កើត​ចលាចល!! កម្មករ​ធ្វើបាតុកម្ម បង្កចលាចល ប្លន់ វាយកម្ទេច​រោងចក្រ iPhone ព្រោះ​ខឹង មិនបាន​ទទួល​ប្រាក់​ឈ្នួល​ពលកម្

បរទេស៖ អាជ្ញាធរ បានប្រកាស​បង្ក្រាប​ក្រុមកម្មករ ដែល​នាំគ្នា​ធ្វើបាតុកម្ម​រាតត្បាត បង្ក​អំពើហិង្សា ប្លន់ និង​វាយកម្ទេច​រោងចក្រ iPhone មួយកន្លែង ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​តៃវ៉ាន់ ស្ថិតនៅ​ភាគខាងត្បូង​របស់​ប្រទេស​ឥណ្ឌា ដោយ​អះអាងថា ពួកគេ​មិនបាន​ទទួល​ប្រាក់​ឈ្នួល​ពលកម្ម និង​ត្រូវ​រឹបអូស​យក​របស់រប​រ​របស់​ក្រុមហ៊ុន​ធ្វើជា​សំណង​នោះ ដោយ​មកដល់ពេលនេះ អាជ្ញាធរ បាន​ចាប់ឃុំខ្លួន អ្នកបង្ក​ភាពអសន្តិសុខ​នេះ បាន​ប្រមាណ​ជា ១០០នាក់​ហើយ។

ក្រុមកម្មករ បាន​បង្កចលាចល នៅឯ​រោងចក្រ​របស់​ក្រុមហ៊ុន វី​ស្ត្រូ​ន អ៊ី​ន​ហ្វ៉ូ​ខម មេ​នូ​ហ្វាក់​ឈើ​រីង ជាយ​ទីក្រុង​បេង​ហ្គា​ឡូ មជ្ឈមណ្ឌល​កណ្ដាល ខាង IT របស់​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​សៅរ៍ (ទី១២ធ្នូ)កន្លងមក ដោយបាន​បង្ហាញ ឃ្លី​ប​វីដេអូ​ហេតុការណ៍​អំពើហិង្សា នៅលើ​បណ្ដាញ​សង្គម​អន​ឡាញ ឃើញ​រូបភាព​ផ្ទាំង​កញ្ចក់ ត្រូវបាន​វាយ​បំបែក​ដោយ​ដំបង​ដែក និង​រថយន្ត​ជាច្រើន​គ្រឿង ត្រូវបាន​ក្រឡាប់​ផ្អៀង។

ក្រៅពីនេះ នៅក្នុង​ឃ្លី​ប​ដែល​ពួកគេ​បាន​ចែករំលែក នៅលើ​បណ្ដាញ​សង្គម​អន​ឡាញ​នោះ ថែមទាំង​បាន​មើលឃើញ​ពី​កាមេរ៉ា​សុវត្ថិភាព កង្ហារ និង​អំពូល​ភ្លើង ជាច្រើន​ត្រូវ​រង​ការខូចខាត និង​មាន​រថយន្ត ១គ្រឿង ត្រូវបាន​ដុតបំផ្លាញ​ចោល​ទៀតផង។

សារព័ត៌មាន​ក្នុង​តំបន់ បាន​រាយការណ៍​ថា ក្រុមកម្មករ មិនបាន​ទទួល​ប្រាក់​ឈ្នួល​ពលកម្ម​ជាង ៤ខែ​មកហើយ និង​ថែមទាំង​ត្រូវបាន​បង្ខំ​ឱ្យធ្វើ​ការ​លើស​ម៉ោង​ទៀតផង។ “ពេលនេះ​ស្ថានការណ៍ ស្ថិតក្រោម​ការគ្រប់គ្រង​បាន​ហើយ យើង​កំពុង​តែងតាំង​ក្រុមការងារ​ពិសេស​មួយ​ឡើង ដើម្បី​ស៊ើបអង្កេត​អំពី​ហេតុការណ៍​នេះ” អាជ្ញាធរ​ប៉ូលិស​ក្នុង​តំបន់ បាន​ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្នុង​ថ្ងៃអាទិត្យ(ទី១៣ធ្នូ) ព្រមទាំង​បញ្ជាក់​ផងដែរ​ថា មិនមាន​អ្នកណា​រងគ្រោះថ្នាក់​ក្នុង​ហេតុការណ៍​នោះទេ។

អភិបាលរដ្ឋ កៈរៈ​ណា​ដាកៈ បាន​ហៅ​ហេតុការណ៍​អំពើហិង្សា​គ្រានេះ​ថា “ព្រៃផ្សៃ” និង​ប្រាប់ថា រដ្ឋបាល​របស់លោក នឹង​រិះរក​វិធី​ធានារ៉ាប់រង​ថា ស្ថានការណ៍ នឹង​ធូរស្រាល​ឡើងវិញ យ៉ាង​ឆាប់រហ័ស។ លោក​បាន​សរសេរ​នៅក្នុង​ប្រព័ន្ធ​ធ្វី​ត​ធើរ កាលពី​ថ្ងៃ​សៅរ៍ ទី១២ធ្នូ ថា “យើង​នឹង​ធានាថា សិទ្ធិ​របស់​កម្មករ​គ្រប់រូប នឹង​បានទទួល​ការឃុំ​គ្រង​យ៉ាង​សមរម្យ ហើយ​ពួកគេ​នឹង​បានទទួល​ការជម្រះ​ប្រាក់​ឈ្នួល​ឱ្យ​ទាំងអស់”

ចំណែក​ខាង​ការិយាល័យ​របស់​ក្រុមហ៊ុន​វី​ស្ត្រូ​ន នៅក្នុង​តៃវ៉ាន់ បាន​ថ្លែង​អះអាង​ប្រាប់​AFP ថា “ហេតុការណ៍​នេះ​មាន​ដើមហេតុ​មកពី បុគ្គល​អនាមិក​មកពី​ខាងក្រៅ ដែល​សម្រុក​ចូលមក និង​បង្ក​ការខូចខាត​ទៅលើ​រោងចក្រ ក្នុង​ចេតនា​ដែល​មិន​ប្រាកដ​ច្បាស់” ព្រមទាំង​បញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍​ជា​ភាសា​ចិន​ថា “ខាង​ក្រុមហ៊ុន សន្យាថា នឹង​ប្រតិបត្តិ​តាមច្បាប់​ពលកម្ម​ក្នុង​តំបន់ និង​របៀប​កំណត់​ដែល​ពាក់ព័ន្ធផ្សេងៗ ដើម្បី​វិលត្រឡប់​ទៅរក​ការប្រតិបត្តិ​ការឡើង​វិញ ឱ្យបាន​លឿន​បំផុត​តាម​ដែល​អាច​ធ្វើបាន”

មេដឹកនាំ​សហជីព​កម្មករ​ក្នុង​តំបន់​ម្នាក់ បាន​ថ្លែង​អះអាងថា  មានការ​ស្វែងរក​ផលប្រយោជន៍ ដោយបាន​ធ្វើបាប​យ៉ាង​ទារុណ ទៅលើ​ក្រុម​បុគ្គលិក​របស់​រោងចក្រ ក្នុង​សភាព​បរិស្ថាន​ក្នុង​រោងចក្រ​នរក​នោះ ដែល​ផលិត iPhone របស់​ក្រុមហ៊ុន​វី​ស្ត្រូ​ន។ មេដឹកនាំ​សហជីព​រូបនោះ បាន​ថ្លែងថា “រដ្ឋបាល​របស់​រដ្ឋ បណ្ដោយឱ្យ​ក្រុមហ៊ុន​ល្មើស​សិទ្ធិ​ពលករ​កម្រិត​មូលដ្ឋាន យ៉ាងធ្ងន់ធ្ងរ”

រោងចក្រ​មួយ​នេះ មាន​បុគ្គលិក​ប្រមាណ​ជា ១៥ ០០០នាក់ តែ​ភាគច្រើន ជា​បុគ្គលិក​ដែល​ជួល​មក តាមរយៈ​ក្រុមហ៊ុន​ផ្ដល់​ការងារ​មួយទៀត។

ស្ថានការណ៍​អសន្តិសុខ​ក្នុង​វិស័យ​ពលកម្ម បានកើត​ឡើងជា​ញឹកញាប់​នៅក្នុង​ប្រទេស​ឥណ្ឌា ដោយសារតែ​កម្មករនិយោជិត​បានទទួល​តម្លៃ​ពលកម្ម​ក្នុង​កម្រិត​ទាប និង​ស្ទើរតែ​មិនបាន​ទទួល​សិទ្ធិ​ប្រយោជន៍​ផ្នែក​សុវត្ថិភាព​សង្គម​អ្វី​ទាល់តែសោះ៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន AFP

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព