ថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ លោក ស្មៀន ប៊ុនធឿន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការតាក់តែងអត្ថបទ និងការសរសេរសុន្ទរកថា ដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា មន្ត្រីហាត់ការ នៃរដ្ឋបាលខេត្តសៀមរាប មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប សរុប ចំនួន ៤៧នាក់ ស្រី ២០នាក់ នៅបន្ទប់ប្រជុំលេខ៤ សាលាខេត្ត។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំដើម្បីលើកកម្ពស់សមត្ថភាពដល់មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធនឹងការសរសេរអត្ថបទ ជាពិសេសការសរសេរសុន្ទរកថា ក្នុងបរិបទការអនុវត្តការងារឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរ។
ក្នុងឱកាសនេះបើកវគ្គនេះផងដែរ លោក នាយករងរដ្ឋបាលសាលាខេត្ត បានមានមតិស្វាគមន៍ និងចែករំលែកបទពិសោធន៍ ពាក់ព័ន្ធនឹងកិច្ចការរដ្ឋបាលមួយចំនួន ក៏ដូចជាការសិក្សាស្រាវជ្រាវជាប្រចាំលើលិខិតបទដ្ឋានគតិយុត្តថ្មីៗ ដើម្បីជាទុនមុននឹងការរៀបចំសរសេរសុន្ទរកថាផងដែរ។ លោកបានណែនាំ និងបានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ត្រូវគោរពវិន័យក្នុងពេលចូលរួមវគ្គ យកចិត្តទុកដាក់លើការចែករំលែកមេរៀនរបស់អ្នកសម្របសម្រួលឱ្យបានខ្ជាប់ខ្ជួន និងត្រៀមយកចំណេះដឹង បទពិសោធន៍ថ្មីៗទៅអនុវត្តការងារឱ្យទទួលបានលទ្ធផលល្អប្រសើរ។
គួរបញ្ជាក់ផងដែរ៖ វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ១៦ម៉ោង ដោយសហការរៀបចំដោយទីចាត់ការគ្រប់គ្រងធនធានមនុស្ស ជាមួយនឹងទីចាត់ការរដ្ឋបាល សាលាខេត្ត ដែលនឹងប្រព្រឹត្តទៅចំនួន ៤សប្ដាហ៍(១សប្ដាហ៍៤ម៉ោង) រៀងរាល់ពេលព្រឹកថ្ងៃសុក្រ ចាប់ផ្ដើមពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។