សម្ដេច​ក្រឡាហោម ស ខេង ​អញ្ជើញ​ជា​អធិបតី​កិច្ចប្រជុំ​បូកសរុប​លទ្ធផលនៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្រ្ត នីតិកាល​ទី៧ ឆ្នាំ២០២៣ ខេត្តព្រៃវែង

នា​ព្រឹក​ថ្ងៃអាទិត្យ ១២រោច ខែ​ទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹង​ថ្ងៃ១៣ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្សប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្សប្រជាជន​កម្ពុជា​ចុះមូលដ្ឋាន​ខេត្តព្រៃវែង និង​បាត់ដំបង បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្រ្ត នីតិកាល​ទី៧ ឆ្នាំ២០២៣ ខេត្តព្រៃវែង នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​គណបក្ស​ខេត្តព្រៃវែង​។

កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ ជាស​មា​ជិ​ក​ព្រឹទ្ធសភា សមាជិករដ្ឋសភា ថ្នាក់ដឹកនាំ និង​សមាជិក​ក្រុមការងារ​គណបក្សប្រជាជន​កម្ពុជា​ចុះមូលដ្ឋាន​ថ្នាក់​ខេត្ត ក្រុង ស្រុក និង​ឃុំ សង្កាត់​ថ្នាក់ដឹកនាំ និង​សមាជិក​គណៈកម្មាធិការ​គណបក្សប្រជាជន​កម្ពុជា​គ្រប់​ថ្នាក់​ក្នុង​ខេត្តព្រៃវែង ព្រមទាំង​សកម្មជន ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា ក្រុមការងារ​សារ​ខា​គណបក្ស​ទូទាំង​ខេត្តព្រៃវែង​។

ក្នុង​កិច្ចប្រជុំ​នោះ ក៏​មានការ​ធ្វើ​របាយការណ៍ ស្ដីពី​សភាពការណ៍​ទូទៅ និង​លទ្ធផល នៃ​ការបោះឆ្នោត​ពីសំណាក់​ឯកឧត្តម ស្បោង សា​រ៉ាត់ ប្រធាន​គណៈកម្មាធិការ​គណបក្សប្រជាជន​កម្ពុជា ខេត្តព្រៃវែង​ផង​ដែរ​។ សម្ដេច​ក្រឡាហោម ក៏បាន​ផ្ដល់​ឱកាស​ជូន​តំណាង​គណបក្ស និង​ក្រុមការងារ​គណបក្សប្រជាជន​ក្នុង​ខេត្តព្រៃវែង ឡើង​បង្ហាញ​ចំណាប់​អារម្មណ៍ និង​ចែករំលែក​បទពិសោធន៍​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ផង​ដែរ​។
សម្ដេច​ក្រឡាហោម ស ខេង ក្នុងនាម​សម្ដេច​តេជោ ប្រធាន​គណបក្ស និង​ក្នុងនាម​គណៈ​អចិន្ត្រៃយ៍ នៃ​គណបក្សប្រជាជន​កម្ពុជា បាន​សម្ដែង​ការ​កោតសរសើរ អរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមការងារ​គណបក្ស​គ្រប់​ថ្នាក់ ក្រុមការងារ​យុវជន ក្រុមការងារ​ស្រ្តី និង​គណៈ​ចលនាមហាជន​របស់​ណ​បក្ស ព្រមទាំង​សកម្មជន​គណបក្ស​គ្រប់​មជ្ឈដ្ឋាន​ដែល​ខិតខំ​សហការ​គ្នា​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ធ្វើ​ឱ្យ​គណបក្ស​ទទួល​បាន​ជោគជ័យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្រ្ត នីតិកាល​ទី៧​។

ជាមួយគ្នា​នោះ​ដែរ សម្ដេច​ក្រឡាហោម ក៏បាន​ថ្លែងអំណរគុណ និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សមាជិក សមាជិកា​គណបក្សប្រជាជន​កម្ពុជា ព្រមទាំង​អ្នកគាំទ្រ​គណបក្សប្រជាជន​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន​ដែល​បាន​បោះឆ្នោត​ផ្ដល់​សេចក្ដីទុកចិត្ត និង​គាំទ្រ​យ៉ាង​ធំធេង​ដល់​គណបក្សប្រជាជន​កម្ពុជា ដើម្បី​បន្ត​ដឹកនាំ​អភិវឌ្ឍន៍​ប្រទេសជាតិ​ជាបន្តបន្ទាប់ ស្របតាម​មាគ៌ា​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។
សម្ដេច​ក្រឡាហោម ក៏​មានប្រសាសន៍ អំពី​ការវាយតម្លៃ​លើ​ដំណើរការ​បោះឆ្នោត, បទពិសោធន៍ នៃ​ភាព​ជោគជ័យ​ក្នុង​ការបោះឆ្នោត​នៅ​ខេត្តព្រៃវែង, បញ្ហា​ប្រឈម, សំឡេងឆ្នោត​គាំទ្រ​គណបក្ស​ដទៃ និង​ទិសដៅ​ការងារ​ដែល​ត្រូវ​អនុវត្ត​។ សម្ដេច​ក៏បាន​សង្កត់ធ្ងន់​អំពី​ការ​ផ្ដល់​ការ​គាំទ្រ​ចំពោះ​រាជរដ្ឋាភិបាល​នីតិកាល​ទី៧ និង​ខិតខំ​បន្ត​បង្កើន​កម្លាំង​គាំទ្រ​នៅ​តាម​មូលដ្ឋាន​សម្រាប់​ការបោះឆ្នោត​បន្តបន្ទាប់​ទៀត​៕