អង្គការ NATO ព្រមាន លោក​ត្រាំ​ឱ្យ​ប្រយ័ត្ន ដែលសុខៗ បញ្ជា​ដក​ទាហាន​ចេញពី​អ៊ីរ៉ាក់ និង​អា​ហ្វ​ហ្គា​នី​ស្ថាន

អង្គការ NATO ព្រមាន លោក​ត្រាំ​ឱ្យ​ប្រយ័ត្ន ដែលសុខៗ បញ្ជា​ដក​ទាហាន​ចេញពី​អ៊ីរ៉ាក់ និង​អា​ហ្វ​ហ្គា​នី​ស្ថាន

បរទេស៖ ទីភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍​ពី​ក្រសែ​រិះគន់ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មេដឹកនាំ​សហរដ្ឋអាមេរិក យ៉ាង​ទូលំទូលាយ អំពី​បញ្ជា​ឱ្យ​ដក​ទាហាន​អាមេរិកាំង ចេញពី​ប្រទេស​អ៊ីរ៉ាក់ និង​អា​ហ្វ​ហ្គា​នី​ស្ថាន ឱ្យ​វិល​ត្រឡប់មក​មាតុភូមិ​វិញ​បន្ថែមទៀត​យ៉ាង​ប្រញាប់ប្រញាល់ ដែល​ធ្វើឱ្យ​កង​កម្លាំងយោធា​អាមេរិកាំង នៅក្នុង​សមរភូមិ​ទាំង២ ស្ថិតក្នុង​កម្រិត​ទាប​បំផុត ក្នុង​ជុំ ២០ឆ្នាំ​កន្លងមកនេះ។

សកម្មភាព​នេះ ធ្វើឱ្យ​ពួក​សម្ព័ន្ធមិត្ត នាំគ្នា​រិះគន់ មិន​លើកលែង សូម្បីតែ​លោក មិ​ត​ឆ៍ មែក​ខន់​នេ​ល ប្រធាន​សមាជិក​ព្រឹទ្ធសភា ខាង​សំឡេង​ភាគច្រើន មកពី​គណបក្ស​រី​ផា​ប្ល៊ី​កាន់​ដូចគ្នា​នឹង​លោក​ត្រាំ បាន​ដាស់តឿន​ឱ្យ​លោក​ប្រធានាធិបតី​ត្រាំ បញ្ឈប់​ទង្វើ​បច្ចុប្បន្ន​ជា​ប្រញាប់ ក្នុងអំឡុង​ដំណាក់កាល​ចុងក្រោយ នៃ​ការ​គ្រង​តំណែង។

លោក គ្រី​ស មី​ល​លើរ រដ្ឋមន្ត្រី​ស្ដីទី​នៃ​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក បាន​ថ្លែងថា នឹង​ដក​ទាហាន​អាមេរិកាំង​ចំនួន ២ ០០០នាក់ ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន និង ៥០០នាក់​ទៀត ចេញពី​ប្រទេស​អ៊ីរ៉ាក់ នៅ​ថ្ងៃទី១៥ មករា ឆ្នាំក្រោយ ដោយ​អាង​ថា ផែនការ​ទាំងនេះ មានមក​យូរហើយ និង​មិនមែនជា​ការសម្រេចចិត្ត​យ៉ាង​ប្រញាប់ប្រញាល់​នោះទេ។

ចំណែក​លោក យេន​ស៍ ស្តូ​ល​ធឹ​ន​ប៊ើ​ក លេខាធិការ​អង្គការ​សន្ធិសញ្ញា​ការពារ​អា​ត្ល​ង់​ទិ​ក​ខាងជើង ឬ​ណា​តូ បាន​ព្រមាន​ថា ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន អាច​នឹង​វិលត្រឡប់​ឆ្ពោះទៅរក​ឋានៈ ជា​កន្លែង​លាក់ខ្លួន​របស់​ក្រុម​ភេរវកម្ម ហើយ​សហរដ្ឋអាមេរិក​អាច​នឹង​បាត់បង់​វិវឌ្ឍនាការ​គ្រប់យ៉ាង ដែល​ខំតស៊ូ​មក​ទាំង​ប៉ុន្មាន។

ចំណែក​នៅ​អ៊ីរ៉ាក់​វិញ តំបន់ Green zone ត្រូវបាន​វាយប្រហារ​យ៉ាង​ឆាប់រហ័ស​ដោយ​កាំជ្រួច ដែល​រដ្ឋបាល​លោក​ត្រាំ​បានប្រកាស​ព័ត៌មាន​ថា គ្មាន​អ្នករងរបួស ឬ​ស្លាប់​នោះទេ តែ​អាជ្ញា​យោធា​សហរដ្ឋអាមេរិក នៅក្នុង​ទីតាំង​នោះ បាន​សម្ដែង​ក្ដីកង្វល់​ថា អាច​នឹង​កើតមាន​គ្រោះថ្នាក់​ចំពោះ​បុគ្គល​ដែល​នៅ​សេសសល់ ហើយ​សហរដ្ឋអាមេរិក អាច​នឹង​បញ្ចប់ ដោយ​ការបរាជ័យ​ក្នុង​សង្គ្រាម​ដ៏​យូរអង្វែង​មួយ​នេះ៕

ចុចអាន៖ ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក​ប្រកាស ដល់ពេល​ត្រូវ​ដក​កងទ័ព​ត្រឡប់មក​ប្រទេស​វិញ​ហើយ!

ប្រភព៖ សារព័ត៌មាន​បរទេស

#អរគុណសន្តិភាព