កែប៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ឯកឧត្ដម ប៉ាទ្រីក ម័រហ្វី (W. PATRICK MURPHY) នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នេះ បានអញ្ជើញធ្វើទស្សនកិច្ចមកកាន់ខេត្តកែប និងចូលជួបសម្តែងការគួរ សម និងពិភាក្សាការងារជាមួយ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប។

ក្នុងជំនួបពិភាក្សាការងារនោះ ឯកឧត្តម សោម ពិសិដ្ឋ ក៏បានជម្រាបជូនគណ:ប្រតិភូដោយសង្ខេបទាក់ទងទៅនឹងសក្តានុពល និង ស្ថានភាពទូទៅ នៃខេត្តកែប ក៏ដូចជាភាពរីកចម្រើនគ្រប់វិស័យពិសេសលើការងារគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការធានាសិទ្ធិសេរីភាព និងពង្រឹងលទ្ធិប្រជាធិបតេយ្យ នៅក្នុងខេត្តកែប។
ក្នុងនោះដែរ ឯកឧត្តម បានអរគុណចំពោះស្ថានទូត និងរដ្ឋការសហរដ្ឋអាមេរិក ដែលតែងផ្តល់ជំនួយ លើវិស័យអប់រំ កសិកម្ម ជំនួយក្នុងវិស័យដោះមីន ពិសេសជំនួយក្នុងយុទ្ធការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។
ឯកឧត្ដម ប៉ាទ្រីក ម័រហ្វី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ថា ឯកឧត្ដម មកទស្សនកិច្ចខេត្តកែប និងជួបពិភាក្សាជាមួយ ឯកឧត្ដម អភិបាលខេត្ត នាពេលនេះ ដើម្បីស្វែងយល់អំពីការងារគ្រប់គ្រង និងការទប់ស្កាត់ការឆ្លងរីករាល នៃជំងឺកូវីដ-១៩ ក៏ដូចជា ស្វែងយល់អំពីសក្តានុពល និងការងារអភិវឌ្ឍន៍ នៅក្នុងខេត្តកែប ។
ឯកឧត្ដម បន្តថា បន្ទាប់ពីការជួបពិភាក្សាការងារជាមួយ ឯកឧត្ដម អភិបាលខេត្តកែប ដោយផ្ទាល់ រួមជាមួយនិងការស្វែងយល់ អំពីស្ថានភាពជាក់ស្ដែង ឯកឧត្ដមបានយល់ដឹងកាន់តែច្បាស់ អំពីប្រវត្តិសាស្ត្រ និងប្រពៃណី ក៏ដូចជា បញ្ហាប្រឈមនានា នៅក្នុងខេត្តផងដែរ និជំរុញកិច្ចសហប្រតិបត្តិការ រវាងស្ថានទូតអាមេរិក និងខេត្តកែប ឱ្យកាន់តែប្រសើរឡើងថែមទៀត ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិក បានផ្តល់ថវិកាមួយផ្នែក ដល់យន្តការកូវ៉ាក់ ។ ជាក់ស្ដែងនាពេលថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសផ្ដល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយផ្ទាល់ ទៅកាន់ពិភពលោក ដែលក្នុងនោះប្រទេសកម្ពុជា គឺជាគោលដៅមួយផងដែរ ក្រៅពីនោះ ក៏មានយន្តការជំនួយទាក់ទងជាមួយវិស័យសុខាភិបាល វិស័យអប់រំ និងកសិកម្មជាដើម៕