You are currently viewing នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ ក្រោមម្លប់សន្តិភាពដែលកើតចេញពីនយោបាយឈ្នះ ឈ្នះ វិស័យព្រះពុទ្ធសាសនាត្រូវបានយកចិត្តទុកដាក់ និងលើកកម្ពស់

នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ ក្រោមម្លប់សន្តិភាពដែលកើតចេញពីនយោបាយឈ្នះ ឈ្នះ វិស័យព្រះពុទ្ធសាសនាត្រូវបានយកចិត្តទុកដាក់ និងលើកកម្ពស់

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងថា ក្រោមម្លប់សន្តិភាពដែលកើតចេញពីនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន វិស័យព្រះពុទ្ធសាសនាត្រូវបានយកចិត្តទុកដាក់ និងលើកកម្ពស់ជានិច្ច ពីព្រោះព្រះ​ពុទ្ធសាសនា គឺជា​ឃ្លាំងផ្តល់​នូវ​ពុទ្ធិ ថែរក្សា​គម្ពីរ​អក្សរសាស្រ្ត វប្បធម៌ អរិយ​ធម៌ ប្រពៃណី និង​ថែរក្សាព្រលឹងជាតិ។

ការលើកឡើងរបស់ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង បែបនេះ ខណៈអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានានៅវត្តត្រគៀត ស្ថិតក្នុងភូមិត្រគៀត ឃុំរកា ស្រុកពារាំង​ ខេត្ត​ព្រៃវែង។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត បានកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដល់ឬសគល់ ក្នុងនោះទីអារាមព្រះពុទ្ធ​សសាសនាត្រូវបានវាយកម្ទេច ព្រះវិហារធ្វើជាឃ្លាំង និងជាទីកន្លែងចិញ្ចឹមសត្វ សិទ្ធិសេរីភាពជំនឿសាសនា ទំនៀមទំលាប់ប្រពៃណី ត្រូវបានលុបបំបាត់ទាំងស្រុង។

ឯកឧត្តមបានបន្តថា ផ្តើមចេញពីការតស៊ូរំដោះជាតិ ដឹកនាំដោយគណបក្សប្រជាជន បានសង្រ្គោះជាតិ និងអាយុជីវិតប្រជាជនឲ្យរួចផុតពីសេចក្តីស្លាប់ នាថ្ងៃទី៧មករា ឆ្នាំ១៩៧៩ ហើយនេះចាត់ទុកជាជ្រោះមរណៈទីមួយ។ ដោយឡែក ក្នុងបរិបទ​​ដែលកម្ពុជាស្ថិតក្នុងជ្រោះមរណៈ នៃ​​ការឆ្លង​​​រាត​ត្បាតដោយ​​ជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានដា​ក់​ចេញ​យុទ្ធសាស្ត្រនិងវិធានការមុតស្រួច ដើម្បីសង្គ្រោះជីវិ​ត​ពលរដ្ឋឱ្យរួចផុតពីជ្រោះមរណៈនៃជំងឺកូវីដ-១៩ ជាលើកទីពីរ។

«កម្ពុជាភ័ព្វសំណាង ដែលមានមេដឹកនាំដ៏ឈ្លាសវៃ គឺ​សម្តេចតេជោ ហ៊ុន សែន ដែលជាវីរ​បុរស​ស្នេហាជាតិ ជាបិតាស្ថាបនិកសន្តិភាព ជាអ្នក​ធានា​ការពារ​អធិប​តេយ្យ​ជាតិ បូរណ​ភាពទឹកដី​យ៉ាង​រឹង​មាំ ពង្រឹងខឿនការពារសុខភាពរបស់ប្រជាជន និងលើកកម្ពស់កម្រិតជីវ​ភាព​ប្រជា​ពល​រដ្ឋ ឱ្យ​រស់នៅក្នុង​សង្គម​​​ដែល​មាន​ភាព​សុខដុមរមនា និង​ការអភិវឌ្ឍ»

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះ​ព្រះទ័យ​ផ្តួចផ្តើម និងការខិតខំរបស់ព្រះចៅអធិការ​គ្រប់​ជំនាន់ ព្រមទាំងព្រះសង្ឃគ្រប់ព្រះអង្គ រួមជាមួយសប្បុរសជន ពុទ្ធបរិស័ទ​ បានសាមគ្គីគ្នាបរិ​ច្ច្ចាគធនធាន កសាងសមិទ្ធ​ផលក្នុងទីអារាម សម្រាប់​ប្រើប្រាស់ដល់វិស័យ​ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

បន្ថែមលើសនេះ ឯកឧត្តម អគ្គមេបញ្ជាការ បានលើកឡើងពីតម្លៃសន្តិភាព ដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍរីកចម្រើន ទាំងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ។ ហើយថ្មីៗនេះ សន្តិភាព បានផ្តល់ឱកាសឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលៗ កម្រិតពិភពលោក ទទួលបានជោគជ័យ ដែលជាការលើកកម្ពស់មុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ។

«មនុញ្ញផលនៃសន្តិភាព ដែលកម្ពុជាទទួលបាននាបច្ចុប្បន្ននេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ តែជាផែនទីចង្អុលផ្លូវដ៏ច្បាស់លាស់ លើមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់អាទិភាពខ្ពស់បំផុត គឺសន្តិភាព»

ជាមួយនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តរួមគ្នាថែរក្សាពួនជ្រុំរាល់សមិទ្ធផលដ៏ថ្លៃថ្លារបស់សង្គមជាតិឱ្យបានរឹងមាំ និងប្តេជ្ញាដាច់ខាតការពារសន្តិភាព ឯកភាពជាតិឱ្យបានស្ថិតស្ថេរគង់វង្សជានិច្ច មិនឱ្យជនណា ឬអានុភាពណាមកបំផ្លាញបានឡើយ៕

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331