ធនាគារ អេស៊ីលីដា ចំណេញ​ជិត ១០០លាន​ដុល្លារ ក្នុង​រយៈ ពេល៩ខែ ឆ្នាំ២០២០នេះ

ភ្នំពេញ៖ គិត​ត្រឹម​រយៈពេល៩ខែ ឆ្នាំ ២០២០ កន្លងទៅនេះ  ប្រតិបត្តិ ការ​របស់​ធនាគារ​អេស៊ីលីដា ចំណេញ​បាន​ប្រមាណ​ជិត១០០លាន​ដុល្លារ។ នេះ​បើ​យោងតាម​របាយការណ៍​ហិរញ្ញវត្ថុ របស់​ធនាគារ​អេស៊ីលីដា ដែល​បញ្ជាក់​នៅថ្ងៃនេះ។

រយៈពេល៩ខែ ឆ្នាំ២០២០នេះ ធនាគារ​ដែល​ទើប​ឈាន​ជើង​ចូល​ផ្សារភាគហ៊ុន​មួយ​នេះ ទទួលបាន​ប្រាក់ចំណេញ​ជាង៩៨លាន​ដុល្លារ បើ​ទោះ​មាន​ការរីក​រាលដាល​ជំងឺ​កូ​វីដ-១៩ក្តី។

ប្រាក់ចំណេញ​នេះ មាន​កំណើន​ជាង​រយៈពេល​ដូចគ្នា ឆ្នាំ២០១៩ ខណៈ​ឆ្នាំ២០២០ ដែលជា​ឆ្នាំ​សេដ្ឋកិច្ចកម្ពុជា​រងរបួស​ដោយ​កូ​វីដ-១៩ ក៏​ប្រាក់ចំណេញ​របស់​ធនាគា​រ​អេស៊ីលីដា រំពឹង​សម្រេចបាន​ជាង ១២០លាន​ដុល្លារ​អាមេរិក។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់លោក​ស្រី ម៉ា អមរា អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយិកា​ហិរញ្ញវត្ថុ​នៃ​ធនាគារ​អេស៊ីលីដា។

លោកស្រី ម៉ា អមរា បានបញ្ជាក់​ទៀតថា មាន​មូលហេតុធំ២ ដែល​ធ្វើ​ឲ្យ​ប្រាក់ចំណេញ​របស់​អេស៊ីលីដា រក្សាបាន​កំណើន​ទោះបី​ស្ថិតក្នុង​កាលៈទេសៈ ជួប​ការលំបាក​ដោយសារ​កូ​វីដ១៩, ទី១៖ ការសម្រួល​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា ក្នុងការ​កាត់បន្ថយ​អត្រា​ប្រាក់​បម្រុង​កាតព្វកិច្ច (RRR) ពី១២.៥%មក​ត្រឹម៧% ដែល​ធ្វើ​ធនាគារ​មានលទ្ធភាព​បង្កើន​សាច់ប្រាក់​ក្នុង​ដៃ សម្រាប់​ផ្តល់​កម្ចី​ដល់​អតិ​ថ​ជន និង​ទី២៖ ធនាគារ​បាន​កាត់បន្ថយ​ចំណាយ ប្រតិបត្តិការ​មួយចំនួន​របស់ខ្លួន ដែល​ធ្វើ​ប្រាក់ចំណេញ​រក្សាបាន​កំណើន។

លោកស្រី​បញ្ជាក់ថា «នៅ​ឆ្នាំ២០២០នេះ ទោះបី​ជួប​បញ្ហា​កូ​វីដ-១៩ក្តី ប្រាក់ចំណេញ​ធនាគារ​អេស៊ីលីដា រំពឹងថា​នឹង​កើនឡើង​ដល់​ជាង១២០លាន​ដុល្លារ​អាមេរិក លើស​ឆ្នាំ២០១៩ ដែលមាន​ជាង១១០លាន​ដុល្លារ» ។

ជាមួយគ្នានេះ បើតាម​របាយការណ៍​ហិរញ្ញវត្ថុ​របស់​អេស៊ីលីដា បាន​បញ្ជាក់ថា នៅ​រយៈពេល៩ខែ ឆ្នាំ២០២០ ធនាគារ​នេះ​ទទួលបាន​ចំណូល​ជាង៣៨០លាន​ដុល្លារ៕