ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃព្រហស្បតិ៍ ៤ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកសមាជិកាគណបក្សឃុំចំនួន៩ឃុំ និងប្រធានមណ្ឌលសកម្មភាពបក្ស ព្រមទាំងក្រុមបក្សចំនួន ៣១១៨នាក់។

ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានលើកឡើងថា សុខសន្តិភាព កើតមាននៅក្នុងប្រទេសកម្ពុជា នាពេលនេះ ពិតជាមានតម្លៃថ្លៃថ្លាណាស់ ទោះបីជាស្ថិតក្នុងតម្លៃណាក៏ដោយ យើងត្រូវតែការពារថែរក្សាឲ្យបាន និងនៅគង់វង្សជារៀងរហូត។
ឯកឧត្តមកិត្តិបណ្ឌិត បានបន្តថា មានសុខសន្តិភាព ទើបមានអ្វីៗទាំងអស់ នៅពេលនេះ។ គណបក្សប្រជាជនកម្ពុជា តែងបានប្រកាន់គោលជំហររឹងមាំ និងរក្សាជានិច្ចនូវបុព្វហេតុបម្រើជាតិ និងប្រជាជន ដោយក្នុងនេះ កម្មវិធីនយោបាយដ៏ត្រឹមត្រូវរបស់បក្ស ក៏បានប្រែក្លាយជាគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅរៀងរាល់អាណត្តិនយោបាយ បន្ទាប់ពីជ័យជម្នះក្នុងការបោះឆ្នោត ហើយគោលនយោបាយទាំងនេះ ក៏ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាពដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋនៅគ្រប់ស្រទាប់ ដែលជាកម្លាំងចលករដ៏មុតស្រួច។

ឯកឧត្តមកិត្តិបណ្ឌិត បានអះអាងថា ដើម្បីរក្សាសន្តិសុខ ស្ថិរភាពនយោបាយនៅកម្ពុជា យើងត្រូវចូលរួមថែរក្សាទាំងអស់គ្នាបន្តទៅទៀត កុំជឿការញុះញង់របស់ពួកជនអគតិ ដែលមានបំណងបំផ្លិចបំផ្លាញដល់សុខសន្តិភាពនៅកម្ពុជា និងសូមអញ្ជើញទៅបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា៕