សម្ដេចតេជោ ផ្ដល់អនុសាសន៍ឲ្យពង្រឹងការអប់រំស្ត្រី សំដៅជំរុញការសិក្សាឲ្យបានខ្ពស់ កាត់បន្ថយគម្លាតជាមួយបុរស

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសទី១ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឲ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយលោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា។

ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោប្រធានព្រឹទ្ធសភា សម្ដែងនូវក្ដីរីករាយដែលបានជួបជាមួយនឹងគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដោយសម្ដេចបានដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំ ចាប់តាំងពីឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០២៣ លើកលែងតែងឆ្នាំ ២០២១ដែលមានជំងឺរាតត្បាតកូវីដ-១៩ដែលបានអាក់ខានប្រជុំប្រចាំឆ្នាំ។

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានសម្ដែងនូវអំណរសាទរ និងចាត់ទុកជាកិត្តិយលដ៏ខ្ពង់ខ្ពស់បំផុត ដែលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានទទួលការអនុញ្ញាតពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសទី១ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី អនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម និងរាយការណ៍ជូនពីវឌ្ឍនភាពការងារឆ្នាំ២០២៣ និងផែនការសកម្មភាពឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។

លោកស្រីបានជម្រាបជូនសម្ដេចតេជោថា នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភានេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានរៀបចំជាថ្មីនូវព្រះរាជក្រឹត្យ ស្ដីពីការបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដើម្បីឲ្យស្របតាមគោលដៅយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលសមាសភាពត្រូវបានផ្លាស់ប្ដូរ ក្នុងនោះអនុប្រធានមានចំនួន៦រូប និងសមាជិកកើនឡើងចំនួន៣៧រូប មកពី៣៧ក្រសួងស្ថាប័ន ដែលពីអាណត្តិមុនមានតែ២៤ក្រសួង និងស្ថាប័នតែប៉ុណ្ណោះ។

លោកស្រីបណ្ឌិត អ៊ឹង កន្ថាផាវី បានជម្រាបថាកម្មវិធីទី១ គឺការលើកកម្ពស់សមភាពយេនឌ័រ ដោយលោកស្រីបានជម្រាបជូនសម្ដេចតេជោថា អាណត្តិថ្មីនេះរាជរដ្ឋាភិបាល បានផ្ដល់អាទិភាពខ្ពស់ ក្នុងការវិនិយោគលើសមភាពយេនឌ័រ និងការការពារសិទ្ធិស្ត្រីតាមរយៈការអនុវត្តគោលនយោបាយសាធារណៈ គិតចាប់ពីយុទ្ធសាស្ត្រត្រីកោណឆ្នាំ១៩៩៨ ដល់២០០៣ និងបន្តដោយដោយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ ដល់ទី៤ គិតពីឆ្នាំ២០០៣ ដល់២០២៣ ដោយផ្ដោតលើការបញ្រ្ជាបយេនឌ័រ នៅក្នុងគោលនយោបាយ និងកម្មវិធីកំណែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាលដែលត្រូវបានជំរុញ និងយកទៅអនុវត្តយ៉ាងសកម្មនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមាន កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់ដីធ្លី កម្មវិធីវិមជ្ឈការនិងវិសហមជ្ឈការ កម្មវិធីកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ និងសម្រេចបាននូវវឌ្ឍនភាពគួរជាទីកត់សម្គាល់។

នៅក្នុងវិស័យសេដ្ឋកិច្ច និងការងារ លោកស្រី បានជម្រាបពីការរីកចម្រើនដែលស្ត្រីបានដើរតួនាទីក្នុងវិស័យសេដ្ឋកិច្ច និងការងារដែលយោងតាមជំរឿនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ បានបង្ហាញថា ស្ត្រីចំនួន៦១,៨% ជាអ្នកតំណាងក្នុងចំណោមអង្គការសរុបនៅកម្ពុជា។ ស្ត្រីភាគច្រើន បានដើរតួនាទីក្នុងការដឹកនាំនៅក្នុងសហគ្រាសធុនតូច និងមធ្យមក្នុងការលក់ផលិតផលទៅកាន់ទីផ្សារ។

