ធ្ងន់ធ្ងរ​មែនទែន​ហើយ!! កូរ៉េខាងត្បូង ឆ្លង​កូ​វីដ-១៩ ប្រចាំថ្ងៃ លើស ១ពាន់​នាក់ បំបែក​ស្ថិតិ ២ថ្ងៃ​ជាប់​គ្នា

កូរ៉េខាងត្បូង៖   បង្ហាញ​របាយការណ៍រ​ក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ-១៩ ប្រចាំថ្ងៃ ចំនួន ១ ០៣០នាក់ កាលពី​ថ្ងៃអាទិត្យ(ទី១៣ធ្នូ) បំបែក​ស្ថិតិ​ខ្ពស់បំផុត ២ថ្ងៃជាប់ៗគ្នា ចាប់តាំងពី​កើតមាន​ការឆ្លង​រាលដាល​នៅក្នុង​ប្រទេស ខណៈដែល​ប្រទេសមួយ​នេះ ធ្លាប់​ទទួលបាន​ជោគជ័យ​ក្នុងការ​គ្រប់គ្រង​មេរោគ​វីរុស​មរណៈ​នេះ​ក្នុងអំឡុងពេល​ឆ្លង​រាលដាលដំបូងៗ តែ​ពេលនេះ​កំពុង​ប្រឈម​នឹង​ភាព​ធ្ងន់ធ្ងរ នៃ​ការឆ្លង​រាលដាល​រលក​ទី។

ក្នុង​ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី​ទាំងនោះ មាន ១ ០០២នាក់ ជាការ​ឆ្លង​មេរោគ​កម្រិត​សហគមន៍ ធ្វើឱ្យ​ចំនួន​អ្នក​ឆ្លង​មេរោគ​សរុប កើន​ឡើងដល់​ចំនួន ៤២ ៧៦៦នាក់។ នេះ​បើតាម​ទិន្នន័យ​របស់​ទីភ្នាក់ងារ​គ្រប់គ្រង និង​ការពារ​រោគ នៃ​ប្រទេស​កូរ៉េខាងត្បូង។

លោកនាយក​រដ្ឋមន្ត្រី ឈុ​ង សេ​យុន នៃ​ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃ​សៅរ៍(ទី១២ធ្នូ) បាន​ប្រាប់ថា ការលើកកម្ពស់​ខ​កំណត់​ខាង​ការរក្សា​គម្លាត​ពីគ្នា​ខាង​សង្គម ឱ្យដល់​កម្រិត​ខ្ពស់បំផុត​នោះ ប្រហែលជា​រឿង​មួយ​ដែល​មិនអាច​ចៀសផុត​ឡើយ បើសិនជា​មេរោគ​វីរុស នៅតែ​ឆ្លង​រាលដាល​យ៉ាងធ្ងន់ធ្ងរ ហើយ​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​បំផុត​លំដាប់​ទី៤ របស់​អាស៊ី​មួយ​នេះ អាច​នឹង​ចាំបាច់​ត្រូវ​ឈានចូល​ឆ្ពោះទៅរក​ការបិទ​ទីក្រុង​ជា​លើកដំបូង ក្នុងពេលឆាប់ៗនេះ​ជាមិនខាន។

កូរ៉េខាងត្បូង បានទទួល​ការកោតសរសើរ ពី​ភាពជោគជ័យ​របស់​ពួកគេ​ក្នុងអំឡុងពេលដំបូងៗ លើ​ការគ្រប់គ្រង​វីរុស ដោយ​ប្រាសចាក​ការបិទ​ទីក្រុង និង​ពឹង​អាស្រ័យ​លើ​វិធានការ​តាមដាន​អ្នក​ប៉ះពាល់​ជិតស្និទ្ធ និង​ការពិនិត្យ​រក​មេរោគ ចាប់តាំងពី​ប្រទេសមួយ​នេះ បាន​អះអាង​រកឃើញ​អ្នក​ឆ្លង​មេរោគ​ដំបូង​គេ​កាលពី​ខែមករា ដើមឆ្នាំ។

តែ កាលពី​ថ្ងៃ​សៅរ៍(ទី១២ធ្នូ) កូរ៉េខាងត្បូង ដែល​បាន​រាយការណ៍​ពី​ការរកឃើញ​អ្នក​ឆ្លង​មេរោគ​ថ្មី ចំនួន ៩៥០នាក់ បាន​ជំរុញ​ឱ្យ​លោក​ប្រធានាធិបតី មូ​ន ជេ​អ៊ី​ន ចេញ​បញ្ជា​ឱ្យ​ប្រមូល​កម្លាំង​ប៉ូលិស ទាហាន និង​មន្ត្រី​សុខាភិបាល ដើម្បី​ធ្វើការ​ព្យាយាម​ទប់ស្កាត់ ការឆ្លង​រាលដាល​របស់​មេរោគ​វីរុស ដែល​លោក​ហៅថា ជា “ស្ថានការណ៍​អាសន្ន។

រដ្ឋបាល​កូរ៉េខាងត្បូង បាន​បង្កើន​លំដាប់​ការគ្រប់គ្រង​ខាង​សង្គម នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល និង​តំបន់​ក្បែរ​ខាង ពី​លំដាប់ ២,៥ ទៅដល់​លំដាប់ ៣ នៃ​លំដាប់​គ្រប់គ្រង​ខ្ពស់បំផុត ៥ដំណាក់កាល នោះ​គឺ​មានន័យថា នឹងមាន​បញ្ជា​ឱ្យ​ស្ថាប័ន​ការសិក្សាផ្សេងៗ ត្រូវធ្វើ​ការរៀន និង​បង្រៀន​ពី​ចម្ងាយ, អនុញ្ញាតឱ្យ​ធ្វើការ​ចំពោះតែ​ស្ថាប័ន​ណា​ដែលមាន​ភាពចាំបាច់ និង​ហាម​ប្រជាជន ជួបជុំគ្នា​លើស ១០នាក់៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព