នៅព្រឹកថ្ងៃអង្គារ ២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើរបស់ កងវិស្វកម្មលេខ១៧៨ ស្ពាន-ថ្នល់ ស្នើសូមកាយយកល្បាយគ្រួសក្រហមដើម្បីស្ថាបនាផ្លូវមួយខ្សែប្រវែង ១០ ០០០ម៉ែត្រ ចាប់ពីភូមិគគីរជ្រុំ ទៅភូមិត្រពាំងឈើត្រាវ ស្រុកថ្មបាំង ខេត្តកោះកុង។
ដែលគម្រោងនេះ គឺជាគម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ DBST។ តាមរយៈកិច្ចប្រជុំពិភាក្សាជាមួយមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ក្នុងនាមរដ្ឋបាលខេត្ត បានឯកភាពជាគោលការណ៍ អនុញ្ញាតឱ្យកងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ កាយយកក្បាលគ្រួសក្រហម ដើម្បីស្ថាបនាផ្លូវជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោក សុខ សុទ្ធី បានណែនាំដូចខាងក្រោម៖
-ក្នុងករណីទីតាំងដីកាយយកល្បាយគ្រួសក្រហម ជាដីស្ថិតនៅក្នុងតំបន់ដីសម្បទានសង្គមកិច្ច ឬដីបំរុងខេត្ត សូមកងវិស្វកម្មលេខ១៧៨ សហការជាមួយអាជ្ញាធរមូលដ្ឋាន ហើយរដ្ឋបាលស្រុក ត្រូវជូនដំណឹងមករដ្ឋបាលខេត្តវិញអំពីទីតាំងដីដែលអាចកាយយកគ្រួសក្រហមមកធ្វើផ្លូវបាន។
-ប្រសិនបើ ទីតាំងដីកាយយកល្បាលគ្រួសក្រហម ជាដីស្ថិតនៅក្នុងតំបន់ការពារធម្មជាតិគ្រប់គ្រងដោយក្រសួងបរិស្ថាន សូមកងវិស្វកម្មលេខ១៧៨ ធ្វើលិខិតសំណើសូមដោយបញ្ជាក់អំពីទីតាំង ផែនទី និយាមកាដីឱ្យបានច្បាស់លាស់ ដើម្បីឱ្យមន្ទីរបរិស្ថានធ្វើសំណើទៅក្រសួងបរិស្ថានតាមនីតិវិធី ៕