ថ្ងៃនេះ ខួបលើកទី១៦ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤នេះ គឺជាខួប១៦ឆ្នាំហើយ ដែលសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា ប្រាសាទព្រះវិហារ ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៤)។

ការសម្រេចដាក់រតនសម្បត្តិរបស់កម្ពុជាទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនាសម័យប្រជុំលើកទី៣២ នៅទីក្រុងកេបិក ប្រទេសកាណាដា។ ការសម្រេចរបស់អង្គការយូណេស្កូ គឺជាជោគជ័យដ៏ធំធេងមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងបុព្វហេតុលើកតម្លៃមរតកវប្បធម៌ជាតិ និងការពារអធិបតយ្យភាពជាតិឱ្យបានគង់វង្ស សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជានាពេលនោះ បានផ្ញើលិខិតទៅអង្គការយូណេស្កូ ឆ្នាំ២០០១ ដើម្បីស្នើសុំចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។ សម្តេចតេជោ ធ្លាប់មានប្រសាសន៍ថា ការដាក់ប្រសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺធ្វើឡើងតាមផែនការដែលគ្រោងទុក ដែលជាអាទិភាព នៃគោលនយោបាយបរទេសរបស់កម្ពុជា។

មួយឆ្នាំក្រោយមកអង្គការយូណេស្កូ បានឆ្លើយតបប្រកបដោយភាពវិជ្ជមាន ក្នុងការជួយរៀបចំឯកសារសម្រាប់ដាក់បញ្ចូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក។ នៅឆ្នាំ២០០៦ គណៈកម្មការបេតិកភណ្ឌពិភពលោក បានឯកភាពទទួលយកសំណើរបស់កម្ពុជា ហើយបានបញ្ជូនក្រុមការងារជំនាញ បានមកឃើញស្ថានភាពប្រាសាទក្នុងឆ្នាំ ២០០៧។

បន្ទាប់ពីការសិក្សា និងវាយតម្លៃយ៉ាងល្អិតល្អន់រួចហើយនោះ ក្នុងកិច្ចប្រជុំលើកទី៣២ នៅទីក្រុងកេបិច ប្រទេសកាណាដា នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានសម្រេចដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។

ការដែលអង្គការយូណេស្កូ សម្រេចដាក់ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺជាជោគជ័យដ៏មហាសាលរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការធ្វើជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ បន្ទាប់ពីទាមទារសិទ្ធិ ក្នុងការគ្រប់គ្រងឡើងវិញពីប្រទេសថៃ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។

ជោគជ័យជាប្រវត្តិសាស្ត្រនេះ បាននាំមកនូវក្តីអំណរសាទរ និងក្តីរំភើបរីករាយឥតឧបមា ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកម្ពុជា រួមទាំងនៅក្រៅប្រទេសផង បាននាំគ្នាស្រែកជ័យឃោស ដុតទៀនទូងស្គ ប្រគំតន្ត្រីជាដើម។

រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ និងមានបេសកជនពិសេសដូចជាសម្តេចវិបុលបញ្ញា សុខ អាន បានខិតខំរៀបចំឯកសារ រួមនិងបែបបទជាច្រើនទៀតបំពេញតាមលក្ខខណ្ឌរបស់អង្គការយូណេស្កូ។ បន្ទាប់ពីប្រាសាទត្រូវបានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ថៃបានលើកទ័ពចូលមកឈ្លានពានទឹកដីកម្ពុជា នៅតំបន់ប្រាសាទព្រះវិហារថែមទៀត។

សម្តេចតេជោ ហ៊ុន សែន ខេមរបុត្រដែលមានចិត្តមុះមុត ក្នុងការការពារជាតិ និងទឹកដីនោះ បានប្រឹងប្រែងតស៊ូទប់ទល់ គ្រប់មធ្យោបាយទាំងមធ្យោបាយកម្លាំងប្រដាប់អាវុធ និងមធ្យោបាយច្បាប់អន្តរជាតិ រហូតការពារសម្បត្តិដ៏មានតម្លៃរបស់កម្ពុជានេះមិនឱ្យបាត់បង់នោះឡើយ។

