ក្រសួងសុខាភិបាល​ប្រកាស​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ថ្មីក្នុងថ្ងៃនេះ​ ចំនួន២នាក់​ថែមទៀតហើយ ដែលជា​ករណី​នាំចូល

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ បានចេញ​សេចក្ដី​ជូន​ព័ត៌មាន បញ្ជាក់​ពី​ករណី​វិជ្ជមាន​វីរុស​កូ​វីដ-១៩ ថ្មី ចំនួន០២នាក់​ថែមទៀត ដែលជា​ករណី​នាំចូល។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ដែល​បណ្តាញ​ព័ត៌មាន Fresh News ទើប​ទទួលបាន​នៅមុននេះ​បាន​បញ្ជាក់ថា ករណី​វិជ្ជមាន​វីរុស​កូ​វីដ១៩ថ្មី​នោះ មាន​បុរស​ជនជាតិ​បារាំង អាយុ២៧ឆ្នាំ និង​ស្ត្រី​ជនជាតិ​ឥណ្ឌា អាយុ៣៤ឆ្នាំ ដែល​ពួកគេ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រួចរាល់​ហើយ។

១៖ ករណី​វិជ្ជមាន​លើ​បុរស​ជនជាតិ​បារាំង អាយុ២៧ឆ្នាំ

បុរស​នេះ​មាន​អាសយដ្ឋាន​ស្នាក់នៅ ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កម្រើក ក្រុង​សៀមរាប ខេត្តសៀមរាប ជា​អ្នកធ្វើដំណើរ​ពី​ប្រទេស​បារាំង ដោយ​ឆ្លងកាត់​ប្រទេស​សិង្ហ​បុរី តាម​ជើងហោះហើរ​មកដល់​កម្ពុ​ជា នៅ​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ សម្រាក​រង់ចាំ​លទ្ធផល​តេស្ត​លើក​ទី១ នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ចំនួន០២យប់។ បន្ទាប់មក​នៅ​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ គាត់​បានចេញ​ដំណើរ​ពី​រាជធានី​ភ្នំពេញ តាម​រថយន្ត Larryta Minibus នៅវេលា​ម៉ោង១៨៖៣០នាទី​ល្ងាច ទៅកាន់​អាសយដ្ឋាន​ខាងលើ​នៅ​ខេត្តសៀមរាប ក្រោយពី​ធ្វើតេស្ត​លើក​ទី០១ ទទួលបាន​លទ្ធផល អវិជ្ជមាន​វីរុស​កូ​វីដ-១។

រថយន្ត​នេះ​ជិះ​មាន​គ្នា០៤នាក់ (បុរស​ជនជាតិ​បារាំង​ខាងលើ អ្នកដំណើរ០២នាក់ និង​អ្នកបើកបរ) ហើយ​បុរស​ជនជាតិ​បារាំង​នេះ ជិះ​នៅ​កៅអី​ខាងក្រោយ​គេ​បង្អស់ ព្រមទាំង​បាន​ពាក់​ម៉ាស់​ជាប់​រហូត​ផងដែរ។ ពេលទៅដល់​ផ្ទះ គាត់​បាន​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន១៤ថ្ងៃ នៅផ្ទះ​របស់គាត់​នៅ​ខេត្តសៀមរាប ហើយ​នៅ​ថ្ងៃទី១៣ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់គាត់ ដែល​ត្រូវ​នឹង​ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ គាត់​ត្រូវ បានធ្វើ​តេស្ត​ឡើងវិញ ដោយបាន​ទទួលលទ្ធផល​វិជ្ជមាន​វីរុស​កូ​វីដ-១៩ ពី​មន្ទីរពិសោធន៍​នៃ​មន្ទីរពេទ្យ​ខេត្តសៀមរាប ហើយ​វត្ថុ​សំណាក​របស់គាត់​ត្រូវបាន​បញ្ជូន មក​ធ្វើ​ការវិភាគ​បញ្ជាក់បន្ថែម​នៅ​ភ្នំពេញ ដែល​លទ្ធផល​ទទួលបាន​នៅ​ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ បានបង្ហាញ​បញ្ជាក់ថា វិជ្ជមាន​កូ​វីដ-១។ បច្ចុប្បន្ន​អ្នកជំងឺ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប តាំងពី​ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០។

សូម​កត់សម្គាល់ថា៖ អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើនេះ សរុប​មាន​ចំនួន៩៨នាក់ (ក្នុង​ចំនួន​នេះ មាន​បុរស​ជនជាតិ​បារាំង​ខាងលើ​នេះដែរ) ដែល​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​របស់​ក្រសួងសុខាភិបាល បានធ្វើការ​ស្រាវជ្រាវរ​ក និង​បាន​យក​វត្ថុ​សំណាក​របស់​អ្នកដំណើរ តាម​ជើងហោះហើរ​ជាមួយ​អ្នកជំងឺ​នេះ បាន​ចំនួន៥០%ហើយ លទ្ធផល​តេស្ត​អ្នក​ទាំងអស់នេះ គឺ​អវិជ្ជមាន​វីរុស​កូ​វីដ-១។

