You are currently viewing យុទ្ធនា​ការ «១ម៉ឺនរៀល ១ម៉ឺន​នាក់» របស់​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ទទួល​បាន​ថវិកា​ជាង ២លាន​ដុល្លារ

យុទ្ធនា​ការ «១ម៉ឺនរៀល ១ម៉ឺន​នាក់» របស់​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ទទួល​បាន​ថវិកា​ជាង ២លាន​ដុល្លារ

បណ្ឌិត ចន ណារិទ្ធ អនុ​រដ្ឋ​លេខាធិ​ការ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញ​វត្ថុ និង​ជា​ប្រធាន​លេខាធិ​ការដ្ឋាន មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា បាន​ប្រាប់​បណ្តាញ​ព័ត៌មាន Fresh News នៅ​ថ្ងៃទី៤ ខែ​កក្កដា ឆ្នាំ២០២៣នេះថា យុទ្ធនា​ការ «១ម៉ឺនរៀល ១ម៉ឺន​នាក់» សម្រាប់​កុមារ​កម្ពុជា​ឆ្នាំ២០២៣ ដែល​បាន​ចាប់​ផ្តើម កាលពី​ថ្ងៃទី១ ខែ​មិថុនា ២០២៣ ដើម្បី​អបអរ​សាទរ​ទិវា​កុមារ​អន្តរជាតិ បានបិទ​បញ្ចប់​ត្រឹម​ថ្ងៃទី៣០ ខែ​មិថុនា ឆ្នាំ២០២៣ ផ្តល់​ឱ្យ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ទទួល​បាន​ថវិកា​ជាង ២លាន​ដុល្លារពី​សប្បុរស​ជន​ជាង ២២ម៉ឺន​នាក់​។

លោក​បណ្ឌិត​បញ្ជាក់ថា យុទ្ធនា​ការ «១ម៉ឺនរៀល ១ម៉ឺន​នាក់» សម្រាប់​កុមារ​កម្ពុជា​ឆ្នាំ២០២៣ ជា​យុទ្ធនា​ការ​ដ៏​សំខាន់​មួយ ក្នុង​ចំណោម​យុទ្ធនា​ការ​នានា របស់​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ដែល​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ពីសារធារណជន, ក្រសួង-ស្ថាប័ន​រដ្ឋ, គ្រឹះស្ថាន​ឯកជន, សារ​ព័ត៌មាន​ជាតិ-អន្តរជាតិ, បុគ្គល​មាន​ប្រជាប្រិយ​ជា​ច្រើន​។ មិន​ត្រឹមតែ​បាន​ចូល​រួម​បរិច្ចាគ ជូន​មូលនិធិ​គន្ធ​បុប្ផា ក្នុង​ស្មារតី «ខ្មែរជួយ​ខ្មែរ» ប៉ុណ្ណោះ​ទេ, ពួក​គាត់ថែម​ទាំង​បាន​ចូល​រួម​ផ្សព្វផ្សាយ ឱ្យ​បាន​កាន់តែ​ទូលំ​ទូលាយ​ទៀតផង​។

លោក​បញ្ជាក់​ដូច្នេះថា «ក្នុងរយៈ​ពេល១ខែ​នេះ យើង​ទទួល​បាន​ថវិកាបិរច្ចាគ​ចំនួន​ជាង ២លាន​ដុល្លារ (ទាំង​ការ​បរិច្ចាគ​ដោយ​ផ្ទាល់ នៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា និង​ការ​បរិច្ចាគ​តាម​បណ្ដាញ​ធនាគារ​ចល័ត​ជា​ដៃគូ​របស់​មូលនិធិ) ពី​សប្បុរស​ជន​ជាង ២២ម៉ឺន​នាក់​។ ពាក់​ព័ន្ធ​នឹង​ការបែងចែក​ថវិកា​ទទួល​បានពី​ការ​បរិច្ចាគ​នេះ, ខ្ញុំ​អាច​បញ្ជាក់ថា មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ជា​ចន្ទុល​ផ្នែកហិរញ្ញ​វត្ថុ​មួយ សម្រាប់​គាំទ្រ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ជា​មួយ​ចន្ទុល​មួយ​ទៀតគឺ មូលនិធិ​គន្ធ​បុប្ផា​ស្វីស​។ ដូច​ច្នេះ ថវិកា​ដែល​ទទួល​បានពី​ការ​បរិច្ចាគ មិនថាពី​យុទ្ធនា​ការ ១ម៉ឺនរៀល ១ម៉ឺន​នាក់ នេះ ឬពី​ការ​បរិច្ចាគ​នានា​នោះ​ទេ ត្រូវ​បាន​ដាក់​នៅ​ក្នុងពាង​រួម​មួយ របស់​មូលនិធិ រួច​ធ្វើ​ការ​ផ្ទេរជូនមន្ទីរ​ពេទ្យ​គន្ធ​បុប្ផា តាម​តម្រូវការ​ចាំបាច់»។

