ក្រសួងការបរទេសរបស់ប្រទេសអេហ្ស៊ីប និងទួរគី បានប្រកាស នៅថ្ងៃអង្គារ (ទី៤ ខែកក្កដា) នេះ ថា ប្រទេសទាំង២ បានតែងតាំងឯកអគ្គរដ្ឋទូតប្រចាំនៅរដ្ឋធានីរបស់ខ្លួនទៅវិញទៅមកជាលើកដំបូង ក្នុងរយៈពេល១ទសវត្សរ៍ ដើម្បីស្តារទំនាក់ទំនងការទូតធម្មតាឡើងវិញ។
ការពិគ្រោះយោបល់ រវាងមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេស នៅទីក្រុងអង់ការ៉ា និងទីក្រុងគែរ បានចាប់ផ្តើមនៅឆ្នាំ២០២១ ខណៈដែលប្រទេសទួរគីបានស្វះស្វែងរកទំនាក់ទំនងដ៏ល្អប្រសើរជាមួយប្រទេសអេហ្ស៊ីប អារ៉ាប់រួម អ៊ីស្រាអែល និងអារ៉ាប៊ីសាអ៊ូឌីត។
ការធ្វើឲ្យមានប្រក្រតីភាពឡើងវិញ រវាងទីក្រុងអង់ការ៉ា និងទីក្រុងគែរ ត្រូវបានពន្លឿន បន្ទាប់ពីប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi និងសមភាគីទួរគីលោក Tayyip Erdogan បានចាប់ដៃគ្នានៅទីក្រុងដូហាក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២។ លោក Sisi និងលោក Erdogan បានយល់ព្រមផ្លាស់ប្តូរឯកអគ្គរដ្ឋទូត នៅក្នុងខែឧសភា។
ប្រទេសទាំង២ មិនមានឯកអគ្គរដ្ឋទូតប្រចាំប្រទេសរៀងៗខ្លួន ចាប់តាំងពីឆ្នាំ២០១៣ នៅពេលដែលប្រទេសអេហ្ស៊ីបបណ្តេញឯកអគ្គរដ្ឋទូតទួរគី ហើយបានចោទប្រកាន់ទីក្រុងអង់ការ៉ាថា លម្អៀងទៅរកគាំទ្រអង្គការដែលធ្វើឲ្យអន្តរាយដល់ប្រទេសអេហ្ស៊ីប៕