ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២១នេះ បរិវេណសាលាសង្កាត់ក្រាំងធ្នង់ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ ដឹកនាំដោយ លោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធានគណៈកម្មាធិការអនុសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត១៥គ្រួសារ ចាស់ជរា៣០គ្រួសារ ជនពិការ៥គ្រួសារ សរុបចំនួន៥០គ្រួសារ រស់នៅក្នុងសង្កាត់ក្រាំងធ្នង់ ។

ក្នុងឱកាសនោះ លោកប្រធានគណៈកម្មាធិការ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក ។ លោកបានលេីកឡេីងថា៖ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។ លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តបង្កេីនការប្រុងប្រយត្ន័បេីគ្មានការចាំបាច់កុំចេញក្រៅផ្ទះ និងជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ៣ការពារ និង ៣កុំ ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ។
អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖ អង្ករ២៥គីឡូក្រាម មី១០កញ្ចប់ ទឹកត្រី៦ដប ទឹកក្រូច៥កំប៉ុង ត្រីខ២កំប៉ុង ម៉ាស់២កញ្ចប់ និងជែលលាងដៃ១ដប ៕


#អរគុណសន្តិភាព