ភ្នំពេញ៖ ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រសួងការពារជាតិ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣) ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១១ ខែតុលា ហើយគិតត្រឹមថ្ងៃទី២៤ ខែតុលាកន្លងទៅនេះមានប្រជាពលរដ្ឋចំនួន ៤៩៥,២៧៤នាក់ ក្នុងនោះមានស្រ្តី ២៨៤,៦២៣នាក់ ទទួលបានការចាក់វ៉ាក់សាំងដូសជំរុញ។
ការចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋរស់នៅក្នុងរាជាធានីភ្នំពេញត្រូវបានធ្វើឡើងនៅខណ្ឌចំនួន៦ រួមមាន៖ ខណ្ឌមានជ័យ, ដង្កោ, កំបូល, ពោធិ៍សែនជ័យ, ឫស្សីកែវ, ទួលគោក និងខណ្ឌសែនសុខ ចំនួន ១សង្កាត់ ដោយក្នុងនោះឯកសារដែលតម្រូវសម្រាប់ភ្ជាប់ទៅជាមួយរួមមានបណ្ណចាក់វ៉ាក់សាំងដូសទី១ និងទី២កន្លងមក ហើយករណីពុំមានបណ្ណត្រូវភ្ជាប់ទៅជាមួយលិខិតទម្រង់ចាក់វ៉ាក់សាំងកាលពីដូសទី១ និងទី២៕