តាមការសង្កេតស្ត្រីបានដើរតួនាទីច្រើននៅក្នុងការអភិវឌ្ឍសហគមន៍ កសិកម្មចម្រុះ និងក្រុមផលិតមានសារៈសំខាន់ដែលស្ត្រី បានដឹកនាំការអភិវឌ្ឍមានសមត្ថភាពលើជំនាញផលិតកម្ម និងការគ្រប់គ្រងអាជីវកម្មនៅតាមសហគមន៍ផងដែរ និងបានដើរតួនាទីក្នុងការបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ និងសហគមន៍តាមរយៈមុខរបរក្រៅពីកសិកម្ម និងសេវាអេកូទេសចរណ៍ និងសហគមន៍តំបន់ការពារធម្មជាតិ។ល។

ជាមួយនេះដែរ ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី ក៏បានយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាជំនួយផ្នែកច្បាប់ដល់ស្ត្រី និងស្ថានភាពស្ត្រីនៅក្នុងមន្ទីរឃុំឃាំង។ ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី បានយកចិត្តទុកដាក់ក្នុងការចុះជួបទណ្ឌិត និងពិរុទ្ធជនជាស្ត្រីដែលជាប់ឃុំនៅក្នុងពន្ធនាគារ នៅក្នុងខេត្តចំនួន៧ ស្វែងយល់ពីស្ថានភាព និងផ្ដល់សេវាជំនួយផ្សេងៗ ក្នុងនោះក្នុងចំនួនស្ត្រី ដែលជាប់ឃុំទាំងនោះ លោកស្រីកិត្តិបណ្ឌិត ក៏បានបញ្ជាក់ថា មានស្ត្រីមានផ្ទៃពោះចំនួន២៧នាក់ និងស្ត្រីដែលមានកូនតាមម្ដាយចំនួន១១៥ នាក់ផងដែរ។

លោកស្រីកិត្តិបណ្ឌិត ក៏បានជម្រាបពីការយកចិត្តទុកដាក់របស់ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី ក្នុងការគ្រប់គ្រងក្រុមហ៊ុនបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីត្រៀមចេញទៅបម្រើការងារនៅប្រទេស ដែលក្នុងនោះស្ត្រីមានចំនួនស្មើនឹង៤១,៧១% នៃចំនួនពលករទៅក្រៅប្រទេស តាមរយៈការខិតខំរបស់ក្រុមប្រឹក្សាជាតិ ក៏បានយកចិត្តទុកដាក់ក្នុងការជួយគាំទ្រដល់ការជួយរកការងារជូនដល់ស្ត្រី និងកុមារដែលមានពិការភាព ក្នុងនោះបានជួយឲ្យជនដែលមានពិការភាពសរុបប្រមាណ៧៥៣៥នាក់ បានចូលបម្រើការងារនៅក្នុងក្រសួងស្ថាប័នរដ្ឋ និងអង្គការនានាក៏ដូចជាវិស័យឯកជនផងដែរ។

បន្ថែមលើនោះ ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី ក៏បានជំរុញក្នុងការបង្កើនចំនួនមន្ត្រីរាជការស៊ីវិលជាស្ត្រី នៅក្នុងមុខងារសាធារណៈ ដែលបច្ចុប្បន្ននេះ កំណើនស្ត្រីនៅក្នុងអត្រាមន្ត្រីរាជការស៊ីវិលជាស្ត្រី បានកើនពីចំនួន៤០% នៅឆ្នាំ២០១៩ ដល់៤២% នៅឆ្នាំ២០២២កន្លងទៅនេះ។ ស្ត្រីដែលបានធ្វើការនៅក្នុងមុខងារសាធារណៈមានតួនាទី ចាប់ពីអនុប្រធានការិយាល័យ ដល់អគ្គនាយក និងមានឋានៈស្មើប្រមាណជា២៧% នៅឆ្នាំ២០២២ ហើយស្ត្រីនៅក្នុងមុខតំណែងគ្រប់គ្រងនៅថ្នាក់រាជធានី ខេត្តមានចំនួន៨០រូប ស្មើនឹង១២,៨៤% និងស្ត្រីនៅក្នុងមុខតំណែងគ្រប់គ្រងនៅក្នុងថ្នាក់ក្រុង ស្រុក ខណ្ឌមានចំនួន៧៨៩រូប ស្មើនឹង១៩,៧៥%។