លោក​បណ្ឌិត​បាន​បន្ថែមថា មានកក្តា​ធំៗ​ចំនួន២ ដែល​អាច​ជំរុញឱ្យ​យុទ្ធនា​ការ «១ម៉ឺនរៀល ១ម៉ឺន​នាក់» ទទួល​បាន​ការ​ចូល​រួម​យ៉ាងផុសផុលពី​មហាជន និង​អាច​ទទួល​បាន​ជោគជ័យ​ជាទី​មោទកៈ គឺ១). ទឹក​ចិត្ត​ដ៏​ធំធេង​នៃ​ការ​ចូល​រួម​ចំណែក ក្នុង​ការងារ​មនុស្ស​ធម៌​របស់​ពលរដ្ឋ​ខ្មែរ ដើម្បី​រួម​គ្នា​ផ្ដល់​ភាព​ញញឹម​ដល់​កុមារ​នៅ​កម្ពុជា តាមរយៈ​ការ​រក្សាឱ្យ​ខាងតែ​បាន​នូវ​និរន្តរ​ភាព នៃ​កិច្ច​ដំណើរ​ការ​របស់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ជា​ពិសេស​នៅពេល​ដែល​ពួក​គាត់​មាន​ជីវភាព​ប្រសើរ​ឡើង, ២). ការ​ខិតខំ​របស់​ក្រុម​ការងារ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា តាម​ការ​ចង្អុល​បង្ហាញ​របស់ អគ្គ​បណ្ឌិតសភាចារ្យ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញ​វត្ថុ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាបរធនបាល​នៃ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ព្រម​ទាំង​មាន​កិច្ច​សហការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំ​ទូលាយ ពី​សំណាក់​សារ​ព័ត៌មាន​ជាតិ-អន្តរជាតិ ក៏​ដូចជា​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​នានា ដោយ​បុគ្គល​មាន​ប្រជាប្រិយ​ជា​ច្រើន​ផងដែរ​។ បន្ថែមលើ​ចំណុច​ទាំង២ខាងលើ, ការ​ខិតខំ និងយក​ចិត្ត​ទុក​ដាក់​ខ្ពស់ពី​សំណាក់គណៈ​គ្រប់​គ្រង លោក​គ្រូ អ្នក​គ្រូ​ពេទ្យ និង​បុគ្គលិក​ទាំង​អស់​របស់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ក្នុង​ការ​រួម​គ្នា​ផ្ដល់​សេវា​ពិនិត្យ និង​ព្យាបាល​ទារក និង​កុមារ​នៅ​កម្ពុជា ប្រកបដោយ​គុណ​ភាព នា​ពេល​កន្លងមក ក៏​ជា​កត្តា​រួម​ចំណែក​ដ៏​សំខាន់ ក្នុង​ការ​ធ្វើឱ្យ​យុទ្ធនា​ការ​នេះ​ទទួល​បាន​ជោគជ័យ​។

មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ជា​មូលនិធិ​ជាតិ​តែមួយគត់ ដែល​ត្រូវ​បាន​បង្កើត​និង​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ កាលពី​ថ្ងៃទី១១ ខែ​មេសា ឆ្នាំ២០១៨ ដោយ​មាន​ស​ម្តេចតេជោ ហ៊ុន សែន និង ស​ម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ស្ថាបនិក និង​ជា​ប្រធាន​កិត្តិយស ក្នុង​គោលបំណង​រួម​គ្នា​ជា​មួយ​មូលនិធិ​គន្ធ​បុប្ផា​ស្វីស ក្នុង​ការ​ធ្វើ​ជា​ចន្ទុល​ផ្នែកហិរញ្ញ​វត្ថុ​របស់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ដែល​បាន និង​កំពុង​ពិនិត្យ និង​ព្យាបាល​កុមារ រាប់លាន​នាក់​នៅ​កម្ពុជា ប្រកបដោយ​គុណ​ភាព ឥត​គិត​ថ្លៃ និង​មិន​មាន​ការ​រើសអើង​។ មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា និង​មូលនិធី​គន្ធ​បុប្ផា​ស្វីស នឹង​នៅតែ​រួម​គ្នាជួយ​រក្សា​និរន្តរ​ភាព​នៃ​កិច្ច​ដំណើរ​ការ​របស់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ស្រប​តាម​ការ​តាំង​ចិត្ត​របស់ ស​ម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា​។

ជាមួយ​គ្នា​នេះ ក្នុង​នាម​អគ្គ​បណ្ឌិតសភាចារ្យ អូន ព័ន្ធ​មុន​រ័ត្ន, បណ្ឌិត ចន ណារិទ្ធ ប្រធាន​លេខាធិ​ការ​ដ្ឋាន​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា សូម​ថ្លែង​អំណរ​គុណ​គ្រប់​ក្រសួង-ស្ថាប័ន, ក្រុម​ហ៊ុន​ឯកជន និង​សប្បុរស​ជន​នានា ជា​ពិសេស​សារ​ព័ត៌មាន​ជាតិ អន្តរជាតិ​ទាំង​អស់ ចំពោះ​ការ​ចូល​រួម​សហការ​ផ្សព្វផ្សាយ​អំពី​យុទ្ធនា​ការ «១ម៉ឺនរៀល ១ម៉ឺន​នាក់» និង​ចូល​រួម​បរិច្ចាគនា​ពេល​កន្លងមក យ៉ាងផុសផុល ដើម្បី​រួម​គ្នាជួយសង្រ្គោះ​កុមារ​នៅ​កម្ពុជា​។ ថវិកា​បរិច្ចាគ​របស់​លោក​អ្នក​ពិតជា​មាន​តម្លៃ​ខ្លាំង​ណាស់ សម្រាប់ជួយសង្គ្រោះ​ជីវិត​កុមារ​នៅ​កម្ពុជា​។

លោក​ក៏បាន​បន្ត​អំពាវនាវ​ដល់បង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់ ដែល​ជា​សប្បុរសជន សូម​បន្ត​ចូល​រួម​ជា​មួយ​មូលនិធិ​គន្ធបប្ផា​កម្ពុជា ក្នុង​ស្មារតី «ខ្មែរជួយ​ខ្មែរ» ទោះបីជា​យុទ្ធនា​ការ «១ម៉ឺនរៀល ១ម៉ឺន​នាក់» ត្រូវ​បានបិទ​បញ្ចប់​កាលពី​ថ្ងៃទី៣០ ខែ​មិថុនា ឆ្នាំ២០២៣ ក៏ដោយ ព្រោះ​ការ​ពិនិត្យ និង​ព្យាបាល​កុមារ​នៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​នៅតែ​បន្ត ដែល​មានន័យថា មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា នៅតែ​ត្រូវ​ការ​ថវិកា​ជា​ប្រចាំ​ប្រមាណ ១២ម៉ឺន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ឬ ៤០លាន​ដុល្លារ អាមេរិក ក្នុង១ឆ្នាំ ដើម្បី​បន្ត​ប្រតិបត្តិ​ការ​មនុស្ស​ធម៌​សង្រ្គោះ​ជីវិត​កុមារ​នៅ​កម្ពុជា​៕

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331