តំបន់​ពាណិជ្ជកម្ម​កណ្ដាល​ទីក្រុង ភ័យខ្លាច​ចលាចល នាំគ្នា​បិទទ្វារ-បង្អួច​យ៉ាង​ណែន នៅមុន​ថ្ងៃ​បោះឆ្នោត ខណៈ​បេក្ខជន​ទាំង២ ធ្វើការ​ថ្លែង​ប្រាស្រ័យ ថ្ងៃ​ចុងក្រោយ

អាមេរិក៖ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មកពី​គណបក្ស រី​ផា​ប្ល៊ី​កាន់ វ័យ ៧៤ឆ្នាំ បានធ្វើ​ដំណើរ​ទៅ​រដ្ឋ​ដែលមាន​សំឡេងឆ្នោត​ប្រដំប្រសង​គ្នា ៥រដ្ឋ ខណៈដែល​លោក ចូ បៃ​ដិ​ន គូប្រជែង មកពី​គណបក្ស ដេ​ម៉ូ​ក្រេ​ត វ័យ ៧៧ឆ្នាំ ធ្វើការ​ថ្លែង​ប្រាស្រ័យ រក​សំឡេងឆ្នោត​នៅក្នុង​រដ្ឋ​ផេ​ន​ស៊ី​ល​វេ​នៀ ជា​រដ្ឋ​ដែល​បេក្ខជន​ទាំង២ ប្រកួតប្រជែង​គ្នា​ដណ្ដើម​ពិន្ទុ​ឆ្នោត​យ៉ាងខ្លាំង​ក្លា។

លទ្ធផល​ស្ទង់​មតិយោបល់​ជាច្រើន​ស្ថាប័ន បាន​លើក​ឱ្យ​លោក​បៃ​ដិ​ន អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក មាន​ពិន្ទុ​នាំមុខ មុន​ការបោះឆ្នោត​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី៣ វិច្ឆិកា នេះ។

តែ​រដ្ឋសំខាន់ៗជាច្រើន លោក​បៃ​ដិ​ន នៅមាន​ពិន្ទុ​ប្រដំប្រសង​គ្នា​នឹង​លោក​ត្រាំ​នៅឡើយ ដែល​នេះ​អាចជា​កត្តា​កាត់សេចក្ដី អំពី​លទ្ធផល​នៃ​ការបោះឆ្នោត​លើក​នេះ​បាន។

អ្នកមាន​សិទ្ធិ​បោះឆ្នោត​ជាង ៩០លាន​នាក់ បាន​ទៅ​បោះឆ្នោត មុន​ដល់​ថ្ងៃ​បោះឆ្នោត​រួចហើយ ធ្វើឱ្យ​ចំនួន​អ្នក​ចេញមក​ប្រើ​សិទ្ធិ​បោះឆ្នោត​ក្នុង​គ្រានេះ អាច​នឹង​កើនឡើង​ខ្ពស់បំផុត ក្នុង​ជុំ ១សតវត្សរ៍។

ទាំងអស់នេះ មាន​របាយការណ៍​ពី​អាជ្ញាធរ​ក្នុង​តំបន់ បានឱ្យដឹងថា នៅ​មណ្ឌល​ពាណិជ្ជកម្ម​កណ្ដាល​ទីក្រុង​វ៉ាស៊ីនតោន ហាង​ប្រកប​ធុរកិច្ច​ទាំងឡាយ បាននាំគ្នា​យក​បន្ទះក្ដារ មក​បិទ​នៅតាម​មាត់​បង្អួច និង​ទ្វារ​ហាង​របស់ខ្លួន ដោយសារតែ​ពួកគេ​ភ័យ​បារម្ភ​ថា អាច​នឹង​កើត​ស្ថានការណ៍​ចលាចល​ឡើង ក្រោយ​ការបោះឆ្នោត និង​មាន​របាយការណ៍ ១ទៀត​បាន​និយាយថា អាជ្ញាធរ មាន​ផែនការ​ដំឡើង​រនាំង និង​របាំង​ប្រភេទ​ថ្មី បែប​ទាញ​ឡើង-ចុះ​បាន នៅតាម​ទីតាំងផ្សេងៗទូទាំង​ទីក្រុង​ទៀតផង។

តើ​យើង​នឹង​ដឹង​លទ្ធផល​ការបោះឆ្នោត នៅ​យប់​នៃ​ថ្ងៃ​បោះឆ្នោត ដូច​សព្វដង ឬទេ?

ការរាប់​ពិន្ទុ​សំឡេងឆ្នោត​ឱ្យ​រួចស្រេច អាច​ប្រើ​ពេលវេលា​ច្រើន​ថ្ងៃ តែ​ជា​ប្រក្រតី គេ​នឹង​ដឹងថា តើ​អ្នកណា​ឈ្នះ​ការបោះឆ្នោត ក្នុងអំឡុងពេល​តែ​មិន​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ នៅ​ថ្ងៃ​បន្ទាប់មក។

នៅ​ឆ្នាំ២០១៦ លោក​ដូ​ណា​ល់ ត្រាំ បាន​ឡើង​វេទិកា​ប្រកាស​ជ័យជម្នះ​នៅក្នុង​ទីក្រុង​នី​វ​យ៉​ក នៅវេលា​ម៉ោង​ប្រមាណ​ជា ០៣:០០ទៀបភ្លឺ តែ​ក្នុងការ​បោះឆ្នោត​លើក​នេះ អាជ្ញាធរ​បាន​ព្រមាន​ថា អាច​នឹងត្រូវ​រង់ចាំ​លទ្ធផល​បោះឆ្នោត​យូរ​ច្រើន​ថ្ងៃ ឬ​អាច​នឹង​ច្រើន​សប្ដាហ៍​ទៀតផង ព្រោះ​មានការ​បោះឆ្នោត​តាម​ប្រៃសណីយ៍​ក្នុង​ចំនួន​ដ៏​ច្រើន។

នៅក្នុង​ការបោះឆ្នោត​លើកចុងក្រោយ​បំផុត ដែល​គេ​មិនអាច​ដឹង​លទ្ធផល​ក្នុង​រយៈពេល​តែ​មិន​ប៉ុន្មាន​ម៉ោង​នោះ គឺ​ការបោះឆ្នោត​នៅ​ឆ្នាំ២០០០ ដោយ​កាលនោះ ត្រូវ​រង់ចាំ​ឱ្យ​តុលាការ​កំពូល ជា​អ្នក​ប្រកាស​សាលក្រម នៅពេល ១ខែក្រោយ​មក៕

ប្រភព៖ សារព័ត៌មាន​បរទេស

#អរគុណសន្តិភាព