ដើម្បីអបអរសាទរបុណ្យរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៣នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរីបាននាំយកកូនឈើចំនួន ១៥០០ ដើម ដើម្បីយកមកដាំក្នុងបរិវេណព្រលានយន្តហោះចាស់ និងជុំវិញផ្សារ ស្ថិតនៅសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ ទិវានេះប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងលោកជំទាវ នឹងក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត អភិបាលក្រុង ស្រុកទាំង៩ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាព និងយុវជនស.ស.យ.ក កាយរឹទ្ធិ សិស្សានុសិស្ស ជាច្រើនកុះករផងដែរ ។

ថ្លែងក្នុងពិធីប្រកបដោយគុណប្រយោជន៍ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានលើកឡើងថាទិវាពលកម្មដាំដើមឈើជាប្រពៃណីជាតិនេះ គឺជាការអនុវត្តនូវចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាលនៅក្នុងកិច្ចការពារធនធានធម្មជាតិ ជាពិសេសក្នុងគោលដៅគាំទ្រដល់សកម្មភាពថែរក្សាការពារព្រៃឈើ សត្វព្រៃ និងដាំដើមឈើគ្រប់ប្រភេទឡើងវិញពីព្រោះថា“ព្រៃឈើមានតម្លៃជាពហុប្រយោជន៍ទាំងផ្នែកវប្បធម៌ សេដ្ឋកិច្ច និងសង្គម ហើយព្រៃឈើក៏មានតម្លៃយ៉ាងធំសម្រាប់មនុស្សជាតិ ជាសរសៃឈាមក្នុងវិស័យកសិកម្ម ទេសចរណ៍ ជាអាយុជីវិតរបស់ប្រជាកសិករ និងជាប្រភពនៃកំណើនសេដ្ឋកិច្ច។ ដូច្នេះយើង ត្រូវតែរួមគ្នាថែរក្សា ការពារព្រៃឈើ និងសត្វព្រៃ និងដាំដើមឈើឲ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង។
ឯកឧត្តមបានបន្តថា ពិធីអបអរសាទរបុណ្យរុក្ខទិវា ក្នុងថ្ងៃនេះ នៅកន្លែងនេះ និងនៅកន្លែងផ្សេងទៀតនៅទូទាំងប្រទេសមានអត្ថន័យនិងសារៈសំខាន់ដ៏ជ្រាលជ្រៅបំផុតសម្រាប់បំផុស ស្មារតីប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ទាំងអស់ឲ្យចូលរួមដាំដុះព្រៃឈើ និងថែរក្សាការពារព្រៃឈើ សត្វព្រៃឲ្យបានគង់វង្ស ហើយលើសពីនេះអភិវឌ្ឍន៍ធនធានទាំងនេះ កាន់តែសំបូរឡើងថែមទៀត សម្រាប់ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលយើង។ យើងទាំងអស់គ្នាចូលរួមយ៉ាងច្រើនកុះករ និងក្លៀវក្លាក្នុងការដាំដើមឈើនាពេលនេះ គឺជាការបន្តនូវវប្បធម៌ប្រពៃណីដ៏ល្អដែលមានតាំងពីយូរលង់មកហើយ ដើម្បីអភិវឌ្ឍន៍ និងថែរក្សាព្រៃឈើ ដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ជាតិ។
សូមបញ្ជាក់ផងដែរថាកូនឈើដែលបានយកមកដាំនៅបរិវេនព្រលានយន្តហោះ និងនៅជុំវិញផ្សារនាព្រឹកនេះជាប្រភេទកូនឈើចម្រុះជាង១៥០០ដើម រួមមានកូនឈើគ្រញូង នាងនួន បេង ធ្នង់ អង្កាញ់ គគីរ កកោះ ឈើទាល ក្ងោក សាគូរ៉ា និងកូនអំពិលទឹកបារាំងផងដែរ ៕