You are currently viewing សម្ដេចតេជោ ហ៊ុន សែន៖ មហាសន្និបាតវិសាមញ្ញគណបក្សប្រជាជនកម្ពុជា នៅចុងសប្ដាហ៍នេះ ប្រមូលផ្ដុំដោយបញ្ញាញាណ ដើម្បីរៀបចំក្របខ័ណ្ឌគោលនយោបាយ

សម្ដេចតេជោ ហ៊ុន សែន៖ មហាសន្និបាតវិសាមញ្ញគណបក្សប្រជាជនកម្ពុជា នៅចុងសប្ដាហ៍នេះ ប្រមូលផ្ដុំដោយបញ្ញាញាណ ដើម្បីរៀបចំក្របខ័ណ្ឌគោលនយោបាយ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា នឹងធ្វើមហាសន្និបាតវិសាមញ្ញរបស់ខ្លួន រយៈពេលពីរថ្ងៃ នៅចុងសប្ដាហ៍នេះ ពោលនៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣ ដែលត្រូវនឹងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីសាកលវិទ្យាល័យវេស្ទើន ជាង៣ពាន់នាក់, សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា មហាសន្និបាតនេះ គឺឡើងក្នុងគោលបំណងជជែករៀបចំក្របខ័ណ្ឌគោលនយោបាយ ២០២៣-២០២៨។

បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ការអនុម័តនូវក្របខ័ណ្ឌគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ឆ្នាំ២០២៣-២០២៨ មិនមែនធ្វើត្រឹមតែមនុស្ស៤ ១០នាក់នោះទេ ផ្ទុយទៅវិញមានការចូលរួមតាំងពីថ្នាក់ដឹកនាំស្រុក ដើម្បីផ្ដល់មតិទៅលើទិសដៅដែលត្រូវប្រកាន់យកក្នុងរយៈពេល៥ឆ្នាំទៅមុខ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «គណបក្សប្រជាជនកម្ពុជា នឹងប្រជុំនៅចុងសប្ដាហ៍នេះ យកពេលថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ សម្រាប់មហាសន្និបាតទូទាំងប្រទេស រយៈពេលពីរថ្ងៃ ដើម្បីជជែករៀបចំក្របខ័ណ្ឌគោលនយោបាយ ២០២៣-២០២៨ មិនមែនអនុម័តដោយមនុស្សម្នាក់ ពីរនាក់ ឬបួន ដប់នាក់ទេ។ នេះអញ្ជើញតាំងពីថ្នាក់ស្រុកមកធ្វើការជួបជុំ ផ្ដល់មតិទៅលើទិសដៅដែលត្រូវប្រកាន់យកក្នុងរយៈពេល៥ឆ្នាំទៅមុខ ហើយត្រូវប្រើទៅដល់មហាសន្និបាតតំណាងទូទាំងប្រទេសវិសាមញ្ញទៅទៀត»

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា ក្របខ័ណ្ឌគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា មិនមែនកំណត់ដោយសម្ដេចតែម្នាក់ឯង ឬគណៈអចិន្ដ្រៃយ៍ ឬគណៈកម្មាធិការកណ្ដាលនោះទេ ពោលប្រមូលផ្ដុំនៃបញ្ញាញាណមនុស្សរាប់ពាន់នាក់ ដែលតំណាងមកតាំងពីថ្នាក់ស្រុក ដើម្បីមកចូលរួមផ្ដល់នូវយោបល់សម្រាប់កម្មវិធីនយោបាយ រយៈពេល៥ឆ្នាំទៅមុខ លើមូលដ្ឋានដែលមានរួចហើយ និងអ្វីដែលត្រូវកែសម្រួល។

សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា ក្នុងនោះ បញ្ហាមនុស្ស ក្លាយទៅជាបញ្ហាសំខាន់ជាងគេ ដូចដែលសម្ដេចធ្លាប់និយាយហើយថា ថវិកាឆ្នាំ២០២៣ គឺជាថវិកាបម្រើឲ្យមនុស្ស។ ក្នុងនោះមានទាំងការតម្លើងបៀវត្ស៍ ការធ្វើអន្ដរាគមន៍ជួយចំពោះអ្នកក្រីក្រដែលជួបបញ្ហាកូវីដ បញ្ហាអតិថរណាជាដើម។

ពាក់ព័ន្ធបញ្ហាមនុស្សនេះ ប៉ុន្មានថ្ងៃមុននេះ សម្ដេចក៏បានឲ្យដឹងពីគម្រោងនឹងបណ្ដុះបណ្ដាលយុវជន១.៥លាននាក់ ហើយពេលចូលរៀនមិនត្រឹមតែមិនបង់ប្រាក់ទេ តែរដ្ឋផ្ដល់ប្រាក់ឧបត្ថម្ភឲ្យ ដើម្បីយើងមានធនធានមនុស្សបម្រើឲ្យសេចក្ដីត្រូវការនៃការវិនិយោគពីខាងក្រៅ ខណៈដែលបច្ចុប្បន្នកម្ពុជា បានក្លាយជាគោលដៅនៃការវិនិយោគទាក់ទាញពីខាងក្រៅ។

សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ ក៏បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញឲ្យបានជ្រាបថា នៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ០៧ៈ០០នាទីព្រឹក គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នឹងរៀបចំប្រារព្ធធ្វើមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នៅវិមាន ៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ដើម្បីឲ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀប រយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀសចរាចរ ចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីស្តុបជលផល ដល់ស្ពានអាកាស ក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី) នៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ចាប់ពីម៉ោង ០៥:០០នាទី រហូតដល់បញ្ចប់កម្មវិធី៕

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331