ប៊ិះ​រឿង​ធំ! លោក​ត្រាំ ប្រុង​កម្ទេច​រោងចក្រ​នុយក្លេអ៊ែរ អ៊ីរ៉ង់ តែ​ត្រូវ​ជំនួយការ ទប់​ទាន់ ព្រោះ​ខ្លាច​ទំនាស់​រាលដាល​ធំ…

អាមេរិក៖ មន្ត្រី​សហរដ្ឋអាមេរិក បានឱ្យដឹង​កាលពី​ថ្ងៃ​ម្សិលមិញ (ទី១៦ វិច្ឆិកា) ថា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ប្រឹក្សា​ជាមួយ​អ្នកជំនួយការ​ដ៏​ជិតស្និទ្ធ​ម្នាក់ កាលពី​សប្ដាហ៍​កន្លងទៅ ពាក់ព័ន្ធ​នឹង​ជម្រើស​ក្នុងការ​វាយប្រហារ​រោងចក្រ​នុយក្លេអ៊ែរ​ធំ​មួយ​របស់​អ៊ីរ៉ង់ មុននឹង​បញ្ឈប់​គំនិត​នោះ​ទៅវិញ។

ប្រភពព័ត៌មាន បាន​អះអាងថា លោក​ត្រាំ​បាន​លើក​រឿងនេះ​ឡើង កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ វិច្ឆិកា ខណៈពេល​ប្រជុំ​រួមជាមួយ​បណ្ដា​ទីប្រឹក្សា​ផ្នែក​សន្តិសុខ ដែលមាន​ដូចជា លោក​អនុ​ប្រធានាធិបតី ម៉ៃ​ក៍ ផេ​នស៍, លោក​គ្រី​ស្តូ​ហ្វ៊ើ​រ មី​ល​លើរ រដ្ឋមន្ត្រី​ស្ដីទី​ក្រសួងការពារជាតិ និង​លោក​ឧត្ដមសេនីយ៍ឯក ម៉ាក មី​ល​លី​យ៍ ប្រធាន​គណៈ​សេនាធិការ​រួម នៃ​កងទ័ព​សហរដ្ឋអាមេរិក។

មន្ត្រី​រូបនេះ បាន​អះអាង​ពី​ទិន្នន័យ​របស់​សារព័ត៌មាន​នី​វ​យ៉​ក ថា​ម​ស៍ ដែល​បាន​រាយការណ៍​ថា ក្រុមទី​ប្រឹក្សា បាន​ព្យាយាម​បញ្ចុះបញ្ចូល​លោក​ត្រាំ មិនឱ្យ​វាយប្រហារ​ប្រទេស​អ៊ីរ៉ង់ ដោយសារតែ​ប្រថុយប្រថាន​ក្នុងការ​កើតមាន​ទំនាស់​រីក​រាលដាល កាន់តែ​ធំ​ឡើង។

ប្រភពព័ត៌មាន​បានបញ្ជាក់​ថា “លោក​ប្រធានាធិបតី សុំ​ដឹង​អំពី​ជម្រើសផ្សេងៗ ពួកគេ​ក៏បាន​រាយការណ៍​ពី​ស្ថានការណ៍​ដែល​នឹង​កើតឡើង ហើយ​ទីបំផុត លោក​ក៏​សម្រេចចិត្ត​មិន​ដំណើរ​ការបន្ត…”

ចុងក្រោយ មន្ទីរ​សេត​វិមាន ថែមទាំង​បដិសេធ​ក្នុងការ​ផ្ដល់​ការយល់ឃើញ​ពាក់ព័ន្ធ​នឹង​របាយការណ៍​នេះ​ទៀតផង។

ពេញ​មួយ​រយៈពេល ៤ឆ្នាំ​កន្លងមកនេះ គណៈ​គ្រប់គ្រង​របស់លោក​ត្រាំ បាន​ប្រើ​នយោបាយ​កៀបសង្កត់​ប្រទេស​អ៊ីរ៉ង់​យ៉ាងធ្ងន់ធ្ងរ ចាប់ផ្ដើម​ពី​ការប្រកាស​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​គ្រប់គ្រង​នុយក្លេអ៊ែរ ដែលជា​ស្នាដៃ​ការទូត​ដ៏​ល្អ​បំផុត របស់លោក​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា និង​សើរើ​ឡើងវិញ​នូវ​ទណ្ឌកម្ម​ខាង​សេដ​កិច្ច​ចំពោះ​បុគ្គល និង​ស្ថាប័នផ្សេងៗរបស់​សាធារណរដ្ឋ​អ៊ិ​ស្លាម​មួយ​នេះ​ទៀតផង។

