លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសលោក ទូច ម៉ាឡា ឲ្យចូលកាន់តំណែង ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តសៀមរាប ជំនួសលោក ខេង ញ៉ុល ដែលត្រូវបានទទួលភារកិច្ចថ្មី ជាអគ្គារធិការរង នៃក្រសួងអភិវឌ្ឍន៍ជនបទ។ ពិធីនេះ ធ្វើឡើងនៅសាលាខេត្តសៀមរាប។

លោក ទូច ម៉ាឡា ប្រធានមន្ទីរអភវឌ្ឍន៍ជនបទ ខេត្តសៀមរាប ដែលទើបទទួលភារកិច្ចថ្មី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកអភិបាលខេត្តសៀមរាប ដែលបានផ្ដល់នូវសេចក្ដីទុកចិត្ត តែងតាំងរូបលោក ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប។
លោកបានប្ដេជ្ញាចិត្តថា នឹងរក្សាសាមគ្គីភាពផ្ទៃក្នុង ខិតខំឲ្យអស់ពីកម្លាំង កាយចិត្ត បន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន មន្ទីរជុំវិញខេត្ត អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូរអភិវឌ្ឍន៍នានា ដើម្បីជំរុញការងារអភិវឌ្ឍន៍ជនបទ ឲ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល៕