នៅក្នុងវិស័យអប់រំ យុវជន និងកីឡា មានការរីកចម្រើនដោយការយកចិត្តទុកដាក់ផ្ដល់អាហារូបករណ៍ លើកទឹកចិត្តឲ្យសិស្សនិស្សិត បានចុះឈ្មោះចូលរៀនមានកំណើន គួរឲ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយដែលធ្វើឲ្យគម្លាតយេនឌ័រ ក្នុងវិស័យអប់រំនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សាត្រូវបានលុបបំបាត់។ ក្នុងតួលេខក្នុងឆ្នាំសិក្សា២០២២ ដល់២០២៣ សិស្សស្រីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន៥៧,៧៣% ដែលក្នុងនោះសិស្សស្រីជាប់និទ្ទេស មានចំនួនដល់ទៅ៥២,៦២% តែនៅក្នុងកម្រិតឧត្ដមសិក្សា គឺចំនួនស្ត្រីបានថយចុះជាបន្តបន្ទាប់ ដែលក្នុងការសិក្សាបានបង្ហាញថា ក្នុងឆ្នាំ២០២៣ និស្សិតស្រីកំពុងសិក្សានៅកម្រិតឧត្ដមសិក្សាមាន៤៥,៧៣% ហើយនិស្សិតដែលកំពុងសិក្សាមុខវិទ្យា វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលហៅកាត់ថា STEM មានចំនួន៣០,៦៩% នៃចំនួននិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ ក្នុងនោះនិស្សិតស្រី មានចំនួនត្រឹមតែ១៧,៧៤%ប៉ុណ្ណោះ។

ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី ក៏បានយកចិត្តទុកដាក់ ក្នុងការផ្ដល់សេវាសុខាភិបាល និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រី និងកុមារដែលបានលើកកម្ពស់សុខភាពមាតា និងទារកឲ្យកាន់តែប្រសើរឡើង រួមទាំងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងជំងឺផ្សេងៗទៀតនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ។ ជាមួយគ្នានោះ ក៏បានយកចិត្តទុកដាក់ដល់អ្នកដែលមានផ្ទុកមេរោគអេដស៍ ដោយបានទទួលសេវាផ្ដល់ថ្នាំប្រឆាំងមេរោគអេដស៍ ដោយឥតគិតថ្លៃ ក្នុងនោះមាន២១៥៣គ្រួសារ បានទទួលសាច់ប្រាក់ឧបត្ថម្ភប្រចាំខែតាមរយៈប័ណ្ណសមធម៌។

ពាក់ព័ន្ធនឹងការរីកចម្រើនខាងលើ លោកស្រីកិត្តិបណ្ឌិត ប្រធានក្រុមប្រឹក្សាជាតិដើម្បីស្ត្រី ក៏បានបង្ហាញនូវភាពប្រឈមនឹងកង្វល់ផ្សេងៗ តែក៏បានខិតខំបន្តដោះស្រាយ ទាក់ទងនឹងបញ្ហាអំពើហិង្សាគ្រប់រូបភាពនៅតែបន្តកើតមាននៅក្នុងគ្រួសារ នៅកន្លែងធ្វើការ និងនៅក្នុងសហគមន៍ ជាពិសេសការកើនឡើងនៃអំពើហិង្សាបង្កដោយការប្រើប្រាស់បច្ចេកវិទ្យា (Technology Facilitated Gender Based Violence) ដែលកើតឡើងនៅក្នុងសហគមន៍។ កិច្ចការនេះត្រូវការការពារសិទ្ធិស្ត្រី និងការផ្ដល់សេវាចាំបាច់ ជួយដល់ជនងាយរងគ្រោះ ដែលនៅតែជាអាទិភាពដែលត្រូវរួមគ្នាដោះស្រាយ។

អំពីការរីកចម្រើននៃបច្ចេកវិទ្យា ស្ត្រីដែលជាម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងសិប្បកម្ម នៅតែមានជួបការលំបាកក្នុងការអភិវឌ្ឍអាជីវកម្ម ដោយសារខ្វះចំណេះដឹងលើបច្ចេកវិទ្យាថ្មី ការយល់ដឹងអំពីសេវាកម្ម និងនិតិវិធីក្នុងការចុះបញ្ជីសហគ្រាស ហើយសមត្ថភាពនៅមានកម្រិតនៅក្នុងការប្រកួតប្រជែង។ អត្រាសិស្សស្រី ដែលសិក្សាមុខវិជ្ជា STEM នៅមានកម្រិតដែលមិនទាន់ឆ្លើយតបនឹងតម្រូវការទីផ្សារ និងការងារដែលតម្រូវឲ្យមានការវិនិយោគបន្ថែមទៀត ស្របតាមបរិវត្តកម្មសេដ្ឋកិច្ច និងសង្គមឌីជីថល។

លោកស្រីបណ្ឌិត ប្រធានក្រុមប្រឹក្សាជាតិដើម្បីស្ត្រី ក៏បានជម្រាបជូនសម្ដេចតេជោផងដែរ តបតាមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកផែនការសកម្មភាពឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចធិបតី បានណែនាំឲ្យក្រសួង ស្ថាប័ន និងអង្គភាពថ្នាក់ក្រោមជាតិ បន្តអនុវត្តអនុសាសន៍ទាំង១២ ចំណុចរបស់សម្ដេចតេជោ កន្លងមកដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ និងបញ្ហាថ្មីៗរបស់ស្ត្រី ដោយឈរលើកិច្ចសហប្រតិបត្តិការជិតស្និទ្ធ បំពេញ និងពង្រឹងគ្នាទៅវិញទៅមកក្នុងអភិក្រមប្រព័ន្ធតួអង្គតែ១ ប្រកបដោយការទទួលខុសត្រូវ តាមដានត្រួតពិនិត្យសកម្ម និងបុរេសកម្ម ដើម្បីទាញយកលទ្ធផលជាក់លាក់ពីការអនុវត្តរបស់ខ្លួន។

មុននឹងបញ្ចប់ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានប្រកាសក្នុងនាមក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ប្ដេជ្ញាបន្តប្រើប្រាស់កាលានុវត្តភាព ក្នុងការដឹកនាំភារកិច្ចរបស់ខ្លួនប្រកបដោយនវានុវត្តន៍ និងការទទួលខុសត្រូវខ្ពស់ តាមរយៈការចូលរួមអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលកំណត់លើការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីក្នុងអភិក្រមភាពជាពលរដ្ឋ ក្នុងសង្គមប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្នក្នុងនោះស្ត្រី គឺជាស្នូល។

សូមជម្រាបថា មុននឹងលោកស្រីកិត្តិបណ្ឌិត បានរាយការណ៍ជូនសម្ដេច នូវរបាយការណ៍ដូចបានរៀបរាប់ខាងលើ លោកស្រីបានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវគម្រោងព្រែកជីកហ្វូណនតេជោ ដែលផ្ដួចផ្ដើមដោយសម្ដេចតេជោ ប្រធានព្រឹទ្ធសភា ហើយដែលសម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបន្តនិងកំពុងជំរុញដើម្បីឲ្យចេញជារូបរាងនៅថ្ងៃទី៥ ខែសីហាខាងមុខនេះ ហើយអង្គប្រជុំបានទះដៃអបអរសាទរគម្រោងជាប្រវត្តិសាស្ត្រនេះ។