ក្រុមការងារ​នឹង​បន្ត​យក​វត្ថុ​សំណាក អ្នកដំណើរ​ជា​បន្តបន្ទាប់​ទៀត ហើយ​ក្រសួងសុខាភិបាល នឹង​ជម្រាបជូន​សាធារណជន​នូវ​លទ្ធផល ប្រសិនបើ​រកឃើញ​មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ-១៩ លើ​បុគ្គល​ណា​ម្នាក់។ ដោយឡែក​សម្រាប់​ការស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់ នៅ​ខេត្តសៀមរាប​បានបញ្ចប់​រួចរាល់ ដោយ​ក្រុមការងារ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បាន​រកឃើញ​អ្នក​ប៉ះពាល់​ផ្ទាល់​ចំនួន០៣នាក់ (បុគ្គលិក០២នាក់ ក្នុងនោះ​ស្រី០១នាក់ ប្រុស០១នាក់) និង​បុរស​ជា​មិត្តភក្តិ០១នាក់ និង​អ្នក​ប៉ះពាល់​ប្រយោល​ចំនួន១០នាក់ (ស្រី ០៩នាក់ និង​ប្រុស ០១ នាក់) ដែល​ការវិភាគ​វត្ថុ​សំណាក​របស់​ពួកគាត់​ទាំងអស់គ្នា គឺ អវិជ្ជមាន​វីរុស​កូ​វីដ-១។

២៖ ករណី​វិជ្ជមាន​លើ​ស្ត្រី​ជនជាតិ​ឥណ្ឌា អាយុ៣៤ឆ្នាំ

ស្ត្រី​រូបនេះ​មាន​អាសយដ្ឋាន​ស្នាក់នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ ជា​អ្នកធ្វើដំណើរ ពី​ប្រទេស​ឥណ្ឌា (ទីក្រុង​ដេលី) តាម​ជើងហោះហើរ មកដល់​កម្ពុជា​នៅ​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២។ ក្រោយពី​ធ្វើតេស្ត​លើក​ទី០១ ទទួលបាន​លទ្ធផល​អ​វិជ្ជមាន​វីរុស​កូ​វីដ-១៩ គាត់​បាន​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤ថ្ងៃ​នៅក្នុង សណ្ឋាគារ​ខាងលើនេះ ហើយ​កូន​គាត់០២នាក់ ក៏ត្រូវ​បាន​គាត់​ដាក់​ឱ្យនៅ​បន្ទប់​ដាច់ដោយឡែក​ពី​គាត់​ដែរ ហើយ នៅ​ថ្ងៃទី១៣នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់គាត់ គឺ​ត្រូវ​នឹង​ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ វត្ថុ​សំណាក​របស់គាត់​ត្រូវបាន យកទៅ​ធ្វើតេស្ត​ឡើងវិញ ក៏បាន​បង្ហាញ​លទ្ធផល វិជ្ជមាន​វីរុស​កូ​វីដ-១៩ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ។ បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត។

រីឯ​ស្វាមី​គាត់​បាន​ចាក​ចេញពី​កម្ពុជា ទៅ​ប្រទេស​ឥណ្ឌា​ហើយ​មុន​ស្ត្រី​រូបនេះ មាន​លទ្ធផល​តេស្ត​វិជ្ជមាន​វីរុស​កូ​វីដ-១៩ (មិនទាន់​ត្រឡប់មកវិញ)។ រីឯ​បុរស​ត្រូវជា​ពូ​របស់​កូន និង​កូន០២នាក់ ត្រូវបាន​នាំយកមក​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត​រួចហើយ​ដែរ នៅ​យប់​ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២។

សូម​កត់សម្គាល់ថា៖ អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​សរុប​មាន​ចំនួន ៨៤នាក់ (ក្នុង​ចំនួន​នេះ មាន​ស្ត្រី​ជនជាតិ​ឥណ្ឌា​ខាងលើ​នេះដែរ)។ ក្រុមការងារ​ឆ្លើយតប​បន្ទាន់​របស់​ក្រសួងសុខាភិបាល នឹង​បន្ត​ការស្រាវជ្រាវ រក​អ្នក​ប៉ះពាល់​ជា​បន្តទៀត ហើយ​ក្រសួង នឹង​ជម្រាបជូន​សាធារណជន​នូវ​លទ្ធផល​នៃ​ការស្រាវជ្រាវ ប្រសិនបើ​មាន​អ្នកណាម្នាក់ ត្រូវបាន​រកឃើញថា វិជ្ជមាន​វីរុស​កូ​វីដ-១។

សូមជម្រាបថា គិត​ត្រឹម​ម៉ោង ០៧៖០០ព្រឹក​ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ស្ថានភាព​ជំងឺ​កូ​វីដ-១៩ នៅ​កម្ពុ​ជាមាន​រកឃើញ​ករ​ណី​ឆ្លង​កូ​វីដ១៩ ចំនួន​សរុប ២៨០នាក់ (ស្ត្រី ៥៦នាក់ និង​បុរស ២២៤នាក់) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ២៧៥នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ ចំនួន០៥នាក់៕

#អរគុណ​សន្តិភាព