ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន រួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៧ ក្រោម​ប្រធានបទ “ភាព​ស្អិតរ​មួ​ត និង​ការឆ្លើយតប​នៃ​អាស៊ាន”

ភ្នំពេញ៖ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៧ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី១២ -ទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២០ ក្រោម​ប្រធានបទ “ភាព​ស្អិតរ​មួ​ត និង​ការឆ្លើយតប​នៃ​អាស៊ាន” តាម​ប្រព័ន្ធ​វីដេអូ នៅ​ទីស្ដីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ក្រោម​ប្រធានបទ “ភាព​ស្អិតរ​មួ​ត និង ការឆ្លើយតប​នៃ​អាស៊ាន” កិច្ច ប្រជុំ​កំពូល​នេះ ត្រូវបាន​រៀបចំឡើង​ដោយ​ផ្តោត​ការពិភាក្សា​ទៅលើ​ផលប៉ះពាល់​ទៅលើ​វិស័យ​សុខភាព​សាធារណៈ និង​សង្គម-សេដ្ឋកិច្ច​របស់​ប្រទេស​នៅក្នុង​តំបន់ ដែល​បណ្តាលមកពី​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩, ការកំណត់​ទិសដៅ​បន្ទាប់​ក្នុងការ​ស្តារ និង​រក្សា​ស្ថិរភាព​សង្គម-សេដ្ឋកិច្ច​របស់​ប្រទេស​ជា​សមាជិក និង​តំបន់ នៅពេលដែល​វិបត្តិ​នេះ​ត្រូវ​បញ្ចប់។ កិច្ចប្រជុំ​កំពូល​នេះ ក៏​ជា​វេទិកា​ដ៏​សំខាន់ សម្រាប់​ថ្នាក់ដឹកនាំ​អាស៊ាន និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ធ្វើការ​ផ្លាស់ប្តូរ​យោបល់ និង​ផ្តល់​ជា​ធាតុ​ចូលក្នុង​ការដោះស្រាយ​លើបញ្ហាសំខាន់ៗ នៅក្នុង​តំបន់ និង​សកល ព្រមទាំង​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត លើ​ចំពោះ​គំនិត​ផ្តួចផ្តើម​ដែល​បាន​បង្កើត​ថ្មី និង​ដែលមាន​ស្រាប់ ក្នុងន័យ​ពង្រឹងស្មារតី​ពហុភាគី​និយម និង​ការរក្សាបាន​នូវ​អ​ព្យា​ក្រឹត្យ​ភាព​របស់​អាស៊ាន។

នា​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៧ ឯកឧត្តម ង្វៀន សួន​ហ្វុ​ក នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បានបង្ហាញ​ពី​គោលជំហរ​របស់​ប្រទេស​វៀតណាម ក្នុង​ការពង្រឹង​ប្រសិទ្ធភាព​ស្ថាប័ន, ការប្រយុទ្ធ​ប្រឆាំងនឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ-១៩, ការស្តារ និង​ងើប​ឡើងវិញ​នៃ​សង្គម-សេដ្ឋកិច្ច និង​បាន​អំពាវនាវ​ឱ្យ​ប្រទេស​អាស៊ាន​ទាំងអស់​ប្រក​ន់​ខ្ជាប់​នូវ​ការរក្សាបាន​នូវ​ម​ជ្ឈ​ភាព និង​សាមគ្គីភាព​របស់​អាស៊ាន ព្រម ទាំង​តុល្យភាព​របស់​អាស៊ាន នៅ​ចំពោះមុខ​ការប្រកួតប្រជែង​ភូមិ សាស្ត្រ​នយោបាយ​រវាង​មហាអំណាច​នៅក្នុង​តំបន់។

ឯកឧត្តម  តេ​ត្រូ  អ៊ែត​ហា​នូ  ហ្គេ​ប្រេ​យ៉េ​ស​ស៊ុ​ស អគ្គនាយក​នៃ​អង្គ ការ​សុខភាព​ពិភពលោក បានធ្វើ​បទ​បង្ហាញ​ខ្លី​ស្តីពី​ស្ថានភាព​ជំងឺ​កូ​វីដ-១៩ និង​បាន​បញ្ជាក់ថា ជំងឺ​កូ​វីដ-១៩ មិនទាន់មាន​ភាព​ថម​ថយ​នៅឡើយ​ទេ ដែល​នេះ​ទាមទារ​ឱ្យ​យើងទាំងអស់គ្នា​ត្រូវ​រក្សា​ការ​ប្រុង ប្រយ័ត្ន​ខ្ពស់ ព្រមទាំង​ចូលរួម​យ៉ាងសកម្ម​ជាមួយគ្នា ក្នុងការ​ស្វែងរក​នូវ​យន្តការ និង​ឧបករណ៍​ថ្មី ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​នេះ ក៏ដូចជា ការស្តារ​សង្គម-សេដ្ឋកិច្ច​ឡើងវិញ ក្រោយពី​វិបត្តិ​នៃ​ជំងឺ​នេះ៕

#អរគុណសន្តិភាព