ភ្នំពេញ៖ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU) រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន(TSIPWT)និងវិទ្យាស្ថានZejiang Institute of Communication(ZJIC) នៃសាធារណរដ្ឋប្រជាមានិតចិនតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ(Video Conference)។
វិទ្យាស្ថានZejiang Institute of Communication(ZJIC)ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៨ នៃសាកលវិទ្យាល័យ Zejiang Universityនិងបានបណ្តុះបណ្តាលសិស្សនិស្សិតលើជំនាញបច្ចេកទេសសរុបជាង ៤០ជំនាញក្នុងដេប៉ាតឺម៉ង់ចំនួន៩ រួមមាន៖ ដេប៉ាតឺម៉ង់ផ្លូវថ្នល់និងស្ពានដេប៉ាតឺម៉ង់ផ្លូវទឹក ដេប៉ាតឺម៉ង់គ្រប់គ្រងដឹកជញ្ជូន ដេប៉ាតឺម៉ង់ដឹកជញ្ជូនឆ្លាតវៃ និងដេប៉ាតឺម៉ង់Rail Transit។ល។
ជាមួយនឹងទំនាក់ទំនង និងភាពជាដៃគូនេះ វិទ្យាស្ថានទាំងពីរ (TSIPWTនិងZJIC) បានឯកភាពគ្នាលើគោលការណ៍ជាច្រើននៃកិច្ចសហប្រតិបត្តិការ ក្នុងការផ្លាស់ប្តូរបទពិសោធន៍លើការអប់រំ ការបណ្តុះបណ្តាលការផ្លាស់ប្តូរវប្បធម៌ ការអភិវឌ្ឍកម្មវិធីសិក្សា ការផ្លាស់ប្តូរCreditsទៅវិញទៅមក បង្កើតDual Degree Program, Internship Program ការផ្លាស់ប្តូរនិស្សិត សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវ ការផ្លាស់ប្តូរព័ត៌មាន ទិន្នន័យ បណ្ណាល័យ ការបោះពុម្ពការបង្កើតសន្និសីទសារព័ត៌មាន និងសិក្ខាសាលា និងការផ្លាស់ប្តូរធនធានផ្សេងៗទៀតជាដើម។

តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ ឯកឧត្តមមានសង្ឃឹមយ៉ាងមុតមាំថាវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងកាន់តែមានឱកាសបន្ថែមទៀត ក្នុងការផ្ដល់ចំណេះដឹងទាំងផ្នែកបច្ចេកទេស និងទ្រឹស្តីដល់និស្សិតរបស់យើង ដើម្បីប្រែក្លាយខ្លួនជាអ្នកមានជំនាញច្បាស់លាស់ បទពិសោធន៍ និងមានគុណធម៌ សីលធម៌ ដែលអាចដឹកនាំ និងអភិវឌ្ឍនៅក្នុងសង្គមបាននាពេលអនាគត។វិទ្យាស្ថានក៏នឹងផ្ដល់នូវចំណេះដឹងយ៉ាងទូលំទូលាយដល់និស្សិតនិងប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងដើម្បីយកនិស្សិតឆ្នើម និងសាស្ត្រាចារ្យល្អៗទៅដកស្រង់បទពិសោធន៍ជាក់ស្តែងនៅតាមការដ្ឋានក្នុងស្រុក ក៏ដូចជាបណ្តាប្រទេសនានាដូចជា៖ប្រទេសចិន ជប៉ុន កូរ៉េ ដែលជាដៃគូសហការរបស់ក្រសួងផងដែរ។
ទន្ទឹមនឹងនេះ វិទ្យាស្ថានតេជោសែន សាធាណការ និងដឹកជញ្ជូន គ្រោងពង្រីកទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍នានាដទៃទៀត ទាំងក្នុងនិងក្រៅប្រទេស ទាំងបណ្តាក្រុមហ៊ុនវិស័យឯកជន និងអង្គភាពស្ថាប័នរដ្ឋសំដៅជម្រុញដល់ការរួមគ្នាអភិវឌ្ឍ និងបណ្តុះបណ្តាលធនធានមនុស្ស ឆ្លើយតបទៅនឹងតម្រូវការការងារតាមគម្រោងការដ្ឋានហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍរបស់ប្រទេសជាតិផងដែរ។
ក្រោមការចង្អុលបង្ហាញប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន បានកំពុងខិតខំបណ្តុះបណ្តាលដល់និស្សិតទាំងអស់ ឱ្យក្លាយខ្លួនជាវិស្វករកម្ពុជា នាថ្ងៃអនាគតយ៉ាងពិតប្រាកដមានជំនាញច្បាស់លាស់ ដើម្បីបន្តយកទៅអភិវឌ្ឍខ្លួន សេដ្ឋកិច្ចសង្គម និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។
សូមជម្រាបជូនផងដែរថា ចាប់តាំងពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ រហូតមក និស្សិតចំនួន ១៩១នាក់ បានចាប់ផ្តើមចូលរៀនថ្នាក់សិក្សាឆ្នាំមូលដ្ឋានរបស់ខ្លួន ជាមួយនឹងការបង្រៀនផ្ទាល់ពីបន្ទប់រៀននៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន តាមរយៈប្រព័ន្ធអនឡាញ ដើម្បីជៀសផុតពីការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈការផ្ទុះឡើងនៃជំងឺនេះ កំពុងស្ថិតក្រោមការគ្រប់គ្រងតាមដាននៅឡើយ៕
#អរគុណសន្តិភាព