លោក​ត្រាំ ដែល​ព្យាយាម​ជំទាស់​លទ្ធផល​ការបោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី កាលពី​ថ្ងៃទី៣ វិច្ឆិកា ដែល​នឹងត្រូវ​ផ្ទេរ​ប្រគល់​អំណាច​គ្រប់គ្រង​ទៅឱ្យ​លោក ចូ​បៃ​ដិ​ន មកពី​គណបក្ស​ដេ​ម៉ូ​ក្រេ​ត នៅ​ថ្ងៃទី២០ មករា ឆ្នាំក្រោយ។

ការពិចារណា​ជម្រើស​វាយប្រហារ​ប្រទេស​អ៊ីរ៉ង់​នេះ កើតមានឡើង​ត្រឹមតែ ១ថ្ងៃ ក្រោយពី​ការិយាល័យ​កិច្ចការ​បរមាណូ​អន្តរជាតិ(IAEA) បានលើកឡើង​នូវ​របាយការណ៍​មួយ​ថា អ៊ីរ៉ង់​បានធ្វើការ​បំ​ផ្លាស់​ទី​គ្រឿងចក្រ​បង្វិល​វត្ថុធាតុដើម​នុយក្លេអ៊ែរ ទំនើប​បំផុត ១ឈុត​ដំបូង ចូលទៅក្នុង​អគារ​ក្រោម​ដី នៅឯ​រោងចក្រ​បង្កើន​សមត្ថភាព​អ៊ុយ​រ៉ានី​ញ៉ូ​ម​ដ៏​ធំ​មួយ​របស់​ប្រទេស ដែល​នេះ គឺជា​ការ​ល្មើស​កិច្ចព្រមព្រៀង​ដែល​បានធ្វើ​រួមគ្នា​ជាមួយ ប្រទេស​មហាអំណាច​ចំនួន ៦ទៀត។

ពេលនេះ ប្រទេស​អ៊ីរ៉ង់ មាន​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​បង្កើន​សមត្ថភាព​ខ្ពស់ នៅក្នុង​ស្តុក​ប្រមាណ​ជា ២,៤តោន លើសពី​ពិតាន​ខ្ពស់បំផុត ២០២,៨គីឡូក្រាម ដែល​បានបញ្ជាក់​នៅក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ។ ក្រៅពីនេះ IAEA នៅបាន​រកឃើញ​ទៀតថា អ៊ីរ៉ង់ បាន​ផលិត​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​បង្កើន​សមត្ថភាព​ខ្ពស់​បាន ៣៣៧,៥គីឡូក្រាម ក្នុង​ត្រីមាស​បច្ចុប្បន្ន ថយចុះ​បន្តិចបន្តួច ពី ២ត្រីមាស​កន្លងទៅ ដែល​ផលិត​បាន​ច្រើនជាង ៥០០គីឡូក្រាម។

កាលពី​ខែមករា ដើមឆ្នាំ​នេះ លោក​ត្រាំ បាន​បញ្ជា​ឱ្យ​កងទ័ព​អាមេរិក បញ្ជូន​យន្តហោះ​ដ្រូ​ន​បំពាក់អាវុធ​ទៅ​ពិឃាត​លោក​ឧត្ដមសេនីយ៍ឯក កា​សេម ស៊ុ​ឡៃ​ម៉ា​នី មេបញ្ជាការ​អង្គភាព Quds របស់​អ៊ីរ៉ង់ នៅឯ​ព្រលានយន្តហោះ​ក្នុង​ទីក្រុង​ប៊ែ​ក​ឌែ​ត តែ​ក៏​មិនបាន​ដំណើរការ​អ្វីដែល​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ទំនាស់​ខ្លាំង​ជាង​នោះ​ទៀត​ដែរ និង​ថែមទាំង​ព្យាយាម​រក្សា សញ្ញា​បញ្ឈប់ “សង្គ្រាម​ដែល​គ្មាន​ថ្ងៃ​បញ្ចប់” ដោយ​ការនាំ​កង​យោធា​អាមេរិក ត្រឡប់មក​ប្រទេស​វិញ​ទៀតផង។

ទាំងអស់នេះ ការវាយប្រហារ​រោងចក្រ​នុយក្លេអ៊ែរ​ធំ​របស់​អ៊ីរ៉ង់ នៅក្នុង​ទីក្រុង Natanz នេះ អាច​នឹង​ដុត​បញ្ឆេះ​ភាព​តានតឹង​ដ៏​ធំ​មួយ​ឡើង នៅក្នុង​តំបន់​មជ្ឈិមបូព៌ា និង​ថែមទាំង​ជាការ​បន្សល់ទុក​បញ្ហា​ធ្ងន់ធ្ងរ លើ​ផ្នែក​នយោបាយ​ការបរទេស​ឱ្យ​រដ្ឋបាល​លោក​បៃ​ដិ​ន ទៀតផង៕

ប្រភព ៖ សារព័ត៌មាន​បរទេស

#អរគុណសន្តិភាព