ជាកិច្ចឆ្លើយតប សម្ដេចតេជោប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះ លោកស្រីកិត្តិបណ្ឌិត ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានរាយការណ៍ពីវឌ្ឍនភាព និងការងារបន្ត និងបានកោតសរសើរចំពោះការខិតខំរបស់ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី រួមនឹងស្ថាប័ននានាពាក់ព័ន្ធដើម្បីបន្តការងារមានការរីកចម្រើនថែមទៀត។ សម្ដេចតេជោ ក៏បានសម្ដែងនូវមោទនភាព ដែលសម្ដេចផ្ទាល់បានចូលរួមនៅក្នុងក្រុមប្រឹក្សាជាតិដើម្បីស្ត្រី ក្នុងការអនុវត្តការងារនានាកន្លងមក។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា យើងត្រូវខិតខំពង្រឹងអំណាចស្ត្រីលើបញ្ហាសេដ្ឋកិច្ចដែលកំពុងតែមានវឌ្ឍនភាពនេះ ព្រោះចំនួនស្ត្រីដែលគ្រប់គ្រងនៅក្នុងសេដ្ឋកិច្ចមានចំនួន៦៤% ហើយពលករស្ត្រី ក៏មានចំនួនច្រើនរហូតដល់ទៅ៧៥% ដែលបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃតួនាទីរបស់ស្ត្រី នៅក្នុងវិស័យសេដ្ឋកិច្ច។ សម្ដេចតេជោលើកឡើងថា ត្រូវធ្វើការបន្ស៊ីគ្នារវាង អំណាចសេដ្ឋកិច្ច និងការអប់រំ គឺធ្វើយ៉ាងណាបង្កើនចំណេះដឹងដល់ក្រុមស្ត្រី ព្រោះតាមការសង្កេតការសិក្សានៅក្នុងបឋមសិក្សា និងមធ្យមសិក្សា គឺមិនសូវមានគម្លាតគ្នារវាងបុរស ស្ត្រី កុមារា និងកុមារីទេ តែនៅក្នុងការសិក្សាកម្រិតឧត្តមសិក្សា ថ្នាក់បញ្ញា ឬបរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិត ចំនួនស្ត្រីមានការថយចុះ។

សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ធ្វើយ៉ាងណាត្រូវពង្រឹងការអប់រំឲ្យស្ត្រីបានបន្តការសិក្សាឲ្យបានខ្ពស់។ សម្ដេចបានផ្ដល់អនុសាសន៍ថា ត្រូវពង្រឹងអំណាចសេដ្ឋកិច្ចគួបផ្សំនឹងអំណាចចំណេះដឹង គឺត្រូវជំរុញយ៉ាងណាឲ្យស្ត្រីដែលកំពុងដឹកនាំ ក៏ដូចជាស្ត្រីដែលកំពុងសិក្សា ឲ្យបន្តជំនាញចំណេះដឹង ខាងបច្ចេកវិទ្យា ដើម្បីឲ្យគាត់អាចគ្រប់គ្រងទាន់សភាពការណ៍។

សម្ដេចតេជោ បានណែនាំឲ្យខិតខំរកវិធីយ៉ាងណាដើម្បីកាត់បន្ថយគម្លាតរវាងស្ត្រី និងបុរស យ៉ាងហោចណាស់នៅក្នុងកម្រិតថ្នាក់បរិញ្ញាបត្រ ឲ្យស្ត្រីមានការសិក្សាបានខ្ពស់ ដើម្បីដឹកនាំបានប្រសើរប្រកបដោយជោគជ័យ។ សម្ដេចតេជោ ក៏បានផ្ដល់អនុសាសន៍ផងដែរថា គួរធ្វើការសិក្សាលើស្ត្រីដែលមានទោស និងមានផ្ទៃពោះ ហើយជាពិសេសអ្នកដែលមានកូននៅជាមួយ សូមឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើការពិភាក្សាដើម្បីរៀបចំយ៉ាងណាបានសម្រួលដល់ស្ត្រីទាំងនោះ។

លោកស្រីកិត្តិបណ្ឌិត និងគណៈប្រតិភូ បានគោរពជូនពរសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមឱ្យសុខភាពល្អនិង ជន្មាយុយឺនយូរ។ កិច្ចប្រជុំបានបញ្ចប់ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត៕