នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ នេះ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធ កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅសាលប្រជុំធំសាលាខេត្ត។
កិច្ចប្រជុំបានធ្វើការពិនិត្យ និងអនុម័តលើរបៀបវារៈសំខាន់ៗរួមមាន៖ ១).ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ២).ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២៣ និងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៣ ទិសដៅការងារសម្រាប់អនុវត្តនៃខែបន្ទាប់របស់រដ្ឋបាលខេត្ត។ ៣).សេចក្តីជូនដំណឹងលិខិតលេខ១៤៣៧ ស.ជ.ណ របស់ក្រសួងមហាផ្ទៃ ស្តីពីសំណើសុំពន្លឿនការរៀបចំដំណើរការបោះឆ្នោតជ្រើស រើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ៤).បញ្ហាផ្សេងៗ និង ៥).មតិបូកសរុប និងបិទកិច្ចប្រជុំ៕