រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​ធ្វើ​ពិធី​ត​ភ្ជាប់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មារ នាពេលឆាប់ៗខាងមុខ

ភ្នំពេញ៖ នៅ​រសៀល​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ទទួល​ស្វាគមន៍ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​រៀបចំ​ពិធី​ត​ភ្ជាប់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ស្ទឹងត្រង់-ក្រូចឆ្មារ។

ឯកឧត្តម អ៊ុន ចាន់​ដា និង ឯកឧត្តម យូ ស៊ុនឡុង បាន​ចុះ​ពិនិត្យ​ទីតាំង​រៀបចំ​ពិធី​ត​ភ្ជាប់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ស្ទឹងត្រង់-ក្រូចឆ្មារ  ដែល​រាជរដ្ឋាភិបាល​គ្រោង​នឹង​ប្រារព្ធ​ពិធី​ត​ភ្ជាប់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មា នា​ដើមខែ​ធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ឃុំ​ត្រពាំង​កក់ ស្រុក​ស្ទឹងត្រង់​ខេត្តកំពង់ចាម។

ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន អាជ្ញាធរខេត្ត​ត្បូងឃ្មុំ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​មូលដ្ឋាន និង​អ្នកពាក់ព័ន្ធ​មួយចំនួន។

ស្ពាន​នេះ​នឹងចូលរួម​ចំណែក​យ៉ាងសំខាន់ ដើម្បី​ត​ភ្ជាប់​ទំនាក់ទំនង​ការដឹកជញ្ជូន និង​ការធ្វើដំណើ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខេត្តកំពង់ចាម និង​ខេត្ត​ឃ្មុំ ដែល​រស់នៅ​យ៉ាងច្រើន​កុះករ នៅ​ត្រើយ​ខាងកើត និង​ត្រើយ​ខាងលិច​ទន្លេមេគង្គ​ឱ្យបាន​ងាយស្រួល និង​ឆាប់រហ័ស។

សូមបញ្ជាក់ថា ស្ពាន​នេះ​មាន​ប្រវែង​សរុប ១,១៣១ម៉ែត្រ និង​ទទឹង ១៣.៥០ម៉ែត្រ ជា​ប្រភេទ​ស្ពានបេតុង​សរសៃដែក បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយ​គ្រោង​ចំណាយ​ថវិកា​សរុប ៥៦.៩៩លាន​ដុល្លារ​សហរដ្ឋអាមេរិក នឹង​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ៤២ខែ៕

#អរគុណសន្តិភាព