រសៀលថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០២៣ វេលាម៉ោង២ និង៣០នាទី នៅក្នុងសាលប្រជុំធំ របស់រដ្ឋបាលខេត្តសៀមរាប មានកិច្ចប្រជុំពាក់ព័ន្ធនឹងការងារគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប ប្រចាំឆមាសទី១ ឆ្នាំ២០២៣ ដឹកនាំដោយ លោក អ៉ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ញើញចូលរួមពី លោក/លោកស្រី អភិបាល អភិបាលរងក្រុងស្រុក លោក/លោកស្រីប្រធានអនុប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធទាំងអស់។
ក្នុងនោះដែលលោក អ៉ឹង សុភ័ណ នាយកទីចាត់ការអន្តរវិស័យ បានរាយការណ៍ជូនគណៈអធិបតី និងអង្គប្រជុំទាំងមូល អំពីការងារការគ្រប់គ្រងគ្រោះមហន្តរាយកើតឡើងដោយសារគ្រោះធម្មជាតិ និងឧបទ្ទវហេតុផ្សេងៗ ប្រចាំឆមាសទី១ ឆ្នាំ២០២៣ (គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣) នេះ មានក្រុង-ស្រុកចំនួន១២ ដែលបានទទួលរងនូវផលប៉ះពាល់ និងការខូចខាត។
លោកនាយកទីចាត់ការអន្តរវិស័យ បានជម្រាបជូនបន្តទៀតថា ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនេះ កន្លងមក គណៈកម្មការធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សហការក្រុង ស្រុក មន្ទីរ-អង្គភាពជំនាញ កម្លាំងសមត្ថកិច្ច សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អង្គការដៃគូរ និងសប្បុរសជននានាបានជួយសង្គ្រោះដល់ជនរងគ្រោះ និងបានចូលរួមអន្តរាគមន៍ភ្លាមៗ នៅពេលមានគ្រោះថ្នាក់ ឬឧបទ្ទវហេតុផ្សេងៗកើតឡើង ដូចជា ខ្យល់កន្ត្រាក់ អគ្គិភ័យ ជាដើម៕