FDA អំពាវនាវ៖ អ្នកជំងឺ​មាន​ប្រវត្តិ​កើត​ប្រតិកម្ម​ចាញ់ ក្នុង​អាមេរិក កុំ​ខ្លាច​ចាក់​វ៉ាក់សាំង Pfizer ខណៈ​ពេទ្យ​អង់គ្លេស​រាប់សិប​នាក់ មិន​ព្រម​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-១៩ ឱ្យ​អ្នកជំងឺ

បរទេស៖ ទីភ្នាក់ងារ​អាហារ និង​ថ្នាំ នៃ​សហរដ្ឋអាមេរិក ឬ FDA បាន​ថ្លែង​កាលពី​ថ្ងៃ​សៅរ៍(ទី១២ធ្នូ)ថា អ្នកជំងឺ​ដែលមាន​ប្រវត្តិ​ប្រតិកម្ម​ចាញ់​ថ្នាំ ឬ​អាល្លែកហ្ស៊ី នៅក្នុង​សហរដ្ឋអាមេរិក គួរតែ​ទទួលយក​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-១៩ បន្តទៀត ក្រោយពី​ប្រទេស​អង់គ្លេស បាន​រកឃើញ​មាន​មិនតិចជាង ២នាក់​ទេ ដែល​កើតមាន​ផលប៉ះពាល់​កម្រិតធ្ងន់​ធ្ង​រ​ក្រោយ​ការចាក់​វ៉ាក់សាំង​រួច ខណៈ​សារព័ត៌មាន​ក្នុងប្រទេស​អង់គ្លេស បាន​បង្ហាញថា មាន​អ្នកជំងឺ​មិនតិចជាង ១០០ ០០០នាក់​ទេ ដែល​ខកខាន​ការចាក់​វ៉ាក់សាំង ហ្វ៉ៃ​ហ្ស៊ើ​រ ដោយសារតែ​គ្រូពេទ្យ​មួយចំនួន បដិសេធ​ចូលរួម​គ្រោង​ការចាក់​វ៉ាក់សាំង​នេះ។

ទី​ភ្នា​ក់​ព័ត៌មាន​រ៉​យ​ទ័​រ បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ(ទី១៣ធ្នូ)ថា ទីភ្នាក់ងារ​អាហារ និង​ថ្នាំ នៃ​សហរដ្ឋអាមេរិក ឬ FDA  បានចេញ​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃ​សៅរ៍ បញ្ច្រាស់​គ្នា​នឹង​ប្រទេស​អង់គ្លេស ដែល​បាន​អះអាង​ទិន្នន័យ​ពី NHS ដោយសារ​ព័ត៌មាន Finacial Times ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍(ទី១០ធ្នូ) បាន​ព្រមាន​មិនឱ្យ​ទីភ្នាក់ងារ​ធានារ៉ាប់រង​សុខភាព​នៃ​ប្រទេស​អង់គ្លេស (NHS)  ចាក់​វ៉ាក់សាំង​ឱ្យ​អ្នកជំងឺ ដែល​ធ្លាប់មាន​ប្រវត្តិ​កើត​ប្រតិកម្ម​ចាញ់ តែ FDA សហរដ្ឋអាមេរិក បែរជា​ផ្ដល់​ការណែនាំ​ថា ជនជាតិ​អាមេរិកាំង ដែល​ធ្លាប់មាន​ប្រវត្តិ​កើត​ប្រតិកម្ម​ចាញ់ ឬ​អាល្លែកហ្ស៊ី ត្រូវបាន​ជឿថា មាន​សុវត្ថិភាព​គ្រប់គ្រាន់ ក្នុងការ​ទទួលយក​វ៉ាក់សាំង​កូ​វីដ-១៩ របស់​ក្រុមហ៊ុន ហ្វ៉ៃ​ហ្ស៊ើ​រ/បៃ​អូ​អេ​ន​ថេ​ក។

FDA ដែល​បានអនុម័ត​ឱ្យប្រើ​វ៉ាក់សាំង​ហ្វ៉ៃ​ហ្ស៊ើ​រ ក្នុងករណី​អាសន្ន​ជា​លើកដំបូង កាលពី​រាត្រី ថ្ងៃ​សុក្រ(ទី១១ធ្នូ) បាន​ថ្លែងថា លើកលែងតែ​អ្នក​ដែល​ធ្លាប់មាន​ប្រវត្តិ​កើត​ប្រតិកម្ម​ចាញ់​ជាមួយ​វ៉ាក់សាំង ឬ​សារធាតុ​ផ្សំ​នៅក្នុង​វ៉ាក់សាំង​ប្រភេទ​នេះ ទើប​សមល្មម​នឹង​អាច​ចៀសវាង​មិន​ចាក់​បាន។

លោក​វេជ្ជបណ្ឌិត Peter Marks អគ្គនាយក​ផ្នែក​ការអនុម័ត​វ៉ាក់សាំង​ប្រចាំ FDA បាន​ថ្លែង​នៅក្នុង​ពិធី​ថ្លែង​ព័ត៌មាន​ថា “យើង​កំពុង​ចង់​ប្រាប់ថា បើសិន​មិនមាន​ការកើត​ប្រតិកម្ម​ចាញ់​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​វ៉ាក់សាំង ឬ​សារធាតុ​ផ្សំ​មួយណា របស់​វ៉ាក់សាំង​ទេនោះ គ្រប់គ្នា គួរតែ​ត្រូវ​បានទទួល​វ៉ាក់សាំង​ការពារ​កូ​វីដ-១៩”

ហើយ​លោក​បាន​បន្ថែមទៀតថា “មាន​ប្រមាណ​តែ ១,៦% នៃ​ចំនួន​ប្រជាពលរដ្ឋ​ទាំងអស់​ប៉ុណ្ណោះ ដែល​ធ្លាប់មាន​ប្រវត្តិ​កើត​ប្រតិកម្ម​ចាញ់​អ្វី​ម្យ៉ាង ឬ​ប្រតិកម្ម​ទាស់អាហារ ឬ​ផលប៉ះពាល់​ខាង​បរិស្ថាន ហើយ​យើង​ក៏​មិន​ត្រូវការ​ឃើញ​មាន​មនុស្ស​ចំនួន​ដ៏​ច្រើន​នេះ មិនអាច​ទទួលបាន​វ៉ាក់សាំង​ដែរ”

ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ បាន​បង្ហាញថា វ៉ាក់សាំង​កូ​វីដ-១៩ អាច​និយាយបានថា ជា​វិធានការ​តែមួយគត់​របស់​សហរ​ដ្ឋ​អាមេរិក ក្នុងការ​ការពារ​ការ​ឆ្លង​រាលដាល ដែល​មកដល់ពេលនេះ ចំនួន​អ្នកស្លាប់​បាន​កើនឡើង​ជិត​ដល់ ៣០០ ០០០នាក់​ទៅហើយ។

នៅក្នុង​ប្រទេស​អង់គ្លេស បានចេញ​ការណែនាំ ចំពោះ​អ្នកជំងឺ​ដែល​ធ្លាប់មាន​ប្រវត្តិ​ប្រតិកម្ម​ថ្នាំ ឬ​អាហារ​កម្រិត​ធ្ងន់ធ្ងរ (Anaphylaxis) ជា​ប្រតិកម្ម​ចាញ់​បែប​ទាន់ហន់ ដែល​ភាគច្រើន ច្រើនតែ​កើតឡើង​ក្នុង​រយៈពេល ៥-៣០នាទី ក្រោយពី​បានទទួល​សារធាតុ​បង្ក​ប្រតិកម្ម ឬ​មិន​លើស ២ម៉ោង ក្រោយ​បានទទួល​សារធាតុ​បង្ក​ប្រតិកម្ម ប្រភេទ​ទទួលទាន អាចមាន​ភាព​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ស្លាប់បាត់​បង់ជីវិត​បាន ដោយ​មនុស្ស​ទាំងនោះ នៅក្នុង​ប្រទេស​អង់គ្លេស បានទទួល​ការណែនាំ​ឱ្យ​ចៀសវាង​ពី​ការចាក់​វ៉ាក់សាំង​ហ្វ៉ៃ​ហ្ស៊ើ​រ៍​មួយ​នេះ។

ខណៈដែល FDA របស់​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​សុក្រ(ទី១១ធ្នូ) បាន​ចេញមក​អះអាងថា ក្នុងការ​សាកល្បង​ទៅលើ​ក្រុម​អ្នកស្ម័គ្រចិត្ត ជិត ៤៤ ០០០នាក់ ក្នុងដំណាក់កាល​គ្លីនិក​វិទ្យា(ព្យាបាល) មិនបាន​រកឃើញថា មានការ​កើត​ប្រតិកម្ម​កម្រិត​ធ្ងន់ធ្ងរ​ណា​មួយ​កើតឡើង ក្រោយ​ការចាក់​វ៉ាក់សាំង​ឡើយ តែ​យ៉ាងណាក៏ដោយ រ៉​យ​ទ័​រ បានចង្អុលបង្ហាញ​ថា ក្នុងដំណាក់កាល​សាកល្បង​នោះ ហ្វ៉ៃ​ហ្ស៊ើ​រ បានជ្រើសរើស​ដកចេញ​ដោយឡែក នូវ​ក្រុម​អ្នកស្ម័គ្រចិត្ត​ណា ដែល​ធ្លាប់មាន​ប្រវត្តិ​កើត​ប្រតិកម្ម​ចាញ់​វ៉ាក់សាំង ឬ​ផ្នែក​ផ្សំ​នៅក្នុង​វ៉ាក់សាំង។