ជោគជ័យមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា លើការតស៊ូមតិលើឆាកអន្តរជាតិនោះ គឺការទាមទារឱ្យតុលាការអន្តរជាតិទីក្រុងឡាអេ បកស្រាយឡើងវិញ នូវសាលដីកាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ ជាលទ្ធផលនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ តុលាការយុត្តិធម៌អន្តរជាតិបានយល់ស្របតាមសំណើរបស់កម្ពុជា ដោយបានដាក់ចេញនូវវិធានការបន្ទាន់ ដែលតម្រូវឱ្យភាគីទាំងពីរដកទ័ពចេញពីតំបន់គ្មានកងទ័ព បណ្តោះអាសន្នទំហំ ១៧,៣គីឡូម៉ែត្រក្រឡា ព្រមទាំងបានឯកភាព ទទួលពិនិត្យលើសំណើរបស់កម្ពុជា សូមឲ្យបកស្រាសាលដីកា ឆ្នាំ១៩៦២នេះ។

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការយុត្តិធម៌ទីក្រុងឡាអេ បានសម្រេចរក្សាសេចក្តីសម្រេចឆ្នាំ១៩៦២ ដែលប្តឹងដោយសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដោយបញ្ជាក់ថា ប្រាសាទព្រះវិហារ គឺជារបស់សម្បត្តិរបស់កម្ពុជា។ ការសម្រេចនេះ គឺជោគជ័យដ៏ធំរបស់ជាតិកម្ពុជាទាំងមូល ក្នុងការប្រឹងប្រែងរក្សាឲ្យបាន នូវទ្រព្យសម្បត្តិរបស់កម្ពុជា ដែលបន្សល់ទុកដោយដូនតា ដូចដែលសម្តេចតេជោ ហ៊ុន សែន តែងតែបង្ហាញជំហរយ៉ាងម៉ឹងម៉ាត់ថា មិនអនុញ្ញាតឲ្យនរណាមកឈ្លានពានយកទឹកដីកម្ពុជា សូម្បីតែមួយមិល្លីម៉ែត្រនោះឡើយ។

ដើម្បីអបអរសាទរចំពោះជោគជ័យដ៏ធំធេងនេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១០ ខែកក្កដា ជាទិវាជាតិ នៃការចងចាំចំពោះការដាក់ប្រាសាទព្រះវិហារ រួមនឹងប្រាសាទសំបូរព្រៃគុក ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក និងណែនាំឱ្យរៀបចំពិធីអបអរសាទរនេះ ឱ្យបានអធិកអធមថែមទៀតផង។

សូមបញ្ជាក់ថា ប្រាសាទព្រះវិហារ (Prasat Preah Vihear) ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅលើខ្នងភ្នំដងរែក (៨០០ គុណនឹង ៤០០ ម៉ែត្រការ៉េ)។ ដងភ្នំនេះមានលក្ខណៈចោទខ្លាំងពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ។

ប្រាសាទព្រះវិហារមានចម្ងាយ ៤០៥គីទ្បូមែត្រ ពីទីក្រុងភ្នំពេញ តែបើគេធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារវិញ វាមានចម្ងាយត្រឹមតែ១០៨គីឡូម៉ែត្រប៉ុណ្ណោះ ដោយធ្វើដំណើរតាមផ្លូវលេខ២១១ ទៅកាន់ស្រុកជាំក្សាន្ត។ នៅឯភ្នំដងរែកនោះមានជណ្ដើរមួយ ដែលអាចឲ្យគេឡើងទៅដល់កំពូលភ្នំ ដែលជាទីតាំងរបស់ប្រាសាទព្រះវិហារស្ថិតនៅ។

