ទីភ្នាក់ងារព័ត៌មានបរទេស ផ្សព្វផ្សាយឃ្លីប ព្រះមហាក្សត្រថៃ ទ្រង់មានព្រះរាជតម្រិះចំពោះក្រុមបាតុករ បង្ហាញច្រកចេញពីវិបត្តិនយោបាយ

ស្ថានីយទូរទស្សន៍ ឆានែល4 របស់ប្រទេសអង់គ្លេស បានផ្សព្វផ្សាយឃ្លីបវីដេអូ ព្រះបាទសម្ដេចព្រះចៅយូហួ ព្រះមហាក្សត្រនៃប្រទេសថៃ ទ្រង់ឆ្លើយតបសំណួរអ្នកយកព័ត៌មានបរទេស ពាក់ព័ន្ធនឹងការជំនុំទាមទារឱ្យមានការកែសម្រួលស្ថាប័នព្រះមហាក្សត្រថា “ថៃ ជាដែនដីនៃការសម្រុះសម្រួល ហើយយើងក៏ស្រឡាញ់ពួកគេដូចគ្នាទាំងអស់” ក្នុងអំឡុងពេលដែលទ្រង់ចេញមកស្វាគមន៍ប្រជារាស្ត្រ ដែលមករង់ចាំគាល់ព្រះអង្គយ៉ាងជិតស្និទ្ធ នៅមុខព្រះបរមរាជវាំង ក្នុងទីក្រុងបាងកក កាលពីថ្ងៃអាទិត្យ(ទី1 វិច្ឆិកា)  ខណៈដែលអ្នកយកព័ត៌មានជាអ្នកទូលសួរ បានបញ្ជាក់ថា ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រ បង្ហាញថា អាចមានច្រកចេញពីវិបត្តិខាងនយោបាយរបស់ប្រទេសថៃនាពេលបច្ចុប្បន្ន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ព្រះមហាក្សត្រថៃ ព្រះបាទសម្ដេចព្រះចៅយូហួ ទ្រង់បានឆ្លើយតបសំណួររបស់លោក ចូណាថាន មីលលើរ អ្នកយកព័ត៌មាននៃស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៤ របស់អង់គ្លេស និងស្ថានីយទូរទស្សន៍ CNN របស់អាមេរិក ក្នុងអំឡុងពេលដែលទ្រង់ចេញមកស្វាគមន៍ប្រជារាស្ត្រជាច្រើនពាន់នាក់ ដែលមករង់ចាំគាល់ព្រះអង្គយ៉ាងស្និទ្ធស្នាល ដែលអាចនិយាយបានថា នេះជាការបង្ហាញកម្លាំងគាំទ្រ ដ៏ធំបំផុត ចាប់តាំងពីកើតមានការជួបជំនុំទាមទារ ឱ្យកែសម្រួលស្ថាប័នព្រះមហាក្សត្ររបស់ថៃ រួមទាំងបណ្ដេញលោកនាយករដ្ឋមន្ត្រី ប្រាយុធ ចាន់អូឆា ចេញពីតំណែងផង។

នៅក្នុងខ្សែវីដេអូ ដែលផ្សព្វផ្សាយដោយស្ថានីយទូរទស្សន៍ ឆានែល4 លោកមីលើរ បានទូលសួរព្រះមហាក្សត្រនៃប្រទេសថៃថា តើព្រអង្គមានព្រះរាជតម្រិះយ៉ាងណា ចំពោះក្រុមបាតុករដែលនាំគ្នាចេញមកតាមផ្លូវថ្នល់ ទាមទារឱ្យកែសម្រួលស្ថាប័នព្រះមហាក្សត្រ?។ ព្រះមហាក្សត្រថៃ បានមានព្រះរាជតម្រិះត្រឡប់ទៅវិញថា “យើងមិនមានការយល់ឃើញអ្វីឡើយ យើងស្រឡាញ់ពួកគេដូចគ្នាទាំងអស់” ដោយបានមានព្រះបន្ទូលប្រយោគនោះ ដល់ទៅ ៣ដង។

បន្ទាប់ពីនោះ អ្នកយកព័ត៌មាន បានទូលសួរបន្តទៀតថា តើមានភាពអាចទៅរួចទេ ដែលនឹងមានការសម្រុះសម្រួលគ្នាកើតឡើង?។ ព្រះអង្គ បានព្រះរាជតម្រិះថា ប្រទេសថៃ ជាដែនដីនៃការសម្រុះសម្រួល…បន្ទាប់ពីនោះព្រះអង្គ ក៏បន្តព្រះរាជដំណើរទៅមុខទៀត។

លោកមីលលើរ បានបញ្ជាក់នៅពេលបន្ទាប់មកថា  កណ្ដាលភាពស្មុគស្មាញនៅក្នុងប្រទេសថៃ និងក្រុមបាតុករ ដែលត្រូវការកែសម្រួលស្ថាប័នកំពូលរបស់ប្រទេសថៃនេះ  ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រថៃខាងលើ បានបង្ហាញថា អាចនឹងមានច្រកចេញសម្រាប់ផ្លូវទ័លខាងនយោបាយ ដែលអូសបន្លាយពេលយូរមកហើយនេះ។

ប៉ុន្តែ កញ្ញា ជុថាធិប ស៊ិរិខាន់ មេដឹកនាំក្រុមបាតុករម្នាក់ បានផ្ដល់សម្ភាសជាមួយទីភ្នាក់ងារព័ត៌មានរ៉យទ័រថា “ត្រឹមតែជាពាក្យសម្ដីប៉ុណ្ណោះ ពាក្យសម្ដីសម្រុះសម្រួល វាផ្ទុយគ្នានឹងអ្វីដែលកំពុងកើតឡើងពិតប្រាកដ ដូចជាការតាមរ៉ាវឆាន ការប្រើកម្លាំង និងប្រើច្បាប់ ធ្វើបាប…”

សូមជម្រាបថា ការិយាល័យព្រះរាជវាំងរបស់ថៃ មិនដែលបញ្ចេញគំនិតយោបល់ ជាផ្លូវការអ្វីឡើយ ពាក់ព័ន្ធនឹងជួបជុំធ្វើបាតុកម្មបណ្ដេញនាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ លោកឧត្ដមសេនីយ៍ឯក ប្រាយុធ ចាន់អូឆា មុននឹងល្មើសបទប្បញ្ញត្តិ ដែលមានដ៏យូរលង់មកហើយរបស់ថៃ ដោយការទាមទារឱ្យកម្រិតអំណាចរបស់ព្រះមហាក្សត្រ៕

ប្រភព៖ សារព័ត៌មានបរទេស

លិងក៍ https://mgronline.com/around/detail/9630000113288