកំណត់យកអ័ក្សរួមនៃថ្មកម្រាល ចម្លាក់ លើរចនាសម្ព័ន្ធស្ពាន ដោយសារថ្មជញ្ជាំងគ្រឹះមួយចំនួនធំបានងាកចេញពីទីតាំងដើម។

សូមជម្រាបជូនថា ខ្លោងទ្វារតាកាវ ត្រូវបានប្រារព្ធពិធីក្រុងពលី ដើម្បីដំណើរការជួសជុលកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ក្រោមគំនិតផ្តួចផ្តើម និងជួយឧបត្ថម្ភដោយលោកជំទាវឧកញ៉ានាងវិសាខា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍កិតិ្តបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ អនុវត្តន៍ផ្ទាល់ដោយអាជ្ញាធរជាតិអប្សរា ៕
#អរគុណសន្តិភាព