ប្រាសាទព្រះវិហារ គឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលមានឈ្មោះថា សេការីស្វារៈ មានន័យថា អំណាចនៃភ្នំ ហើយត្រូវបានសាងសង់ឡើងនៅក្នុងអំឡុងចុងសតវត្សទី៩ និងដើមសតវត្សទី១០ ដោយព្រះមហាក្សត្រ៤អង្គព្រះនាម៖ ព្រះបាទយសោវរ្ម័នទី១ (សាងសង់ក្នុងគ.ស ៨៨៩-៩១០) ព្រះបាទសូរ្យវរ្ម័នទី១(សាងសង់ក្នុងគ.ស ១០០២-១០៥០) ព្រះបាទសូរ្យវរ្ម័នទី២ (សាងសង់ក្នុងគ.ស ១១១៣-១១៥០) និងព្រះបាទជ័យវរ្ម័នទី៦ (សាងសង់ក្នុងគ.ស ១០៨០-១១០៩)។ ប្រាសាទព្រះវិហារបានប្រគល់ឲ្យប្រទេសថៃ ដោយពួកអាណានិគមបារាំងនៅក្នុងឆ្នាំ១៩៥៤ តែត្រូវទាមទារបានមកវិញ ដោយការកាត់សេចក្ដីពីតុលាការអន្តរជាតិក្រុងទ្បាអេ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ សម្តេច នរោត្តម សីហនុ។

តាមការស្រាវជ្រាវពីឯកសារប្រវត្តិសាស្រ្តខ្មែរជាច្រើន បានឲ្យដឹងថា ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងពីថ្ម ចាប់តាំងពីរជ្ជកាលព្រះបាទសុរិយវរ្ម័នទី១ ។ ព្រះបាទ សុរិយវរ្ម័នទី១ សោយរាជ្យ នៅពាក់កណ្តាលទីមួយនៃសតវត្សរ៍ទី១១ ។ ទីតាំងធ្វើប្រាសាទ ដែលស្ថិតនៅលើទីខ្ពស់ជាងគេ នោះមានកំពស់ ៦២៥ម៉ែត្រ (ឯកសារបារាំង) រឺ៦១៥ម៉ែត្រ (ឯកសារអង់គ្លេស) ។

ប្រវត្តិនៃការកសាងប្រាសាទព្រះវិហារ មាននៅលើសិលាចារឹកខ្មែរ នៅឯប្រាសាទបាពួន ក្នុងខេត្តសៀមរាប គឺកាលេខ ៥៨៣ ៖ «អ្នកដែលសរសេរសិលាចារឹកហ្នឹង ឈ្មោះហរិ វាហៈ នៅក្នុងរជ្ជកាលព្រះបាទ រាជិន្រ្ទវរ័ន្ម គ្រិស្តសករាជ ៩៤៤ ដល់ ៩៦៨។ គេសរសេរជាភាសាសំស្រ្កឹត និងជាភាសាខ្មែរ។

គេសរសេរថា មានព្រះអង្គម្ចាស់មួយអង្គព្រះនាម ឥន្រ្ទាយុទ្ធ លោកបានយកលិង្គមួយ ឈ្មោះ ស្រីសិខៈ រិស្វារៈ មកតាំងមកប្រតិស្ឋនៅទីនេះគឺប្រាសាទព្រះវិហារនេះឯង។ គេសរសេរថា ព្រះអង្គលោកខ្លាំងពូកែខ្លាំងណាស់។ លោកមានមហិទ្ធឫទ្ធិ ទៅច្បាំងជាមួយនឹងស្តេចចាម ហើយចាប់ស្តេចចាមនោះបានទៀត។

ចំពោះសេចក្តីសិលាចារឹកនេះ អ្នកប្រាជ្ញខាងប្រវត្តិសាស្ត្រគិតថា មិនមានសិលាចារឹកឯណាទៀត និយាយពីចម្បាំងទៅចាប់ស្តេចចាមនោះទេ ក៏ប៉ុន្តែស្តេចដែលលោកចាប់បាននោះ ប្រហែលជាមិនមែនជាស្តេចចាម ដែលត្រួតប្រទេសចាមទាំងមូលនោះទេ។ ប្រហែលជាស្តេចអង្គតូចមួយ ដែលត្រួតនៅនគរមួយ ដែលមានព្រំប្រទល់នៅជាប់នឹងប្រទេសខ្មែរ៕