ព្រឹកថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម សួន រស្មី អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈ និងឯកឧត្តម ភឹម ភីរ៉ា អភិបាលរងខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការងារអធិការកិច្ចពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ ដោយមានការចូលរួមពីលោក លោកស្រី មន្រ្តីរាជការពាក់ព័ន្ធមុខងារសាធារណៈប្រមាណជាង ៣៣០នាក់ ។
ទន្ទឹមនឹងនេះការធ្វើអធិការកិច្ចពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ ក្នុងគោលបំណង និងគោលដៅសំខាន់ៗដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រងវិស័យមុខងារសាធារណៈ ដោយជំរុញនិងបង្កើនប្រសិទ្ធភាព គុណភាព និងគុណតម្លៃការងារ ពិសេសការកាត់បន្ថយភាពអសកម្ម និងវិវាទរបស់មន្រ្តីរាជការនៅក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។
ក្នុងនាមជាប្រធានមន្ទីរ អង្គភាព ស្ថាបន័ ត្រូវចេះបែងចែក តួនាទីភារកិច្ចដល់មន្ត្រីអនុវត្តតាមការិយាល័យនីមួយៗឲ្យត្រូវទៅតាមជំនាញ គឺដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និងការសម្រួលលើការងាររបស់អង្គភាព ជាពិសេសគឺដើម្បីងាយស្រួលធ្វើអធិការកិច្ចវាយតម្លៃការតែងតាំងតួនាទីមន្រ្តីរាជការ ហើយនាពេលខាងមុខនេះអគ្គាធិការនៃអគ្គាធិការដ្ឋានរបស់ក្រសួងមុខងារសាធារណៈ និងសេនាធិការថ្នាក់ក្រោមជាតិ និងបន្តចុះពិនិត្យធ្វើអធិការកិច្ចមន្រ្តីអធិការកិច្ច និងមន្រ្តីពាក់ព័ន្ធមុខងារសាធារណ: ។