ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច សហការជាមួយស្ថាប័នពាក់ព័ន្ធ ចុះអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ជាពិសេសពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ នៅតាមមូលដ្ឋាន និងបទល្មើសនេសាទគ្រប់ប្រភេទ ឲ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

ប្រសាសន៍ដ៏មានអត្ថន័យនេះ ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ដែលមានការអញ្ជើញចូលរួមពី គណៈអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប នាព្រឹកថ្ងៃទី០៥ ខេត្តកក្កដា ឆ្នាំ២០២៣។
ឯកឧត្តម ងួន រតនៈ ថ្លែងទៀតថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំនេះ ដើម្បីស្ដាប់របាយការណ៍វឌ្ឍនភាពប្រចាំខែរបស់ខេត្ត និងសកម្មភាពនានាដែលបានកើតមានឡើងនៅក្នុងខេត្តកំពង់ធំ។ លើសពីនេះទៀតឯកឧត្តម ងួន រតនៈ ក៏បានជំរុញដល់មន្ត្រីជំនាញទាំងអស់ បន្តអប់រំ បង្ក្រាប និងដកហូត លើប្រជាពលរដ្ឋណាដែលបន្តកាប់ទន្ទ្រានដីព្រៃលិចទឹក បន្ទាប់ពីអាជ្ញាធរបានធ្វើការកំណត់ព្រំប្រទល់ ច្បាស់លាស់រវាងដីឯកជន និងដីរបស់រដ្ឋ ។