ខណៈដែល​ប្រទេស​អង់គ្លេស ជា​ប្រទេស​ដំបូង​គេ ដែល​ចាប់ផ្ដើម​ចែកចាយ​វ៉ាក់សាំង​ហ្វ៉ៃ​ហ្ស៊ើ​រ​ជូន​ប្រជាជន​កាលពី​ថ្ងៃ​អង្គារ(ទី៩ធ្នូ)នោះ សារព័ត៌មាន The Guardian របស់​អង់គ្លេស បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ(ទី១១ធ្នូ)ថា មាន​ប្រជាជន​អង់គ្លេស​ជាង ១០០ ០០០នាក់ បាន​ខកខាន​មិនបាន​ទទួល​ការចាក់​វ៉ាក់សាំង ដោយសារតែ​ក្រុមគ្រូពេទ្យ​របស់​ពួកគេ​ទាំងនោះ មិន​ព្រម​ចូលរួម​គ្រោងការ​នោះ។

ទាំងអស់នេះ គេ​បាន​រកឃើញថា មាន​គ្រូពេទ្យ​ចំនួន​ជាច្រើន​សិប​នាក់​ក្នុងប្រទេស​អង់គ្លេស បាន​បដិសេធ​ក្នុង​ការចាក់​វ៉ាក់សាំង​ហ្វ៉ៃ​ហ្ស៊ើ​រ ឱ្យ​អ្នកជំងឺ ដែល​ការណ៍​នេះ នឹងធ្វើ​ឱ្យមាន​ផល​អាក្រក់​ដល់​ការ​ចែកចាយ​ក្នុងដំណាក់កាល​ទី២ ដែល​កំពុងតែ​ជិត​ចាប់ផ្ដើម​ក្នុង​សប្ដាហ៍​នេះ។

The Guardian  បានធ្វើការ​ជំរឿន​រកឃើញ​បញ្ហា​ក្រុមគ្រូពេទ្យ​អង់គ្លេស មិន​ព្រម​សហការ​ចាក់​វ៉ាក់សាំង​កូ​វីថ-១៩ ដែល​កើតឡើង​នៅឯ មែន​វេ​ស្ទ័​រ សាស់​ស៊ែ​ក Lincolnshire យ៉​ក​សៀរ និង Thames Valley ធ្វើ

ឱ្យ​ខាង NHS ត្រូវ​រៀបចំ​ចាត់​ឱ្យ​អ្នកជំងឺ​ដែល​ជួប​បញ្ហា​ទាំងនោះ ចូលទៅ​ទទួលយក​ការចាក់​វ៉ាក់សាំង​នៅ​កន្លែង​ផ្សេង​ជំនួស​វិញ ហើយ​ខាង NHS1 ថែមទាំង​បានចេញ​ច្បាប់​ថ្មី ឱ្យ​តាមដាន​មើល​អាការ​អ្នកជំងឺ ក្រោយ​ទទួលបាន​វ៉ាក់សាំង​ហើយ ១៥នាទី​ទៀតផង ក្រោយ​រកឃើញ​មាន​អ្នក​បានទទួល​វ៉ាក់សាំង​ហើយ ២នាក់ ដែលជា​មន្ត្រី​ពេទ្យ NHS និង​ធ្លាប់មាន​ប្រវត្តិ​កើត​ប្រតិកម្ម​ចាញ់​ធ្ងន់ធ្ងរ មាន​អាការ​ប្រតិកម្ម​ចាញ់​បន្ទាប់បន្សំ​ខ្លាំង ក្រោយ​ទទួលបាន​វ៉ាក់សាំង​ហ្វ៉ៃ​ហ្ស៊ើ​រ និង​តាមរយៈ​ការរកឃើញ​ការកើត​ប្រតិកម្ម​ចាញ់​វ៉ាក់សាំង​នេះ បានធ្វើឱ្យ​គ្រូពេទ្យ​ជាច្រើន​នាក់ មិន​ព្រម​រួមសហការ ចាក់​វ៉ាក់សាំង​កូ​វីដ-១៩ ឱ្យ​អ្នកជំងឺ៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព